Friday, September 8, 2017

ចលនា​ពិភពលោក​ដើម្បី​សេរីភាព​យុត្តិធម៌​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១៦។ RFA/Yun Samean
ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១៦។ RFA/Yun Samean
សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស រួម​មាន​ប្រទេស​កាណាដា (Canada) បារាំង (France) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ (New Zealand) និង​នៅ​សហរដ្ឋអាមេរិក គ្រោង​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​សាលាក្រុង​ក្នុង​រដ្ឋ​រៀងៗ​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ។
សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង នៅ​ក្រុង​ម៉ុងរ៉េអាល់ (Montreal) ប្រទេស​កាណាដា អ្នកស្រី ជីវ សោភា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ស្ថានការណ៍
​បច្ចុប្បន្ន មាន​សភាព​ធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំងៗ​ឡើង រហូត​ដល់​ចុង​ក្រោយ​នេះ អាជ្ញាធរ​កម្ពុជា បាន​ចាប់​ឃុំឃាំង​លោក កឹម សុខា ចោទ​ពី​បទ​ក្បត់​ជាតិ។
អ្នកស្រី​បន្ត​ថា បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​កញ្ញា ខាងមុខ នឹង​មាន​ប្រជាពលរដ្ឋ​យ៉ាង​តិច ៥០០​នាក់​មក​ពី​សហគមន៍​ខ្មែរ​នៅ​តូរ៉ុនតូ (Toronto) អូតាវ៉ា (Ottawa) និង​មក​ពី​ទីក្រុង​ជា​ច្រើន​ទៀត មក​ចូលរួម​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា នៅ​ក្រុង​អូតាវ៉ា៖ «គោលដៅ​សំខាន់​របស់​យើង​គឺ​ទាមទារ​យុត្តិធម៌​ដើម្បី​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ យើង​ទាមទារ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដូច​យើង​ដឹង​ហើយ​ថ្មីៗ​នេះ​គេ​បិទ​កាសែត ឌឹ ខេមបូឌា ដេលី ដេញ​អង្គការ អិន.ឌី.អាយ (NDI)។ ថ្មីៗ​នេះ គឺ​ចាប់​លោក កឹម សុខា ហើយ​យើង​ទាមទារ​ឲ្យ​ដោះលែង​លោក ដោយ​គ្មាន​លក្ខខណ្ឌ និង​សកម្មជន​ផ្សេងៗ​ទៀត​ដែល​គេ​ចាប់​ដាក់​ពន្ធនាគារ...»
ចំណែក​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី និង​នៅ​ប្រទេស​បារាំង ឯ​ណោះ​វិញ ក៏​មាន​គម្រោង​រៀបចំ​បាតុកម្ម​ដ៏​ធំ ដែល​មាន​មនុស្ស​ចូលរួម​រាប់​រយ​នាក់​ផង​ដែរ នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​កញ្ញា នេះ​ដែរ។
ប្រធាន​សមាគម​សាមគ្គី​ខ្មែរ នៅ​ប្រទេស​បារាំង លោក យុន សារុន ក៏​បាន​បញ្ជាក់​ប្រាប់​ថា គោលបំណង​សំខាន់​គឺ​ស្នើ​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​គំនាប​ដល់​រដ្ឋាភិបាល​កម្ពុជា។
លោក​បន្ត​ថា អ្នកចូលរួម​ប្រមាណ​ពី ៣០០ ទៅ ៥០០​នាក់ ក៏​នឹង​ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ពី​សភាពការណ៍​តានតឹង​នៅ​កម្ពុជា៖ «សំខាន់​គឺ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​ដើម្បី​ឲ្យ​គេ​គោរព​នូវ​សន្ធិសញ្ញា​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ ដើម្បី​ឲ្យ​គេ​គោរព​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ និង​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ដោយ​សន្តិភាព សេរី និង​យុត្តិធម៌»
តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី លោក ហុង លីម ដែល​ដឹកនាំ​បាតុកម្ម​ធ្វើ​ឡើង​នៅ​មុខ​សាលាក្រុង​ស្ព្រីវែល (Springvale) ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) នៅ​ថ្ងៃ​សៅរ៍​នេះ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី មិន​អាច​នៅ​ស្ងៀម​ឡើយ ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​រំលោភ​អំណាច និង​ព្យាយាម​កម្ចាត់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដើម្បី​បន្ត​ការដឹកនាំ​របស់​ខ្លួន។
ដោយ​ឡែក​សហគមន៍​ខ្មែរ​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក នឹង​មាន​ការ​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កញ្ញា នៅ​រដ្ឋ​វ៉ាស៊ីនតុន (Washington State) និង​រដ្ឋ​កាលីហ្វ័រញ៉ា (California)។
ជំនួយ​ការ​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង នៅ​រដ្ឋ​កាលីហ្វ័រញ៉ា អ្នកស្រី ឃី វណ្ណា ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រស់​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) នឹង​ចូល​រួម​ច្រើន​កុះករ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​រំលោភ​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «យើង​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ប្រឆាំង​លោក ហ៊ុន សែន ដែល​ចាប់​លោក​ប្រធាន កឹម សុខា និង​សុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ជួយ​ដាក់​គំនាប​ឲ្យ​ដោះលែង​លោក កឹម សុខា ពីព្រោះ​គាត់​មិន​មែន​អ្នក​ក្បត់​ជាតិ​ទេ គាត់​អ្នក​ស្នេហា​ជាតិ និង​អ្នក​ប្រជាធិបតេយ្យ។ មនុស្ស​ដែល​ចូល​រួម យើង​សុំ​ច្បាប់​គេ​អ្នក​ចូល​រួម ប្រហែល​ជា ១៥០ ទៅ ២០០​នាក់ ប៉ុន្តែ​មនុស្ស​អាច​ទៅ​ច្រើន​លើស​នេះ»
​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល បាន​ឲ្យ​ដឹង​ថា សហគមន៍​ខ្មែរ​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​រួម​មាន​វីជីនៀ (Virginia) ម៉ារីលែន (Maryland) រដ្ឋ​ថេនឺស៊ី (Tennessee) រដ្ឋ​ផេនស៊ីលវីនៀ (Pennsylvania) ជាដើម នឹង​គ្រោង​មក​ជួប​ជុំ​គ្នា​តវ៉ា​នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​កញ្ញា នៅ​ខាង​មុខ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន។ លោក ទូច វិបុល ក៏​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​នៅ​តាម​បណ្ដា​រដ្ឋ​របស់​ខ្លួន​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​អ្នក​ប្រយុទ្ធ ដើម្បី​សេរីភាព គឺ​លោក សមរ ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត៕
ប្រភព៖ RFA Khmer

No comments:

Post a Comment