ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្ស័យ
ថា ការយកថ្ងៃទី១០ ខែកក្កដា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាចងចាំនៃការដាក់បញ្ចូលប្រាសាទនេះ និងប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកអាចជាព្រឹត្តិការណ៍ដោះដូរបញ្ហា។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្នើឲ្យប្រជាពលរដ្ឋពិចារណារឿងនេះដោយខ្លួនឯង ព្រោះព្រះអង្គជឿថា ពលរដ្ឋខ្មែរដែលមានស្វាមីភក្ដិចំពោះលោកបណ្ឌិត កែម ឡី ប្រាកដជាមិនឲ្យព្រឹត្តិការណ៍ថ្មីផ្លាស់ប្ដូរសេចក្ដីស្រលាញ់ និងការគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នោះឡើយ៖ «ញាតិញោមមេត្តាស្វែងយល់អ៊ីចេះទៅវិញ! បើញោមស្រលាញ់លោក កែម ឡី ញោមគោរពលោក កែម ឡី ចង់ព្រឹត្តិការណ៍ប៉ុន្មានរយប៉ុន្មានពាន់ ក៏ញោមមិនគាំទ្រ គឺថាជំហររបស់ញោម គឺការពារលោក កែម ឡី»។
តាមពិតប្រាសាទសម្បូរព្រៃគុក ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ប៉ុន្តែលោក ហ៊ុន សែន បានអំពាវឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមក្រសួង និងតាមភូមិនៅថ្ងៃទី១០ ខែកក្កដា ម៉ោងដប់ព្រឹក ដើម្បីអបអរសាទរការដាក់បញ្ចូលប្រាសាទនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលព្រឹកថ្ងៃទី១០ ខែកក្កដា នោះពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស កំពុងប្រារព្ធពិធីរំលឹកខួបមួយឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំមុន។
ទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសយកថ្ងៃទី១០ ខែកក្កដា ឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ជាថ្ងៃរំលឹកព្រឹត្តិការណ៍បញ្ចូលប្រាសាទសម្បូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពក៏ដោយ ក៏ឆ្នាំនេះព្រឹត្តិការណ៍សាទរនេះត្រូវបានរៀបចំធំនៅថ្ងៃទី១៧ ខែកក្កដា នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក។ ការរៀបចំនេះ គឺនៅក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខកខានមិនបានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ និងអវត្តមានក្នុងពេលប្រជុំសភា ដើម្បីអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
ក្នុងពេលថ្លែងសុន្ទរកថាក្នុងពិធីកាលពីថ្ងៃទី១៧ ខែកក្កដា នេះ លោក ហ៊ុន សែន ក៏មិនភ្លេចឆ្លៀតវាយប្រហារគណបក្សនយោបាយដែលមិនប្រកាសអបអរសាទរនៃការចុះបញ្ជីតំបន់ប្រាសាទសម្បូរព្រៃគុកនេះ៖ «មានបក្សនយោបាយជាច្រើនដែលបានបញ្ជូនសារមានការបញ្ជូនសារដោយឡែកមកកាន់ WhatsApp របស់ខ្ញុំ។ ប៉ុន្តែក៏អវត្តមាននៃបក្សនយោបាយ ឬសង្គមស៊ីវិលខ្លះ ដែលគេមិនហ៊ានទាំងនិយាយនូវអ្វីដែលជាសមិទ្ធផលរបស់ជាតិផងនោះ»។
ទោះជាលោក ហ៊ុន សែន មិននិយាយចំៗគណបក្សប្រឆាំងក៏ដោយ ក៏ចុងក្រោយគឺលោកចង់និយាយសំដៅទៅគណបក្សសង្គ្រោះជាតិ នោះឯង។ លោក ហ៊ុន សែន បន្តថា គណបក្សនយោបាយដែលមិនចេះសរសើរសមិទ្ធផលរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់លោកបែបនេះ មិនអាចដឹកនាំប្រទេសកើតទេ៖ «តើវាស័ក្ដិសមទៅជាបក្សដែលគួរកាន់អំណាច ឬដឹកនាំប្រជារាស្ត្រខ្មែរនោះទេ? នេះហើយដែលត្រូវចងចាំ! ចំណុចមិនមែនត្រង់ពូកែនិយាយទេ តែត្រូវធ្វើសកម្មភាពជាក់ស្ដែង»។
ការរិះគន់គណបក្សប្រឆាំងថា ទាល់តែចេះសរសើររដ្ឋាភិបាលទើបអាចដឹកនាំប្រទេសកើតនេះ ត្រូវបានកូនប្រុសលោក ហ៊ុន សែន ធ្លាប់លើកឡើងថ្មីៗនេះដែរ គឺកាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ នៅក្នុងរដ្ឋសភា ពេលកំពុងប្រជុំអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលហាមយករូបថត និងសំឡេង ឬសារផ្សេងៗរបស់លោក សម រង្ស៊ី មកប្រើ ដើម្បីប្រយោជន៍គណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន ម៉ានី ពេលនោះក៏សម្តែងការឈឺឆ្អាលដែលមិនឃើញគណបក្សប្រឆាំងថ្លែងសាទរចំពោះព្រឹត្តិការណ៍បែបនេះ។ លោក ហ៊ុន ម៉ានី យល់ថា នេះប្រហែលជាគណបក្សប្រឆាំងខ្លាចបាត់ប្រជាប្រិយ ទើបមិនចូលចិត្តនិយាយសរសើររដ្ឋាភិបាល៖ «ចេញពីថ្ងៃនេះ ពីយុវជន ហ៊ុន ម៉ានី មួយរូបនោះ គឺរឿងអ្វីដែលជាមោទនភាពជាតិ គួរតែចូលរួមអបអរសាទរទៅ ដូចប្រាសាទសម្បូរព្រៃគុក អីនេះ! គិតដោយវិជ្ជមានចូលរួមអបអរសាទរបន្តិចទៅ វាអត់មានប៉ះពាល់ដល់សន្លឹកឆ្នោតទេ»។
ទោះជាយ៉ាងនេះក្តី ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរសារនៅលើហ្វេសប៊ុក (Facebook) របស់លោកកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ថា ក្នុងនាមជាកូនខ្មែរ លោកមានមោទនភាពណាស់ដែលបានកើតនៅលើទឹកដីមាតុភូមិកម្ពុជា ជាទឹកដីសំបូរទៅដោយសម្បត្តិវប្បធម៌ដ៏ល្បីល្បាញ ដូចជាប្រាសាទសម្បូរព្រៃគុក ជាដើម។ លោក កឹម សុខា បានបន្តថា លោកសូមគាំទ្រទាំងស្រុងនូវការដាក់បញ្ចូលតំបន់ប្រាសាទសម្បូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
តំបន់ប្រាសាទសម្បូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO) កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាទីក្រុងក្រាកូ (Cracow) ប្រទេសប៉ូឡូញ (Poland) បន្ទាប់ពីកម្ពុជា បានស្នើអង្គការយូណេស្កូ ពិនិត្យដាក់តំបន់ប្រាសាទនេះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០៩។ បច្ចុប្បន្នកម្ពុជា មានសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ដែលត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានដូចជាតំបន់ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ចាប៉ីដងវែង ល្ខោនស្រមោលស្បែកធំ របាំព្រះរាជ្យទ្រព្យ និងចុងក្រោយនេះ គឺប្រាសាទសម្បូរព្រៃគុក នេះឯង៕
ប្រភព៖ RFA Khmer
No comments:
Post a Comment