លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រគណបក្សក្នុងទីក្រុងហ្គេតធឺស្បឺក (Gaithersburg) ក្នុងរដ្ឋម៉ារីឡែន (Maryland) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៥។ RFA/Taing Sarada |
ចំណុចសំខាន់ៗ ដែលថ្នាក់ដឹកនាំចលនាសង្គ្រោះជាតិ នឹងយកអនុវត្តទាំងនោះ ត្រូវបានលោក សម រង្ស៊ី បញ្ជាក់ថា មានទាំងការបន្តការតស៊ូមតិ លើឆាកអន្តរជាតិ ដើម្បីឲ្យប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បន្តដាក់សម្ពាធ និងទណ្ឌកម្មលើ
រដ្ឋាភិបាលលោក ហ៊ុន សែន និងធ្វើចលនាមហាជនក្នុងជួរកសិករ កម្មករ កងកម្លាំងប្រដាប់អាវុធ រួមទាំងមនុស្សនៅក្នុងជួរគណបក្សប្រជាជន ដែលមិនពេញចិត្តនឹងទង្វើរបស់លោក ហ៊ុន សែន ឲ្យក្រោកតវ៉ា ប្រឆាំងទៅនឹងការរំលោភសិទ្ធិមនុស្ស និង បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «ការងារទីមួយគឺផ្លូវនយោបាយ ផ្លូវទូតលើឆាកអន្តរជាតិ។ ការងារទីពីរ គឺក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គឺការងារទាក់ទងទៅនឹងអ្នករកស៊ី។ ដើម្បីឲ្យមានឥទ្ធិពលក្នុងឆាកនយោបាយ យើងត្រូវមានឥទ្ធិពលផ្នែកសេដ្ឋកិច្ច។ ការងារទីបី គឺការងារបំផុសបំផុលប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន ឲ្យងើបឈរ ពីព្រោះយើងបានសម្រេចថា យើងទាំងអស់គ្នា មិនអាចនៅឱបដៃបានទេ ពេលដែលគេកំពុងសម្លាប់ជាតិយើង ពេលដែល ហ៊ុន សែន កំពុងតែលក់ប្រទេសកម្ពុជាជាផ្ទាំងៗ លក់ឲ្យយួន លក់ឲ្យចិន ធ្វើបាបប្រជារាស្ត្រខ្មែរ។ យើងមិនត្រូវនៅស្ងៀម ឱនឲ្យគេជាន់ធ្វើបាប។ ត្រូវតែមានបាតុកម្មដោយសន្តិវិធី ដោយអហិង្សា ពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានកូដកម្មពីកម្មករ ដើម្បីកម្មករទាមទារឲ្យបានឡើងប្រាក់ខែ ឲ្យមានភាពថ្លៃថ្នូរ ឲ្យមានសិទ្ធសេរីភាព សហជីពអាចដំណើរការបាន។ ការងារទីបួន គឺការងារទាក់ទងនឹងកងកម្លាំងប្រដាប់អាវុធ ធ្វើចលនាក្នុងជួរកងទ័ព នឹងមានធ្វើតាមរូបភាពត្រជាក់ច្រើនបែបច្រើនយ៉ាង។ ការងារទីប្រាំ គឺចលនាក្នុងជួរគណបក្សកាន់អំណាចសព្វថ្ងៃ ពីព្រោះឥឡូវនេះ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន មានមន្ត្រី និង ថ្នាក់ដឹកនាំគណបក្ស រួមទាំងអ្នកដែលធ្លាប់គាំទ្រគណបក្សនេះជាច្រើន គេមិនសប្បាយចិត្ត គេថា ហ៊ុន សែន ធ្វើជ្រុលពេក។ ពេលនេះ ខ្ញុំអាចប្រកាស ហើយអំពាវឲ្យបងប្អូនយើងនៅក្នុងជួរគណបក្សប្រជាជន ថាកុំតាម ហ៊ុន សែន ទៀត កុំស្លាប់ដោយសារ ហ៊ុន សែន កុំសម្លាប់ជំនួស ហ៊ុន សែន មកចាប់ដៃជាមួយខ្មែរអ្នកស្នេហាជាតិ បងប្អូនអើយ កសាងជាតិជាមួយគ្នា»។
ថ្លែងនៅក្នុងពិធីប្រកាសជាផ្លូវការ ចលនាសង្គ្រោះជាតិ នៅចំពោះមុខអ្នកគាំទ្រ ប្រមាណ ៤០០ នាក់ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២៨ ខែ មករា លោក សម រង្ស៊ី អះអាងថា គោលបំណង នៃចលនាសង្គ្រោះជាតិនេះ គឺដើម្បីឲ្យមានការដោះលែង ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសមនសិការទាំងអស់ និងទាមទារឲ្យមានការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានគណបក្សសង្គ្រោះជាតិចូលរួម ដោយពេញលេញ។
លោក សម រង្ស៊ី លើកឡើងអំពីសារសំខាន់ នៃចលនាសង្គ្រោះជាតិ ដែលលោកហៅថា ជាដួងព្រលឹង ឬស្មារតីដែលមិនចាំបាច់មានរចនាសម្ព័ន្ធ ឬត្រូវចុះបញ្ជីអ្វីនោះទេ ពោលគឺអ្នកដែលមានបំណងចង់សង្គ្រោះជាតិ អាចស្ម័គ្រចិត្តចូលរួមក្នុងចលនានេះ បានគ្រប់ពេល។ លោកបានប្រដូចចលនាសង្គ្រោះជាតិនេះ ទៅនឹងរូបរាងកាយរបស់មនុស្ស ដែលទាមទារឲ្យមាន។
ទោះបីជាលោក សម រង្ស៊ី អះអាងថា ចលនាសង្គ្រោះជាតិ មិនចាំបាច់មានរចនាសម្ព័ន្ធ ឬចុះបញ្ជីស្នាមអ្វីក៏ដោយ ក៏នៅក្នុងថ្ងៃប្រកាសនោះ ឃើញមានផ្ទាំងរូបភាព និងរូបនិមិត្តសញ្ញារបស់ចលនានេះ ដែលមានរូបភពផែនដី មានរូបផែនទីប្រទេសកម្ពុជានៅចំកណ្ដាល សរសេរអក្សរដាក់ថា កម្ពុជា រួចហើយមានដៃមនុស្សទ្រពីក្រោមផែនដីទាំងមូលនេះ ដោយមានរំលេចអក្សរជុំវិញ នៅរង្វង់ខាងក្រៅ ដាក់ឈ្មោះចលនានេះ ជាភាសាខ្មែរ ពីខាងលើថា ចលនាសង្គ្រោះជាតិ និងភាសាអង់គ្លេសពីខាងក្រោមថា Cambodia National Recue Movement (CNRM)។
ក្នុងចំណោមអ្នកចូលរួម ក្នុងពិធីប្រកាសចលនាសង្គ្រោះជាតិនេះ មានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួន ដូចជាអនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង អ្នកស្រី ជូឡូង សូមូរ៉ា លោក ហូរ វ៉ាន់ លោក តុ វ៉ានចាន់ អ្នកស្រី មូរ សុខហួរ ដែលចូលរួមតាមរយៈប្រព័ន្ធ Skype និងមន្ត្រីជាន់ខ្ពស់ក្រុមទ្រទ្រង់គណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិកជាច្រើនរូបទៀត រួមទាំងតារាហ្វេសប៊ុក ដែលមាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ។
ចលនាសង្គ្រោះជាតិនេះ មានការជំទាស់ដាច់អហង្កាពីរដ្ឋាភិបាលកម្ពុជា ហើយនៅក្នុងផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ក៏មានការខ្វែងគំនិតគ្នាខ្លះដែរ។ តាំងពីមុនថ្ងៃប្រកាសជាផ្លូវការ នៃចលនានេះមកម្ល៉េះ រដ្ឋាភិបាលកម្ពុជា បញ្ចេញប្រតិកម្មធ្ងន់ៗ មិនស្វាគមន៍ទាល់តែសោះ ហើយថែមទាំងបានគម្រាមបង្ក្រាបយ៉ាងចាស់ដៃ ប្រសិនបើសកម្មភាពនៃចលនានេះ មានធ្វើនៅប្រទេសកម្ពុជា។
ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំចលនាសង្គ្រោះជាតិ បានអះអាងថា រាល់សកម្មភាពទាំងឡាយ របស់ចលនានេះ គឺធ្វើឡើងដោយសន្តិវិធី យកគំរូតាមការតស៊ូដោយអហិង្សា របស់លោកមហាត្មៈគន្ធី (Mahatma Gandhi) នៃប្រទេសឥណ្ឌា លោក ម៉ាទីន លូធើឃីង (Martin Luther King) នៅអាមេរិក និងលោក ណែលសិន ម៉ាន់ដេឡា (Nelson Mandela) នៅអាហ្វ្រិកខាងត្បូង ដែលសុទ្ធតែទទួលបានផលជោគជ័យ ក្នុងការតស៊ូទាមទាររកយុត្តិធម៌ និងសិទ្ធិសេរីភាព៕
ប្រភព៖ RFA Khmer
No comments:
Post a Comment