Tuesday, December 19, 2017

ពលរដ្ឋ​ថា​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​ការ​លំបាក

ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) [ឆ្វេង] ថ្លែង​នៅ​ក្នុង​កម្មវិធី​អបអរ​ខួប​ទី​២០ នៃ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​កម្ពុជា-​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Rach Vingur
ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) [ឆ្វេង] ថ្លែង​នៅ​ក្នុង​កម្មវិធី​អបអរ​ខួប​ទី​២០ នៃ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​កម្ពុជា-​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Rach Vingur
ពលរដ្ឋ​ម្ចាស់​ឆ្នោត​កំពុង​ព្រួយបារម្ភ​ថា ប្រទេស​កម្ពុជា​នឹង​ជួប​គ្រោះ​ធំ ប្រសិន​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ឈប់​អនុគ្រោះ​ពន្ធ​នាំ​ចូល​ដូច​សព្វថ្ងៃ​នេះ។ ពលរដ្ឋ​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​កម្ពុជា ចរចា​សម្របសម្រួល​ជាមួយ​ប្រទេស​មហាអំណាច និង​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដាក់ទណ្ឌកម្ម​មក​លើ​ប្រទេស​កម្ពុជា។
ស្រប​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ មិន​បង្ហាញ​ការ​ព្រួយ​បារម្ភ ចំពោះ​ការព្រមាន​ដាក់ទណ្ឌកម្ម​របស់​សហ​ភាព​អឺរ៉ុប ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​មាន​ជីវភាព​ខ្សត​ខ្សោយ កំពុង​រស់នៅ​ដោយ​ការភ័យខ្លាច។ ពួកគេ​បារម្ភ​ខ្លាច​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឯកា​
ដូច​ប្រទេស​ផ្ដាច់ការ​មួយ​ចំនួន​ដែល​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ទណ្ឌកម្ម។
ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ យល់ថា ប្រទេស​កម្ពុជា​មាន​ពលរដ្ឋ​ក្រីក្រ​ច្រើន ដូច្នេះ​បើ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​មែន​នោះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំងមូល​ជួប​វិបត្តិ។ ពលរដ្ឋ​រូប​នេះ ស្នើ​ទៅ​រដ្ឋាភិបាល​ចរចា​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដើម្បី​ជៀសវាង​ការ​ដាក់​ទណ្ឌកម្ម​នេះ។ «»
ពលរដ្ឋ​ម្នាក់ទៀត​ប្រាប់​ថា ការព្រមាន​ដាក់ទណ្ឌកម្ម​របស់​អន្តរជាតិ​មក​លើ​កម្ពុជា​នៅ​ពេល​នេះ លោក​មិនទាន់​ដឹង​ថា រឿង​នេះ​ពិត​ឬ​មិន​ពិត​នៅឡើយ​ទេ ព្រោះ​លោក​សង្កេត​ឃើញ​ថា សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល និង​សារ​ព័ត៌មាន​វាយ​ប្រហា​រដ្ឋាភិបាល​ផ្សាយ​ខុសៗ​គ្នា​ទាក់ទង​រឿង​នេះ។ យ៉ាង​ណា​ក៏ដោយ​ពលរដ្ឋ​រូប​នេះ យល់ថា សហភាព​អឺរ៉ុប​ជាទី​ផ្សារ​ដ៏​ធំ​របស់​កម្ពុជា ដូច្នេះ​លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ជជែក​ជាមួយ​សហភាព​អឺរ៉ុប​ឲ្យ​ត្រឹមត្រូវ ដើម្បី​គេច​ផុត​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប។ «»
