Thursday, January 11, 2018

សំណុំរឿង​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​ខណៈ​មាន​ការ​ទាមទារ​លទ្ធផល​ស៊ើប​អង្កេត

អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។
អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
អស់​រយៈពេល ១៨​ខែ​ហើយ ដែល​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម គឺ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​ឆក់​យក​ជីវិត​ទាំង​កណ្ដាល​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​នាំ​ខ្លួន​មក​កាត់​ទោស​នោះ គឺ​បុគ្គល ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង។ បើ​ទោះ​បី​ជា​តុលាការ​បាន​ប្រកាស​បំបែក​សំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់ទោស​ក្តី តែ​រហូត​មក​ទល់​នឹង​ពេល​នេះ តុលាការ​មិន​បាន​បង្ហាញ​លទ្ធផល​អ្វី​បន្តិច​សោះ​ឡើយ ដែល​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​អ្នក កែម ឡី​ និយម គិត​ថា យុត្តិធម៌​នឹង​មិន​មាន​ឡើយ​សម្រាប់​ជនរងគ្រោះ។
​មក​ទល់​នឹង​ខែ​មករា ឆ្នាំ​២០១៨ នេះ បណ្ឌិត កែម ឡី បាន​បែក​កាយ​រំលាងខន្ធ​ពី​ពលរដ្ឋ​ខ្មែរ​អ្នក​
និយម​តាមដាន​ស្តាប់​ការ​វិភាគ​របស់​លោក​អំពី​បញ្ហា​សង្គម និង​នយោបាយ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ​កន្លង​ផុត​ទៅ​ហើយ ក៏ប៉ុន្តែ​អ្វី​ដែល​លោក​មិន​ទាន់​លេចចេញ​ជា​រូបរាង​នៅ​ឡើយ​នោះ គឺ​យុត្តិធម៌​សម្រាប់​រូប​លោក។
មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក កែម ឡី និយម យល់​ឃើញ​ថា យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី ក៏​ដូចជា​សម្រាប់​សកម្មជន​សង្គម​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែរ ហាក់​ស្ថិត​នៅ​ឆ្ងាយ​ដូច​ជើង​មេឃ ដោយសារ​តែ​អាជ្ញាធរ​រដ្ឋាភិបាល និង​តុលាការ​ខ្វះ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំង​នោះ។
ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ ដែល​ធ្លាប់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​បណ្ឌិត កែម ឡី កាល​លោក​នៅ​មាន​ជីវិត​នោះ បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា លោក​គ្មាន​ជំនឿ​ថា តុលាការ​នឹង​អាច​ស្វែង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី នោះ​ឡើយ ព្រោះ​លោក​សន្និដ្ឋាន​ថា តុលាការ​ខ្វះ​ភាព​ឯករាជ្យ​ក្នុង​ដំណើរ​ការ​ក្តី​ដោយសារ​រង​ឥទ្ធិពល​ពី​អ្នក​មាន​អំណាច​ដែល​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ។
លោក ហង្ស ពិទូ៖ «ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​រឿង​កង្វះ​សមត្ថភាព​ទេ ពីព្រោះ​តុលាការ​មិន​ខ្វះ​ទេ​សមត្ថភាព ហើយ​និង​លទ្ធភាព​ក្នុង​ការ​ធ្វើ​រឿង​នេះ ប៉ុន្តែ​តុលាការ​ហាក់​បី​ដូច​ជា​ទទួល​គំនាប​ពី​អ្នក​ណា​ម្នាក់ ហើយ​គាត់​ព្យាយាម​បំភ្លេច​រឿង​នេះ​​ចោល​តែម្ដង ដោយសារ​យើង​ឃើញ​កន្លង​មក មិន​ដែល​ឃើញ (តុលាការ) រំលឹក​ថា រឿង​ក្ដី​នេះ​ដល់​ណា​ដល់​ណី​ហើយ។  ខ្ញុំ​បាន​ស៊ើបសួរ​អ្នក​ពាក់ព័ន្ធ​ទៀតសោត គាត់​បាន​និយាយ​ថា តុលាការ​ប្រហែល​ជា​អាច​ចង់​បំភ្លេច​រឿង​នេះ​ចោល ហើយ​ធ្វើ​រឿង​នេះ​ឱ្យ​ស្ងប់ស្ងាត់ យូរៗ​ទៅ ប្រជាពលរដ្ឋ​នឹង​បន្ថយ​កំហឹង បាត់​កំហឹង រឿង​នេះ​ក៏​វា​ចាត់​ទុក​ជា​មោឃៈ​អ៊ីចឹង​ទៅ។ និយាយ​ឱ្យ​ចំ​​គឺ​ជា​ចេតនា​តែម្ដង​ដែល (តុលាការ) មិន​សើរើ​រឿង​នេះ​ឡើង​វិញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​បំភ្លេច»
