Thursday, July 14, 2016

ប្រវត្តិ​ស្នេហា​របស់​លោក កែម ឡី និង​ភរិយា

កែម ឡី និង ភរិយា ៨៥៥
លោក កែម ឡី និង​ភរិយា ឈ្មោះ ប៊ូ រចនា ថតរូប​អនុស្សាវរីយ៍ នៅ​ឯ​ផ្ទះ​លោក​នា​ស្រុក​កំណើត ខេត្ត​តាកែវ។ Kem Ley Facebook
កាល​ពី​នៅ​មាន​ជីវិត លោក កែម ឡី បាន​រៀបរាប់​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​រវាង​លោក និង​ភរិយា ឈ្មោះ ប៊ូ រចនា ប្រាប់​លោក ជុន ច័ន្ទបុត្រ និង​ក្រុម​គ្រួសារ ក្នុង​ពេល​ជួប​គ្នា​ក្នុង​ពិធី​ញ៉ាំ​បាយ​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​មួយ។
ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​រឿង​រ៉ាវ​ស្នេហា​សង្ខេប​របស់​លោក កែម ឡី ដែល​រៀបរាប់​ដោយ​លោក ជុន ច័ន្ទបុត្រ៖
ថ្ងៃ​មួយ​កំលោះ កែម ឡី មាន​បេសកកម្ម​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ខេត្ត​ក្រចេះ។ ប៉ុន្តែ​មុន​នឹង​ទៅ​ដល់​ខេត្ត​ក្រចេះ ទូក​ត្រូវ​ចូល​ចត​នៅ​កំពង់ដ​ជំនីក សិន ដើម្បី​ដាក់​អ្នក​ដំណើរ​ដែល​ត្រូវ​ចុះ​នៅ​ស្រុក​នេះ និង​ទទួល​អ្នក​ដំណើរ​ថ្មី ដែល​ត្រូវ​ចេញ​ពី​ជំនីក ទៅ​ក្រចេះ។ នេះ​ក៏​ជា​ឱកាស​ល្អ​មួយ​សម្រាប់​អ្នក​ដំណើរ​បាន​ស្រស់ស្រូប​អាហារ ព្រោះ​ទម្រាំ​ដល់​ជំនីក ថ្ងៃ​ត្រង់​ល្មម។