ការ​ព្រួយបារម្ភ​របស់​ក្រុម​ពលរដ្ឋ​នៅ​ពេល​នេះ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន រង​សម្ពាធ​ពី​អន្តរជាតិ​ផ្ទួនៗ ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការ​ចោទប្រកាន់​ថា រំលោភ​សិទ្ធិ​មនុស្ស ដើរ​ខុសផ្លូវ​ប្រជាធិបតេយ្យ។ សហគមន៍​អឺរ៉ុប បាន​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ចាត់វិធានការ​ទណ្ឌកម្ម​ធ្ងន់ៗ លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ដែល​មាន​កម្មករ​ជិត​មួយ​លាន​នាក់ និង​វិស័យ​ពាណិជ្ជកម្ម​ធំៗ​ដទៃ​ទៀត ព្រមទាំង​ការ​កាត់​ផ្ដាច់​ជំនួយ​ផង​ដែរ។ លោក ហ៊ុន សែន ដែល​ធ្លាប់​ថា មិន​ខ្លាច​ការ​ដាក់​ទណ្ឌ​ពី​អន្តរជាតិ ក៏​បែរ​ស្រែក​ចង់បាន​យុត្តិធម៌​ពី​អន្តរជាតិ។ លោក​ត្អូញត្អែរ​ថា ប្រទេស​មហាអំណាច ប្រើប្រាស់​ឥទ្ធិពល​មក​លើ​ប្រទេស​តូចៗ ថា​ជា​រឿង​អយុត្តិធម៌។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ត្អូញត្អែរ​នេះ លោក ហ៊ុន សែន ថ្លែង​ឌឺឌ​ង​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​រឿង​បរទេស​បង្កក​លុយ​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ថា ទណ្ឌកម្ម​នេះ មិនបាន​ប៉ះ​ដល់​ក្បាល​របស់​លោក​ទេ។ លោក ហ៊ុន សែន ថ្លែង​ដោយ​ខ្វះ​ភាព​ទទួលខុសត្រូវ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ថា លោក​លើកទឹកចិត្ត​ឲ្យ​មានការ​បង្កក​លុយ​ថ្នាក់ដឹកនាំ​មន្ត្រី​កម្ពុជា ព្រោះ​លោក​គ្មាន​លុយ​ទុក​នៅ​ប្រទេស​ទេ។ លោក​ថា លោក​ស្អប់​ណាស់​អ្នកណា​យក​លុយ​ទៅ​ទុក​នៅ​បរទេស។ «»
ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ត្រកូល "​ហ៊ុន​" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។
ក្នុង​របាយការណ៍​មាន​ចំណងជើង​ថា "​ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា​" គ្លបល វីនេស រក​ឃើញ​ថា គ្រួសារ​ត្រកូល "​ហ៊ុន​" បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូចជា Apple, Unilever, Visa, Nestle, Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស។
ពលរដ្ឋ​ម្នាក់​រិះគន់​លោក ហ៊ុន សែន ថា ជា​អ្នកដឹកនាំ​ខ្វះ​ការទទួលខុសត្រូវ ព្រោះ​លោក ហ៊ុន សែន នៅ​ពេល​នេះ​ជួប​បញ្ហា​បែរជា​គេច​យករួចខ្លួន​ឯង​ទៅវិញ។ ពលរដ្ឋ​រូប​នេះ​យល់ថា បើ​មានការ​ដាក់​ទណ្ឌ​មែន​នោះ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក គួរ​ដាក់ទណ្ឌកម្ម​មក​លើ ដាក់​ដឹកនាំ​កំពូលៗ​តែ​ប៉ុន្មាន​នាក់​បាន​ហើយ កុំ​ដាក់ទណ្ឌកម្ម​ឲ្យ​ពលរដ្ឋ​រងគ្រោះ​អី។ «»
មុននឹង​អន្តរជាតិ​ព្រមាន​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល ហ៊ុន សែន ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ដែល​មាន​កម្មករ​ជិត​មួយ​លាន​នាក់ និង​វិស័យ​ពាណិជ្ជកម្ម​ធំៗ​ដទៃ​ទៀត ព្រមទាំង​ការ​កាត់​ផ្ដាច់​ជំនួយ​ផង​ដែរ។ បម្រាម​មិន​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​រំលាយ​គណបក្សប្រឆាំង​ចូល​ជាន់​ទឹកដី​អាមេរិក និង​ការ​កាត់​ជំនួយ​ពី គ​.​ជ​.​ប ជា​ដើម្បី​នោះ ក្រុម​ប្រទេស​មហាអំណាច បាន​រំលឹក​លោក ហ៊ុន សែន ជា​ញឹកញាប់​ថា បើ​លោក ហ៊ុន សែន ថា បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​នឹង​រង​ទុក្ខ​ជាក់​ជាមិនខាន។ ប៉ុន្តែ លោក ហ៊ុន សែន មិន​ព្រម​ស្តាប់​អ្នកណា​ទាំងអស់ រហូតដល់​ដល់​ដំណាក់កាល​ចុងក្រោយ គឺ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​អ្នក​គាំទ្រ​មួយ​ចំហៀង​ប្រទេស​ចោល មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨​ចូល​មក​ដល់។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទទួល​ស្គាល់​ថា ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា។ លោក សុខ ឥសាន ចោទ​ប្រកាន់​ថា ការព្រមាន​ដាក់ទណ្ឌកម្ម​នៅ​ពេល​នេះ គឺ​សហភាព​អឺរ៉ុប និង​អាមេរិក គឺជា​ការ​យក​កម្មករ​រោងចក្រ​មក​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ដោះដូរ​ក្រុម​ក្បត់ជាតិ​របស់​គណបក្ស​សង្គ្រោះជាតិ។ «»
