Sunday, November 20, 2016

ABC អូស្ដ្រាលី​សម្រេច​បិទ​កម្មវិធី​ផ្សាយ​ភាសា​ខ្មែរ, ភូមា, វៀតណាម និង​បារាំង​ដែល​ផ្សាយ​ទៅ​អាស៊ី និង​ប៉ាស៊ីហ្វិក

Faces of Radio Australia's four foreign languages being closed
បុគ្គលិក​វិទ្យុ​អូស្ដ្រាលី​ភាសា​ខ្មែរ​លោក ឃុន អាឡិច (ទី១ជួរ​លើ), ភាសា​បារាំង​អ្នក​ស្រី Caroline Lafargue (ទី២ជួរ​លើ), ភាសា​ភូមាអ្នក​ស្រី Mu Laing Thein (ទី១ជួរក្រោម), ភាសា​វៀតណាមអ្នក​ស្រី Lili Tu (ទី២ជួរក្រោម) (Credit: ABC)
ក្រោយ​ពី​បាន​បើក​បម្រើ​ការ​ងារ​ផ្ដល់​សេវាកម្ម​ព័ត៌មាន​ឯករាជ្យ​, សេរី និង​មិន​លម្អៀង​ អស់​ពេល​ច្រើន​ទសវត្សរ៍​ដល់​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ក្នុង​តំបន់​ ទី​បំផុត​កម្មវិធី​ភាសា​បរទេស​ចំនួន​៤​ដែល​ផ្សាយ​ទៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​ស្ថាប័ន​សោត​ទស្សន៍ ABC អូស្ដ្រាលី​នឹង​ត្រូវ​បិទ​ទ្វារ​លែង​ដំណើរ​ការ​តទៅ​ទៀត​ចាប់​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១៦​នេះ​ទៅ​។
ស្ថាប័ន​សោតទស្សន៍ ABC អូស្ដ្រាលី​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧ ខែ​វិច្ឆិកា​ ម្សិលមិញ​ថា កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អូស្ដ្រាលី​ជា​ភាសា​ខ្មែរ, ភាសា​ភូមា, ភាសា​វៀតណាម នឹង​ត្រូវ​បិទ​លែង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ផ្សាយ។ រីឯ​ភាសា​
បារាំង​ដែល​ផ្សាយ​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​នឹង​បិទ​ឈប់​ដំណើរ​ការ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ដោយ​សារ​តែ​នៅ​មាន​កិច្ច​ព្រម​ព្រៀង​សហការ​ជា​មួយ​ទូរទស្សន៍​បារាំង​នៅ​មាន​សុពល​ភាព​នៅ​ឡើយ​សម្រាប់​ភាសា​នេះ។
តាំង​ពី​មាន​ការ​កាត់​បន្ថយ​ថវិកា​សម្រាប់​ស្ថាប័ន​សោត​ទស្សន៍ ABC អូស្ដ្រាលី​នៅ​ឆ្នាំ​២០១៤​មក​ តាំង​ពី​ពេល​នោះ​ភាសា​ទាំង​៤​នេះ​ដែល​ផ្សាយ​ទៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​មាន​បុគ្គលិក​ធ្វើការ​តែ​ម្នាក់​គត់​ទេ​សម្រាប់​ភាសា​នីមួយៗ ហើយ​ក៏​មិន​មាន​អ្នក​យក​ព័ត៌មាន​នៅ​តាម​ប្រទេស​នីមួយៗ​ដែរ​។
ថ្នាក់​ដឹក​នាំ​ស្ថាប័ន​សោតទស្សន៍​ ABC អូស្ដ្រាលី​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ការ​ផ្ដោត​យុទ្ធ​សាស្ដ្រ​ថ្មី​លើ​សេវា​ធំៗ​ដូច​ជា​ភាសា​ចិន​កុក​ងឺ, ភាសា​ឥណ្ឌូណេស៊ី និង​ភាសា​ប៉ាពួនូវ៉ែល​ហ្គីណេ​ ទើប​ធ្វើ​ឲ្យ​មាន​ការ​សម្រេច​ចិត្ដ​ប្ដូរ​យុទ្ធ​សាស្ដ្រ​ទៅ​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​លើ​ភាសា​ធំៗ​ទាំង​នោះ ហើយ​ត្រូវ​បិទ​ភាសា​តូចៗ។
ថ្នាក់​ដឹក​នាំ​អង្គភាព ABC International ឲ្យ​ដឹង​ថា​ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​ការ​បង្កើត​កម្មវិធី​ចម្រុះ​ជា​ច្រើន​ដល់​ប្រិយមិត្ដ​អ្នក​ស្ដាប់ និង​ទស្សនា​សម្រាប់​ភាសា​ធំៗ​ទាំង​បី​ដែល​នៅ​សល់​ ដោយ​នឹង​បម្រើ​ផល​ប្រយោជន៍​ច្រើន​ទូលំទូលាយ​ដល់​ពល​រដ្ឋ​ក្នុង​តំបន់​ដែល​និយាយ​ភាសា​បី​នេះ​ជាង​ពេល​សព្វ​ថ្ងៃ​។
តាំង​ពី​ឡើង​កាន់​តំណែង​ជា​អគ្គនាយិកា​ថ្មី​នៃ​ស្ថាប័ន​សោត​ទស្សន៍​ ABC មក​ លោក​ស្រី Michelle Guthrie ដែល​ជា​ស្ដ្រី​ដំបូង​គេ​សម្រាប់​តំណែង​នេះ បាន​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​នៅ​ក្នុង​ស្ថាប័ន​នេះ​ ហើយ​ជា​លទ្ធផល​កម្មវិធីមួយ​ចំនួន​ត្រូវ​លុប​ចោល ហើយ​បុគ្គលិក​ជា​ច្រើន​ត្រូវ​ស្ថាប័ន​បញ្ឈប់​ការ​ងារ ហើយ​ក្នុង​ពេល​ដំណាល​គ្នា​ក៏​មាន​ការ​បង្កើត​ការ​ងារ​មួយ​ចំនួន​វិញ​ដែរ​សម្រាប់​កម្មវិធី​មួយ​ចំនួន​ដែល​ជា​អាទិភាព​សម្រាប់​ ABC៕
ប្រភព៖  Radio Australia-Khmer

No comments:

Post a Comment