រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ចាង វ៉ាន់អាន (Chang Wanquan) និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ (ស្ដាំ) នាក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ Photo AFP |
មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិឲ្យដឹងថា សមយុទ្ធយោធានេះនឹងធ្វើឡើងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងខែមិនាខាងមុខនេះ ដែលជាផ្នែកមួយនៃការរំលឹកខួបនៃទំនាក់ទំនងការទូតលើកទី៦០ រវាងប្រទេសទាំងពីរ។
កាសែតក្នុងស្រុក Khmer Times បានដកស្រង់សម្ដីលោកឧត្តមសេនីយ៍ អ៊ិត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ចុះផ្សាយនៅថ្ងៃ២៩ មករា នេះថា សមយុទ្ធយោធារវាងកម្ពុជា-ចិន នៅខែមិនា ខាងមុខនេះ ធ្វើឡើងក្រោមប្រធានបទប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌ដែលជាក្តីបារម្ភរបស់ប្រទេសទាំងពីរ។ សមយុទ្ធនោះនឹងមានកងទ័ពខ្មែរចំនួន ២៨០នាក់ និងកងទ័ពចិនចំនួន ១៩០នាក់ ចូលរួម។
អ្នកឃ្លាំមើលសង្គមនិយាយថា ក្រោយពីរដ្ឋាភិបាលកម្ពុជាប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការបោសសំអាតមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យចេញពីកម្ពុជារួចមក រដ្ឋាភិបាលកុម្មុយនិស្តចិន បានសម្ដែងការគាំទ្រប្រកបដោយមោទនភាព ដែលបានឃើញកម្ពុជាបោះជំហានទៅមុខឥតងាករេទៅរករបបផ្ដាច់ការយោធានិយម។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ប្រសិនបើជំនួយយោធារបស់ចិនទាំងនោះ សម្រាប់បម្រើលើវិស័យការពារជាតិ ជាពិសេសបញ្ហាព្រំដែនវិញ ជំនួយទាំងនោះនៅមិនទាន់គ្រប់គ្រាន់ទេ។ ប៉ុន្តែលោកបារម្ភថា រដ្ឋាភិបាលអាចប្រើប្រាស់ជំនួយយោធា ឬសព្វាវុធទាំងនោះដើម្បីធ្វើការគំរាមកំហែង ដល់ការតវ៉ាដោយសន្តិវិធីទាំងឡាយណា ដែលរដ្ឋាភិបាលតែងចាត់ទុកថាជាអំពើបដិវត្តន៍ពណ៌ជាដើមនោះ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment