Saturday, November 19, 2016

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ប្រកាស​ទទួល​ការ​ដាក់​ពាក្យ​សុំ​ថវិកា​សម្រាប់​គម្រោង​អភិរក្ស​វប្បធម៌

​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា។
គេហទំព័រ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា។ RFA Screenshot
ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រកាស​ទទួល​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ថវិកា​ផ្ដល់​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​រក​ប្រាក់​ចំណេញ​ពី​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ និង​ខ្នាត​តូច​របស់​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) សម្រាប់​ឆ្នាំ​២០១៧។ ការ​ទទួល​ពាក្យ​ស្នើ​សុំ​នេះ នឹង​ឈប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦។
សម្រាប់​ព័ត៌មាន​លម្អិត​ពី​ការ​ស្នើ​ពាក្យ​សុំ​មាន​ក្នុង​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក​តាម​អាសយដ្ឋាន៖ https://kh.usembassy.gov/education-culture/grant-programs/ambassadors-fund-for-cultural-preservation/
មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០ ដោយ​សភា​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណង​ជួយ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ដែល​ប្រឈម​នឹង​ការ​បាត់បង់​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។

តាំង​ពី​ឆ្នាំ​២០០១ មក ប្រទេស​កម្ពុជា បាន​ទទួល​អំណោយ​ថវិកា​ចំនួន ១៨​គម្រោង​ពី​មូលនិធិ AFCP មាន​តម្លៃ​ប្រមាណ​ជិត ៣​លាន (២,៩) ដុល្លារ​អាមេរិក។ គម្រោង​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៦ ពី​មូលនិធិ AFCP ដល់​ប្រទេស​កម្ពុជា គឺ​សម្រាប់​ចងក្រង​ឯកសារ​ស្ដីពី​ទីតាំង​មុន​សម័យ​អង្គរ​នៅ​សតវត្ស​ទី​៦ និង​ទី​៧ នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា កាល​ពី​ខែ​កញ្ញា កន្លង​ទៅ​ថ្មីៗ​នេះ៕
ដោយ អ៊ូ បាណុង 2016-11-18
ប្រភព៖  RFA Khmer

No comments:

Post a Comment