គ្រាន់​តែ​ទូក​ចត​ដល់​មាត់​ច្រាំង​ភ្លាម អ្នក​លក់​បាយ​កញ្ចប់ នំនែក និង​ចំណី​អាហារ ដែល​ងាយ​កាន់​បរិភោគ នាំ​គ្នា​សម្រុក​ចុះ​ទូក​ប្រជែង​គ្នា​លក់​ទំនិញ​របស់​ខ្លួន។ ថ្វី​ដ្បិតតែ​កំលោះ កែម ឡី ចង់​ទិញ​បាយ​ដើម្បី​បំពេញ​ការ​ស្រេកឃ្លាន​ពេញ​មួយ​ព្រឹក​ទៅ​ហើយ​ក្តី លោក​បែរ​ជា​ទៅ​ទាក់​ចិត្ត​នឹង​អ្នក​លក់​ពង​ទា​ស្ងោរ​ជាង​គេ។ អ្នក​លក់​ពង​ទា​ស្ងោរ​នោះ មាន​ទឹក​មុខ​ញញឹមញញែម ឬកពាររម្យទម។ នាង​មាន​សម្បុរ​ស្រអែម សក់​ស្លូត​វែង​ប្រះ​ស្មា។ នាង​ហាក់​ទើប​ឈាន​ចូល​ដល់​វ័យ​ពេញ​រូប​ពេញ​រាង​មួយ ដែល​បង្ហាញ​នូវ​សម្រស់​ដ៏​ត្រកាល​ពី​ធម្មជាតិ​របស់​នាង។
កំលោះ កែម ឡី មិន​អាច​ដក​ភ្នែក​ចេញ​ពី​សម្រស់​ដ៏​គ្មាន​ពីរ​របស់​ក្រមុំ​លក់​ពង​ទា​ស្ងោរ​ នេះ​ទេ។ លោក​ក៏​សម្រេច​ចិត្ត​ហៅ​អ្នក​លក់​ពង​ទា​ស្ងោរ​មក​ទិញ។ តែ​បើ​ទិញ​ហើយ​អោយ​លុយ​ភ្លាម លោក​នឹង​បាត់​ឱកាស​បាន​គយគន់ និង​ជជែក​ស្វែង​យល់​ពី​នាង។ លោក​ក៏​ចាប់​ផ្ដើម​រើស​ពង​ទា​ស្ងោរ​ផង ជជែក​ពី​នេះ​ពី​នោះ​ផង។ ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​សោះ តែ​លោក​រើស​ពង​ទា​ស្ងោរ​សឹង​អស់​ពី​ថាស។ រើស​បាន​ហើយ លោក​ក៏​នៅ​មិន​ទាន់​អោយ​លុយ​នាង​ភ្លាម​ទេ លោក​នៅ​សួរ​ពី​នេះ​ពី​នោះ។ នាង​អៀន​ណាស់! នាង​មិន​ត្រូវ​ការ​សំណួរ​អី​ច្រើន​ពេក​ទេ បើ​ទិញ​ហើយ អោយ​លុយ​មក​ដើម្បី​នាង​បាន​ទៅ​លក់​ទៀត។ តែ​នាង​រក្សា​ការ​គួរ​សម​រហូត។
អ្នក​ដំណើរ​ដែល​ត្រូវ​ចុះ​នៅ​ជំនីក ក៏​ចុះ​អស់។ អ្នក​ឡើង​ថ្មី​ក៏​ឡើង​មក​បំពេញ។ អ្នក​ដំណើរ​ដទៃ​ទៀត​ក៏​បាន​ទិញ​អាហារ​ថ្ងៃត្រង់​រៀងៗ​ខ្លួន។ អ្នក​លក់​ទាំង​ឡាយ​ចុះ​ពី​ទូក​វិញ​អស់​ហើយ នៅ​ឡើយ​តែ​នាង​ក្រមុំ​លក់​ពង​ទា​ស្ងោរ កំពុង​រង់ចាំ​ទទួល​លុយ​ពី​ម៉ូយ​កំលោះ ដែល​ហាក់​ដូច​ជា​កំពុង​ភ័ន្តភាំង មិន​ព្រម​ដក​លុយ​ចេញ​រួច​សង​ថ្លៃ​ពង​ទា​នាង​សោះ។
ដោយ​គិត​ថា អ្នក​លក់​ចុះ​អស់​ពី​ទូក​ហើយ តៃកុង​ទូក​ក៏​ចាប់​ផ្ដើម​បើក​ចាកចេញ​ពី​ច្រាំង​ទៅ។ ប្រឈម​មុខ​នឹង​ស្ថានភាព​នេះ លែង​នៅ​ចង់​បាន​លុយ​ទៀត​ហើយ នាង​ប្រញាប់ប្រញាល់​ស្ទុះ​សំដៅ​ទ្វារ​ចេញ រួច​លោត​ចូល​ក្នុង​ទឹក​ប្រូង ហែល​សំដៅ​ទៅ​មាត់​ច្រាំង​វិញ ចោល​ថាស​ពង​ទា និង​លុយ​ដែល​មិន​ទាន់​ទារ​បាន​នៅ​ឡើយ។
មក​ទល់​ពេល​នេះ​ទើប​កំលោះ កែម ឡី ភ្ញាក់​ខ្លួន​ហើយ​ស្ដាយ​ក្រោយ​ចំពោះ​ការ​ដែល​លោក​បាន​បន្ទច់បង្អាក់​ដំណើរ​ នាង​លក់​ពង​ទា​រហូត​ដល់​នាង​លោត​ចោល​ថាស​និង​លុយ។ លោក​បន្ត​សម្លឹង​មើល​នាង​ហែល​រហូត​ដល់​ច្រាំង​ឡើង​គោក​វិញ ទើប​លោក​ដក​ភ្នែក​បាន។ លោក​បន្ត​ដំណើរ​ទៅ​ខេត្ត​ក្រចេះ ដោយ​នាំ​ទាំង​ថាស​ពង​ទា​ស្ងោរ និង​វិប្បដិសារី​ទៅ​ជាមួយ​ផង។
លោក កែម ឡី បំពេញ​ការងារ​លើក​នេះ ទាំង​ចិត្ត​វិលវល់​នឹក​ភ្នក​ដល់​នាង​ក្រមុំ លក់​ពង​ទា​ស្ងោរ​ស្រុក​ក្រូចឆ្មារ មិន​ភ្លេច​មួយ​វិនាទី​ណា​ឡើយ។ ម៉្យាង​គិត​ដល់​កំហុស​ដែល​បាន​ធ្វើ​អោយ​នាង​ខកខាន​មិន​បាន​ចុះ​ទូក​ទៅ​វិញ​ បាន​ត្រឹមត្រូវ ម៉្យាង​ស្ដាយ​មិន​បាន​សួរ​ឈ្មោះ និង​ផ្ទះ​នាង​ដើម្បី​បាន​យក​ថាស និង​លុយ​ទៅ​សង​នាង​វិញ។ បួន​ប្រាំ​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​កំលោះ​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​នេះ​បញ្ចប់​ការងារ​នៅ​ខេត្ត​ ក្រចេះ លោក​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ត្រឡប់​មក​ទៅ​ភ្នំពេញ កាត់​តាម​ជំនីក ស្រុក​ក្រូចឆ្មារ ដដែល។ កំលោះ កែម ឡី សង្ឃឹម​ថា នេះ​ជា​ឱកាស​មួយ​ដែល​លោក​បាន​ជួប​នាង​លក់​ពង​ទា​ស្ងោរ​ម្ដង​ទៀត​ដើម្បី​បាន​ ប្រគល់​ថាស និង​សង​លុយ​នាង​វិញ។
គ្រាន់​តែ​ទូក​ចត​ចូល​ច្រាំង​ភ្លាម​លោក​ខំ​សម្លឹង​រក​នាង...។ អ្នក​លក់​ប្រញាប់ប្រញាល់​ប្រជែង​គ្នា​ចុះ​ទូក។ កំលោះ កែម ឡី មិន​ចាប់​អារម្មណ៍​នឹង​អ្នក​ណា​ទាំង​អស់ ភ្នែក​គាត់​រំពៃ​រក​មើល​តែ​អ្នក​លក់​ពង​ទា​ស្ងោរ​ដែល​គាត់​ជំពាក់​ទាំង​លុយ ជំពាក់​ទាំង​ចិត្ត​តែប៉ុណ្ណោះ។ អ្នក​លក់​ចុះ​មក​អស់​ហើយ ម្ដេច​ឡើយ​បាត់​តែ​នាង​មិន​ឃើញ​មក​លក់​នឹង​គេ? តិច​នាង​អស់​ចុង​អស់​ដើម ហើយ​រក​ទុន​មក​លក់​លែង​បាន? តិច​នាង​ត្រូវ​ឪពុក​ម្ដាយ​ដាក់​ទណ្ឌកម្ម​ពី​ការ​លក់​អស់​ចុង​អស់​ដើម អស់​ទាំង​ថាស ហើយ​លែង​អោយ​មក​លក់​ទៀត​ទៅ? ដួង​ចិត្ត​លោក​ច្របូកច្របល់​ណាស់! សួរ​អ្នក​លក់​ដទៃ​ទៀត ក៏​គេ​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​សំណួរ​របស់​លោក​ទេ។ ម្នាក់ៗ​គេ​គិតតែ​ពី​ខំ​លក់​ទំនិញ នឹង​អាល​ឆាប់​បាន​ចេញ​ពី​ទូក​វិញ។ គ្មាន​នរណា​ម្នាក់​យល់​ពី​ដួង​ចិត្ត​តក់ក្រហល់​របស់​លោក​សោះ។ អ្នក​លក់​ចេញ​ពី​ទូក​វិញ​ម្តង​មួយៗ​ហើយ នៅ​តែ​រក​នាង​មិន​ឃើញ​នៅ​ឡើយ។ ទូក​បញ្ឆេះ​ម៉ាស៊ីន​រៀប​បន្ត​ដំណើរ​ទៅ​ភ្នំពេញ វិញ។
លោក កែម ឡី មិន​អាច​ចាកចេញ​ពី​ទី​នេះ​ដោយ​មិន​បាន​សង​លុយ និង​ថាស និង​មិន​បាន​សុំទោស​នាង​ទេ។ ទី​បំផុត​លោក​សម្រេច​ចិត្ត​ថា ត្រូវ​តែ​ចុះ​នៅ​ទី​នេះ​សិន ដើម្បី​ស្វែង​រក​នាង។ លោក​បាន​សាកសួរ​គេ​ឯង។ នៅ​ពេល​ដែល​ស្ងប់​ពី​ការ​រវល់​លក់ ទើប​អ្នក​លក់​មាន​ឱកាស​ស្តាប់​សំណួរ​របស់​កំលោះ កែម ឡី។ គេ​បាន​ប្រាប់​លោក​ថា នាង​មិន​មាន​អ្នក​ណា​ធ្វើ​បាប​ធ្វើ​កម្ម ឬ​ក៏​ខាត​ចុង​ខាត​ដើម​អ្វី​ទេ។ ព្រឹក​នេះ​នាង​ជាប់​រៀន ទើប​នាង​ខកខាន​មិន​បាន​មក​លក់។ បាន​ឮ​ដំណឹង​នេះ កំលោះ កែម ឡី ក៏​ស្ងប់​អារម្មណ៍​ណាស់​ដែរ។ លោក​បាន​សួរ​ដឹង​ពី​ផ្ទះ​របស់​ម្ចាស់​ថាស រួច​ក៏​ស្កាត់​ទៅ​ជួប​អាណាព្យាបាល​នាង ប្រគល់​ទាំង​ថាស និង​ប្រាក់​សំណង​ដល់​ម្ដាយ​នាង។
ចាប់​ពី​ពេល​នោះ​មក លោក​ក៏​នៅ​តែ​បន្ត​ទំនាក់ទំនង​រហូត​ដល់​ចូល​ស្តី​ដណ្ដឹង​នាង​ជា​គូ​ភរិយា​រហូត​មក៕ 
2016-07-13 ដោយ ជុន ច័ន្ទបុត្រ

No comments:

Post a Comment