Thursday, January 18, 2018

បក្ស​កាន់​អំណាច​គ្រោង​​ធ្វើ​មហាសន្និបាត​វាយ​តម្លៃ​សភាពការណ៍​នយោបាយ​៣​ថ្ងៃ

មហា​សន្និបាត​ផ្ទៃ​ក្នុង​ជា​លើក​ដំបូង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។
មហា​សន្និបាត​ផ្ទៃ​ក្នុង​ជា​លើក​ដំបូង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។ Photo: RFA
គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​មហាសន្និបាត​គណៈកម្មាធិការ​កណ្ដាល​រយៈ​ពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​១៨ ១៩ ២០ ខែ​មករា ដើម្បី​វាយ​តម្លៃ​សភាពការណ៍​នយោបាយ​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​អ្នក​វិភាគ​មើល​ឃើញ​ថា បើ​ថ្នាក់​លើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រឹង​កែទម្រង់ ប៉ុន្តែ​ថ្នាក់​ក្រោម​មិន​ប្រឹងប្រែង​ធ្វើ​តាម គណបក្ស​នេះ​នឹង​ពិបាក​ស្ដារ​ប្រជាប្រិយ​របស់​ខ្លួន​មក​វិញ​ណាស់។
​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រាប់​ពាន់​នាក់ រួម​មាន សមាជិក​គណៈ​អចិន្ត្រយ៍ សមាជិក​គណៈ​ប្រចាំការ សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​មន្ត្រី​សំខាន់ៗ​នៅ​តាម​ខេត្ត ក្រុង ស្រុក ខណ្ឌ តំណាង​ឲ្យ​សាខា​គណបក្ស​ទូទាំង​ប្រទេស នឹង​ចូល​រួម​ប្រជុំ​មហាសន្និបាត​វិសាមញ្ញ​
ប្រចាំ​ឆ្នាំ​រយៈពេល​បី​ថ្ងៃ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ប្រធាន​គណបក្ស។ មហាសន្និបាត​នេះ​ធ្វើ​នៅ​កោះ​ពេជ្រ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​អាស៊ីសេរី ដឹង​ថា មហាសន្និបាត​មាន​កម្មវិធី​សំខាន់ៗ រួម​មាន ការ​ដាក់​ទិសដៅ​ឆ្ពោះ​រក​ទៅ​ជ័យជំនះ​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​នៅ​ពេល​ខាង​មុខ និង​ការ​ដណ្ដើម​យក​ជ័យជំនះ​នៅ​ពេល​អនាគត​ត​ទៅ​ទៀត។ លោក​ថា ក្រៅ​ពី​នេះ ក៏​មាន​ការ​អាន​របាយការណ៍​បូក​សរុប​ការងារ​កន្លង​ទៅ​របស់​គណបក្ស​ផង​ដែរ៖ «»។
លោក សុខ ឥសាន បញ្ជាក់​ថា មហាសន្និបាត​នេះ មិន​មាន​ការ​ដោះដូរ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទេ គឺ​គណបក្ស​នៅ​តែ​បន្ត​ផ្ដល់​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជូន​លោក ហ៊ុន សែន ជា​ដដែល។
​ក្នុង​សារ​សំឡេង​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​ទៅ លោក ហ៊ុន សែន ប្រាប់​ទៅ​សមាជិក​របស់​លោក​ថា លោក​ព្រួយ​បារម្ភ​គណបក្ស​ត្រូវ​ពលរដ្ឋ​រំលាយ​ចោល​វិញ​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ លោក​បន្ត​ប្រាប់​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រត់​ទៅ​រស់​ក្រោម​ស្លាក​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស សម រង្ស៊ី នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​ថា មហាសន្និបាត​នោះ​ក៏​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​អូសទាញ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​សេសសល់​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ផង​ដែរ៖ «»។
លោក ហ៊ុន សែន ក៏​ទទួល​ស្គាល់​ដែរ​ថា ក្រោយ​ការ​រំលាយ​បក្ស​ប្រឆាំង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​មាន​សត្រូវ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។
​ចំណែក​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​ច្រើន ដូច្នេះ​គណបក្ស​នេះ​ត្រូវ​មាន​យុទ្ធសាស្ត្រ​ច្រើន​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​ជួប​ប្រទះ៖ «»។
លោក​បណ្ឌិត មាស នី យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​មាន​កំណែទម្រង់​ជា​ប្រព័ន្ធ​នៅ​ពេល​ថ្នាក់​លើ​ដាក់​ផែនការ​យុទ្ធសាស្ត្រ ថ្នាក់​ក្រោម​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។ មិន​ខុស​គ្នា​ពី​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត មាស នី លោក ហ៊ុន សែន ធ្លាប់​ស្ដីបន្ទោស​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ថា ជា​អ្នក​ដុត​បំផ្លាញ​សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចោល​ដោយ​ខ្លួន​ឯង ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​ចិត្ត​ងាក​ទៅ​គាំទ្រ​គណបក្ស​ប្រឆាំង​វិញ៕
ប្រភព៖​ RFA Khmer

No comments:

Post a Comment