អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ Photo: RFA |
លោក សម រង្ស៊ី តាមរយៈបណ្តាញសង្គមទ្វីធឺ (tweeter) របស់លោក បានដាក់សំណើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពន្យារពេលបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ខាងមុខ រហូតដល់លោក និងលោក ហ៊ុន សែន អាចធានាបានថា ការបោះឆ្នោតនៅពេលខាងមុខយ៉ាងហោចណាស់ក៏អាចមានលក្ខណៈអប្បបរមាតាមស្តង់ដារអន្តរជាតិដែរ ដើម្បីជៀសវាងអំពើហិង្សា និងការមិនទទួលស្គាល់កម្ពុជា ពីសំណាក់សហគមន៍អន្តរជាតិ។
សំណើរបស់លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីលោក និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាច្រើននាក់ទៀត បានបង្កើតចលនាសង្គ្រោះជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីទាមទារការដោះលែងលោក កឹម សុខា អ្នកទោសមនសិការ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ទោះបីសហគមន៍អន្តរជាតិ រួមមាន អាមេរិក និងសហគមន៍អឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា និងផ្អាកជំនួយការបោះឆ្នោតក្តី ពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ មិនទាន់ហ៊ានងើបឡើងប្រឆាំងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ នៅឡើយទេ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ត្រូវបានទីភ្នាក់ងារ រ៉យទ័រ (Reuters) ដកស្រង់សម្ដីថា លោក សម រង្ស៊ី កំពុងបង្កើតបរិយាកាសភ័យខ្លាច។ លោកបញ្ជាក់ថា កម្ពុជាមិនចាំបាច់ពន្យារពេលនៃការបោះឆ្នោតនោះទេ។
សហរដ្ឋអាមេរិក បានគំរាមហើយថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនស្តារស្ថានភាពបច្ចុប្បន្នឲ្យវិលទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញនោះទេ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មទៅលើមន្ត្រីកម្ពុជា ណាដែលបានចូលរួមសម្លាប់លទ្ធិប្រជាធិបតេយ្យបន្ថែមទៀត៕
ប្រភព៖ RFA Khmer
No comments:
Post a Comment