លោក​យល់​ឃើញ​ថា សំណុំរឿង​បណ្ឌិត កែម ឡី ហាក់​ស្ងប់ស្ងាត់​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​ហេតុផល ៣​យ៉ាង គឺ​ទី​មួយ​សម្ពាធ​របស់​បក្ស​កាន់​អំណាច​ទៅ​លើ​បក្ស​ប្រឆាំង ទី​ពីរ​ការ​ប្រើ​កណ្ដាប់ដៃ​ដែក​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល និង​ទី​បី គឺ​ការ​ថយ​ចុះ​នៃ​សកម្មភាព​របស់​ក្រុម​យុវជន កែម ឡី និយម ដែល​ខ្វះ​ធនធាន​ថវិកា និង​ការ​លើក​ទឹក​ចិត្ត។
​ក៏ប៉ុន្តែ​លោក​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ស្រឡាញ់ និង​គោរព​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី នឹង​មិន​បំភ្លេច​រឿង​នេះ​ជា​ដាច់​ខាត ហើយ​និង​បន្ត​តាមដាន​ករណី​នេះ​ត​ទៅ​ទៀត៖ «កន្លង​មក​យើង​មិន​ទទួល​ស្គាល់​ទេ​ចំពោះ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ឬ​ការ​ធ្វើ​កោសល្យវិច័យ ហើយ​និង​ការ​ចេញ​សាលក្រម និយាយ​ឱ្យ​ចំ គឺ​អំពី​នីតិវិធី​របស់​តុលាការ​នេះ យើង​មិន​ទទួល​ស្គាល់​ទេ។ យើង​តែងតែ​ទាមទារ​ឱ្យ​តុលាការ​ស្វែង​រក​ជន​ដៃដល់​ដែល​នៅ​ពី​ក្រោយ អឿត អាង ហៅ ជួប សម្លាប់។ ប្រជាពលរដ្ឋ​គាត់​កំពុងតែ​ទន្ទឹង​រង់ចាំ​មើល ថា​តើ​ស្ថាប័ន​តុលាការ​នឹង​ចាត់​វិធានការ​យ៉ាង​ម៉េច? មិន​មែន​ថា ពួក​យើង​ភ្លេច​ទេ ពួក​យើង​មាន​ការ​ឈឺចាប់ ដូច្នេះ​ពួក​យើង​នៅ​តែ​ទទូច និង​នៅ​តែ​ចាំ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​មែន​ទែន»
កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧ កន្លង​ទៅ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​កាត់ទោស​ជន​ជាប់ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា ២០០ និង ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។
​តុលាការ​ក៏​បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់ ក៏ប៉ុន្តែ​ជិត​មួយ​ឆ្នាំ​មក​នេះ តុលាការ​មិន​ទាន់​បើក​ការ​ជំនុំជម្រះ ឬ​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​សំណុំរឿង​ដែល​ត្រូវ​បាន​បំបែក​នោះ​ឡើយ។
អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ដើម្បី​សាកសួរ​អំពី​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​តប​អ្វី​ឡើយ។
​ប្រធាន​គ្រប់គ្រង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) ​លោក អំ សំអាត សង្កេត​ឃើញ​ថា គ្រប់​ឃាតកម្ម​ទៅ​លើ​សកម្មជន​សង្គម​ សកម្មជន​នយោបាយ និង​អ្នក​រិះគន់​រដ្ឋាភិបាល កាល​ពី​ពេល​កន្លង​ទៅ មិន​ដែល​ឃើញ​អាជ្ញាធរ និង​តុលាការ​វែក​មុខ​ចាប់​ជន​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​មក​យក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ សមត្ថកិច្ច​តែងតែ​អះអាង​ថា ករណី​ទាំង​នោះ​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។
​លោក​យល់​ថា ការ​អះអាង​បែប​នេះ មិន​បាន​ធ្វើ​ឱ្យ​សាធារណជន​ស្ងប់ចិត្ត​នោះ​ទេ ជា​ពិសេស​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​អាជ្ញាធរ​បាន​អូស​បន្លាយ និង​ទុក​ឱ្យ​ស្ងប់ស្ងាត់​បែប​នេះ គឺ​ជា​ការ​បង្កើត​ឱ្យ​មាន​នូវ​វប្បធម៌​និទណ្ឌភាព ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា៖ «ប្រសិនបើ​មាន​ការ​កើន​ឡើង​នៃ​ឃាតកម្ម​ធំៗ​អ៊ីចឹង វា​មាន​អ្នក​គាំទ្រ ឬ​អ្នក​ដែល​និយម​ទៅ​លើ​ជនរងគ្រោះ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ហ្នឹង គាត់​មាន​ការ​ទាមទារ​ទទូច​ដើម្បី​ស្វែង​រក​យុត្តិធម៌។ ដូច្នេះ​ប្រសិនបើ​បញ្ហា​ទាំង​អស់​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ និង​ស្វែង​រក​យុត្តិធម៌​ទេ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​អ្នក​គាំទ្រ អ៊ីចឹង​គឺ​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​ក្នុង​ការ​បោះឆ្នោត​ដែរ។ បើ​យើង​គិត​លើ​បញ្ហា​សិទ្ធិមនុស្ស ប្រសិនបើ​មាន​ករណី​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់ នោះ​វា​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​មាន​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ដែល​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ដើម្បី​ការពារ​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប»
ការ​កាត់​ទោស​ទណ្ឌិត អឿត អាង ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​តុលាការ​ក្រុងភ្នំពេញ ជុំវិញ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ មិន​បាន​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ស្ងប់ចិត្ត​នោះ​ទេ ត្បិត​សំណុំ​រឿង​នេះ​នៅ​មាន​ភាព​មន្ទិល និង​ភាព​មិន​ស៊ីចង្វាក់​គ្នា​ជា​ច្រើន​ចំណុច ជាពិសេស​ជុំវិញ​រឿង​លុយ ៣​ពាន់​ដុល្លារ ដែល ជួប សម្លាប់ អះអាង​ថា បាន​ឱ្យ​បណ្ឌិត កែម ឡី ខ្ចី​នោះ។
អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ បាន​សារភាព​ប្រាប់​តុលាការ​ថា ដើមហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ គឺ​ដោយសារ​ខ្លួន​ខឹង​នឹង​បណ្ឌិត កែម ឡី ដែល​ឆបោក​លុយ ៣​ពាន់​ដុល្លារ និង​មិន​គោរព​តាម​ពាក្យ​សន្យា​សង់ផ្ទះ​ឱ្យ​ខ្លួន​នៅ​តំបន់​បឹងត្រកួន ជាប់​ព្រំដែន​ថៃ។ លុយ ៣​ពាន់​ដុល្លារ​នោះ អឿត អាង អះអាង​ថា បាន​មក​ពី​ការ​លក់​ដី​មួយ​កន្លែង​នៅ​ភូមិ​ចំការគ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ ​​ក៏ប៉ុន្តែ​ចម្លើយ​សារភាព​នេះ​ត្រូវ​បាន​រក​ឃើញ​ថា មិន​មែន​ជា​ការពិត​ឡើយ។
ក្រុម​ការងារ​អាស៊ីសេរី ដែល​បាន​ចុះ​ទៅ​សាកសួរ និង​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ភូមិ​ចំការគ អ្នក​ធ្លាប់​ស្គាល់ ជួប សម្លាប់ និង​ជាពិសេស​ក្រុម​គ្រួសារ​របស់ ជួប សម្លាប់ ផ្ទាល់ បាន​រក​ឃើញ​ថា ជន​នេះ​មិន​មាន​ប្រវត្តិ​រស់​នៅ និង​មាន​ដីធ្លី​ទ្រព្យសម្បត្តិ ឬ​កេរអាករ​អ្វី​នៅ​តំបន់​ចំការគ ជាប់​ព្រំដែន​ថៃ ឡើយ ហើយ​កាន់តែ​ជាក់ស្ដែង​ជាង​នេះ គឺ​ប្រពន្ធ​របស់ អឿត អាង ផ្ទាល់ បាន​អះអាង​ថា ប្តី​របស់​គាត់​ក្រីក្រ​ស្ទើរ​រក​បាយ​ហូប​គ្មាន និង​មិន​ដែល​មាន​លុយ​ជាប់​នឹង​ខ្លួន​ផង ដូច្នេះ​ជន​នេះ​មិន​អាច​មាន​លុយ​ឱ្យ​បណ្ឌិត កែម ឡី ខ្ចី​នោះ​ទេ។
​ដូច្នេះ​មានន័យ​ថា អំពើ​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ អាច​មាន​មូលហេតុ​ផ្សេង​នៅ​ពី​ក្រោយ​ដែល​មិន​មែន​ជា​រឿង​លុយ ៣​ពាន់​ដុល្លារ​នោះ​ទេ ដូច្នេះ​អ្វី​ដែល​សាធារណជន​ទន្ទឹង​រង់ចាំ​នោះ គឺ​ថា​តើ​ការ​ស៊ើប​អង្កេត​បន្ត​របស់​តុលាការ នឹង​អាច​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដូចជា អ្នក​លក់​កាំភ្លើង​ឱ្យ ជួប សម្លាប់ អ្នក​ទទួល​ឱ្យ ជួប សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុង​ភ្នំពេញ ឬ​អ្នក​នៅ​ពី​ក្រោយ​ខ្នង ជួប សម្លាប់ យក​មក​ផ្ដន្ទាទោស​បាន​ដែរ ឬ​យ៉ាង​ណា?
​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី គឺ​ជា​សកម្មជន​សង្គម​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជាង ១០០​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​ចាប់​ពី​ឆ្នាំ​១៩៩៣ មក​ទល់​នឹង​សព្វថ្ងៃ។ សំណុំរឿង​ទាំង​ជាង ១០០​ករណី​នេះ គ្មាន​សំណុំរឿង​ណា​ដែល​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌​ឡើយ ព្រោះ​ឃាតក​ពិត​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស ហេតុ​នេះ​ហើយ​ទើប​មន្ត្រី​សិទ្ធិមនុស្ស​យល់​ឃើញ​ថា សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ ក៏​ទំនង​ជា​គ្មាន​យុត្តិធម៌​ដែរ៕
ប្រភព៖ RFA Khmer

No comments:

Post a Comment