Sunday, June 26, 2016

រក​ឃើញ​ខ្មោច​នាវាមុជទឹក​ផ្កាយ​៥​អាមេរិក ដែល​ត្រូវ​ជប៉ុន​បាញ់​ពន្លិច​កាល​ពី​សង្គ្រាម​លោក​លើក​ទី​២

Uss-herring
នាវាមុជទឹក​អាមេរិក​មួយ​គ្រឿង ដែល​បាន​លិច​បាត់​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​នោះ ឥឡូវ​នេះ​ត្រូវ​គេ​រក​ឃើញ​វិញ​ហើយ នៅ​ក្រោម​បាត​សមុទ្រ​ក្បែរ​កោះ Matua ក្នុង​ប្រទេស​រុស្ស៊ី ឆ្ងាយ​បន្តិច​ពី​ភាគ​ខាង​កើត​នៃ​តំបន់​ប្រជុំកោះ Kuril ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​សង្គម​ភូមិសាស្ត្រ​រុស្ស៊ី និង​ក្រសួង​ការពារ​ជាតិ ។
"ក្នុង​កិច្ចសហការ​រវាង​អ្នក​ជ្រមុជ​ទឹក​រុស្ស៊ី និង​ក្រុម​នាវិក​នៃ​ Pacific Fleet គេ​បាន​រក​ឃើញ​នាវាមុជទឹក​នេះ​ក្នុង​ជម្រៅ​ទឹក​១០៤​ម៉ែត្រ" បើ​យោង​តាម​លោក Aleksandr Kirillin ជា​លេខាធិការ​
នៃ​ក្រុមប្រឹក្សាភិបាល​សិក្សា​សង្គម​ប្រវត្តិសាស្ត្រ​យោធា​ របស់​រុស្ស៊ី ដោយ​លោក​បាន​លើក​ឡើង​ថា នាវា​ដែល​លិច​នោះ ទំនង​ជា​នាវា USS Herring ដែល​ត្រូវ​បាញ់​ពន្លិច​ដោយ​កាំភ្លើង​ធំ​តាម​ឆ្នេរ​សមុទ្រ របស់​កងទ័ព​ជប៉ុន​នា​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​១៩៤៤ ។
នាវាមុជទឹក​មួយ​គ្រឿង​នេះ ត្រូវ​បាន​បាត់​ខ្លួន​ក្នុង​ពេល​កំពុង​ធ្វើ​ការ​ល្បាត​ដែន​សមុទ្រ ដោយ​មាន​នាវិក​ចំនួន​៨៣​នាក់ ហើយ​មួយ​ថ្ងៃ​មុន​ការ​លិច​នាវា​នេះ USS Herring បាន​បាញ់​ពន្លិច​នាវា​ជប៉ុន​២​គ្រឿង គឺ Ishigaki និង Hokuyo Maru នា​ថ្ងៃ​ទី​៣០-៣១ ខែ​ឧសភា ក្រោយ​មក​នៅ​ថ្ងៃ​បាត់​ខ្លួន នាវាមុជទឹក USS Herring បាន​កម្ទេច​កប៉ាល់​ជប៉ុន​ថែម​២​គ្រឿង​ទៀត មុន​នឹង​ត្រូវ​កងទ័ព​ជប៉ុន​បាញ់​សងសឹក​មក​វិញ ។
គួរ​បញ្ជាក់​ថា នាវាមុជទឹក USS Herring នេះ បាន​ចូល​បម្រើ​កងទ័ព​ជើងទឹក​អាមេរិក​តាំង​ពី​ខែ​ឧសភា ឆ្នាំ​១៩៤២ ហើយ​ប្រឡូក​ក្នុង​សង្គ្រាម​ជា​ច្រើន​នៅ​លើ​សមុទ្រ​មេឌីទែរ៉ាណេ អាត្លង់ទិច និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​ផ្កាយ​៥ ចំពោះ​ការ​លះបង់ និង​សកម្មភាព​ប្រយុទ្ធ​សម្រាប់​កងទ័ព​ជើង​ទឹក​អាមេរិក​ក្នុង​កំឡុង​សង្គ្រាម ​លោក​លើក​ទី​២ ៕ (rt)
ផ្ដល់សិទ្ធិដោយ៖KQUBE, knn-news 

No comments:

Post a Comment