តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។ RFA/Rach Vingur |
លោក សុន ឆ័យ បញ្ជាក់ជំហរថា លោកមិនមានការភ័យខ្លាចចំពោះការគំរាមកំហែងណាមួយទេ ដោយសារលោកពុំបានធ្វើអ្វីខុសនោះឡើយ៖ «ខ្ញុំផ្ទាល់ មិនបានធ្វើអ្វីខុសទេ ហើយក៏មិនខ្វល់បញ្ហាការផ្សាយយ៉ាងនេះទេ។ ខ្ញុំធ្វើការបម្រើប្រទេសជាតិយូរឆ្នាំមកហើយ ឧបសគ្គ ការគំរាមកំហែង ការ
បំភិតបំភ័យចេះតែមានហូរហែ។ ដូច្នេះ ដរាបណាខ្ញុំយល់ថា ខ្ញុំមិនធ្វើអ្វីខុស ហើយខ្ញុំក៏នឹងបន្តបំពេញតួនាទីរបស់ខ្ញុំ ដែលរាស្ត្រប្រគល់ឲ្យធ្វើត្រូវមិនមានរឿងអ្វីដែលខ្ញុំគួរព្រួយបារម្ភនោះទេ»។
លោកបន្តថា ក្នុងនាមលោកជាអ្នកតំណាងរាស្ត្ររបស់បក្សប្រឆាំងមួយរូបលោកនឹងនៅតែបន្តកិច្ចការរបស់លោកក្នុងការការពារប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយគ្មានការភ័យខ្លាចទោះបីជាលោក កឹម សុខា មេដឹកនាំបក្សសង្គ្រោះជាតិ ត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ក៏ដោយ។
ការបញ្ជាក់ជំហររបស់លោក សុន ឆ័យ គឺក្រោយពីមានគណនីហ្វេសប៊ុក (Facebook) ឈ្មោះ "សីហា" ដែលគេដឹងថា ជាប្រភពស្និទ្ធនឹងរដ្ឋាភិបាល បានបញ្ចេញសាររបស់ខ្លួនតាមសេចក្ដីសន្និដ្ឋានថា មានមន្ត្រីសំខាន់ៗ មួយចំនួនរបស់បក្សប្រឆាំងកំពុងស្ថិតក្នុងបញ្ជីខ្មៅដែលត្រូវតុលាការកោះហៅបន្ត ហើយអ្នកដែលស្និទ្ធនឹងលោក កឹម សុខា អាចត្រូវចាប់ខ្លួនបន្ថែម។
មន្ត្រីទាំងនោះរួមមាន លោក ប៉ុល ហំម អនុប្រធានគណបក្ស លោក យ៉ែម បុញ្ញឫទ្ធិ លោក អ៊ូ ច័ន្ទឫទ្ធិ និងលោក សុន ឆ័យ ព្រមទាំងកូនស្រីទាំងពីររបស់លោក កឹម សុខា ជាដើម៕
ប្រភព៖ RFA Khmer
No comments:
Post a Comment