ប៉ុន្តែ អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត ឡៅ ម៉ុង និយាយ​ថា អ្នក​ដែល​យក​ពលរដ្ឋ​ខ្មែរ និង​កម្មករ​ធ្វើជា​ចំណាត់​ខ្មាំង​នយោបាយ​គឺ​រដ្ឋាភិបាល​កម្ពុជា​ទៅវិញ​ទេ។ អ្នកវិភាគ​នយោបាយ​រូប​នេះ សង្កេតឃើញ​ទៀត​ថា លោក ហ៊ុន សែន ផ្ទាល់​តែ​ម្តង​នៅ​ពេល​មានការ​ព្រមាន​អន្តរជាតិ លោក​មិន​ត្រឹម​សុំ​ការ​អនុគ្រោះ​ទេ ប៉ុន្តែ​ថែមទាំង​និយាយ​ផ្គើន​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌ​មក​កម្ពុជា​ទៅវិញ។ «»
ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សរសេរ​នៅ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា លោក ហ៊ុន សែន ក្លាយ​ជា​មេដឹកនាំ​ផ្ដាច់ការ ហើយ​កម្ពុជា​នឹង​ស្ថិតនៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ ឯ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ និង​ភ័យខ្លាច។ លោក​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ដើម្បី​ស្តារ​ស្ថានការណ៍​ឡើងវិញ ត្រូវ​លុបចោល​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោះលែង​លោក កឹម សុខា អ្នកទោស​មនសិការ និង​អ្នកសារព័ត៌មាន អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើ​សកម្មភាព​ដូច​ពេល​មុន និង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​ឆ្នាំ​២០១៨។
អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ព្រមាន​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ធ្វើតាម​ការ​ទាមទារ​របស់​អន្តរជាតិ អន្តរជាតិ​នឹង​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ការ​ដាក់​សម្ពាធ ឬ​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ ក្នុង​បំណង​បង្ខំ​អោយ​លោក ហ៊ុន សែន គោរព​សិទ្ធិ​មនុស្ស និង​គោល​នយោបាយ ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ។
ក្រុម​អ្នកសេដ្ឋកិច្ច​ពន្យល់​ថា ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ទៅលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​មិន​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​លោក ហ៊ុន សែន ជា​លក្ខណៈ​បុគ្គល​ក៏​ពិតមែន ប៉ុន្តែ មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​មាន​ភាគហ៊ុន​ជំនួញ​ជាច្រើន នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។ មិន​តែ​ប៉ុណ្ណោះ កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏​នឹង​ប្រឈម​ការ​ធ្លាក់​ចុះ។
ចំណែក​វិស័យ​រោងចក្រ​កាត់ដេរ ដែល​មាន​កម្មករ​ជិត ១​លាន​នាក់ ក៏​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​ព្រងើយកន្តើយ​មិន​ធ្វើតាម​សំណូមពរ​អន្តរជាតិ ដែល​ស្នើ​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​វិញ​នោះ​ទេ៕
ប្រភព៖ RFA Khmer

No comments:

Post a Comment