Saturday, June 18, 2016

ទ័ព​អាកាសរបស់​រុស្ស៊ី​វាយប្រហារ​ឧទ្ទាម​គាំទ្រ​ដោយ​អាមេរិក​នៅ​ស៊ីរី បង្ក​ភាព​តានតឹង​ជា​ថ្មី

ខណៈ​ដែល​ភាព​តានតឹង​រវាង​រុស្សី និង​អង្គការ NATO មាន​ការ​កើន​ឡើង​ខ្លាំង រហូត​ដល់​ថ្នាក់​បញ្ចេញ​ទ័ព​រៀង​ៗ​ខ្លួន​ទៅ​កាន់​តំបន់​ក្បែរ​ព្រំដែន​ រុស្ស៊ី និង​ប្រទេស​អឺរ៉ុប​ខាង​កើត ភាព​តានតឹង​ក៏​កើត​មាន​ក្នុង​ប្រទេស​ស៊ីរី រវាង​រុស្ស៊ី និង​អាមេរិក​ក៏​កើត​មាន​ដែរ នោះ​គឺ​រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ផ្លូវ​អាកាស ទៅ​លើ​ក្រុម​ឧទ្ទាម​ជា​ច្រើន​នៅ​ស៊ីរី ដែល​សុទ្ធ​តែ​ជា​ឧទ្ទាម​គាំទ្រ​ដោយ​អាមេរិក ។
មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ម្នាក់ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា "សកម្មភាព ​ចុងក្រោយ​របស់​រុស្ស៊ី​នេះ នឹង​ធ្វើ​ឲ្យ​កើត​មាន​ភាព​តានតឹង​រឹង​តែ​ខ្លាំង ហើយ​ពួក​យើង​នឹង​ស្នើ​សុំ​ឲ្យ​មាន​ការ​បកស្រាយ​ពី​ភាគី​រុស្ស៊ី ថា​ហេតុអ្វី​បាន​ជា​គេ​ធ្វើ​រឿង​នេះ​ឡើង និង​ត្រូវ​បញ្ជាក់​ថា គ្មាន​សកម្មភាព​ដូចនេះ​កើត​ឡើង​ជា​លើក​ទី​២​ទេ"
កន្លង​មក​នេះ ត្បិត​តែ​អាមេរិក និង​រុស្ស៊ី​សុទ្ធ​តែ​ដាក់​ចេញ​នូវ​បេសកកម្ម​ប្រឆាំង​ក្រុម​ឧទ្ទាម ISIS ដូចគ្នា​ក៏​ពិត​មែន​ក្ដី តែ​ពួកគេ​មិន​បាន​ចាប់​ដៃ​គ្នា​សហ​ការណ៍​ទេ ព្រោះ​តែ​រុស្សី​គាំទ្រ​រដ្ឋាភិបាល Bashar al-Assad តែ​អាមេរិក​ចង់​ទម្លាក់​ប្រធានាធិបតី​រូប​នេះ​ចេញ ដូច្នេះ​ហើយ​អាមេរិក​បាន​ដឹក​នាំ​សម្ព័ន្ធ​មួយ​ក្រុម សម្រាប់​ប្រយុទ្ធ​នឹង ISIS ហើយ​ក្នុង​នោះ​ដែរ អាមេរិក​ក៏​គាំទ្រ​ដល់​ឧទ្ទាម​ក្នុង​ស្រុក​ឯទៀត ដែល​មាន​គោលដៅ​ផ្ដួល​រំលំ​របប Bashar al-Assad និង​ប្រឆាំង​ក្រុម ISIS ដែរ ។
គួរ​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​ស៊ីរី​នេះ ធ្លាប់​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​២ ប្រឈម​មុខ​ដាក់​គ្នា​ជា​ច្រើន​ដង​រួច​មក​ហើយ ព្រោះ​តែ​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង​ទាំង​២​នេះ វិះ​នឹង​ប៉ះទង្គិច​គ្នា តែ​ក្រោយ​មក​គេ​បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា ចែក​តំបន់​គ្នា​វាយប្រហារ ដើម្បី​ជៀសវាង​ករណី​ខាង​លើ​កើត​ឡើង​ទៀត ៕ 

No comments:

Post a Comment