Saturday, June 25, 2016

ប្រធាន​និរទេស អនុប្រធាន​ជាប់ឃុំ​ក្នុងផ្ទះ តែ​ចលនា​បក្សប្រឆាំង​នៅតែ​ផុលផុស​


​ ភ្នំពេញ​៖ ក្រោយ​ឯកឧត្តម សម រង្ស៊ី បាន​និរទេស​ខ្លួនឯង​ទៅ​រស់​នៅឯ​បរទេស ដើម្បី​គេចវេស​ពី​ការចាប់ខ្លួន ឯកឧត្តម កឹម សុខា ក៏បាន​ទទួល​រ៉ាប់រង​ក្នុងការ​ឃោសនា​នយោបាយ ជាពិសេស​នោះ ការចុះ​ជួប​អ្ន​គាំទ្រ​នៅតាម​មូលដ្ឋាន​។ ប៉ុន្តែ រយៈកាល​ចុងក្រោយ​នេះ ឯកឧត្តម កឹម សុខា បាន​អាក់ខាន​ពី​ការធ្វើ​វេទិកាសាធារណៈ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ ដោយសារតែ​ព្រួយបារម្ភ​ពី​ការចាប់ខ្លួន​។ មេបក្ស​ស្ងាត់​មែន តែ​សារព័ត៌មាន និង​បណ្តាញ​សង្គម​នៅ​បន្ត​ផ្សព្វផ្សាយ និង​
និយាយ​អំពី​គណបក្ស​នេះ រាល់ថ្ងៃ​។​
​អស់​រយៈពេល​ជិត​១​ខែ​ហើយ ឯកឧត្តម កឹម សុខា បាន​សម្ងំ​នៅក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស ដោយ​មិនអាច​ចាក​ចេញទៅ​ទីណា​ដូច​សព្វដង​។ បើទោះបីជា​អនុប្រធាន​រូបនេះ មិនមាន​វត្តមាន​នៅតាម​មូលដ្ឋាន​ដូច​រាល់​លើក​ក៏ពិតមែន ប៉ុន្តែ​សកម្មភាព​នយោបាយ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​សកម្ម​ជាង​មុន​ទៅវិញ​។ គេ​សង្កេតឃើញថា បក្សប្រឆាំង កំពុង​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ធំៗ​ចំនួន​២ ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​អាប់អួរ គឺ​យន្តការ​អន្តរជាតិ និង ការពឹង​ផ្នែក​លើ​សំឡេង​មហាជន​។

​ក្រោយ​ឯកឧត្តម កឹម សុខា បាត់បង់​ឱកាស​ក្នុង​ការចុះ​មូលដ្ឋាន ប្រជាពលរដ្ឋ​បែរជា​នាំគ្នា​ទៅ​ប្រមូលផ្តុំ​នៅ​ទីស្នាក់ការ​បក្ស​ជា​ រៀងរាល់ថ្ងៃ​។ ការជួបជុំ​នេះ បាន​ក្លាយជា​រនាំង​ការពារ​ឯកឧត្តម កឹម សុខា ពី​ការចាប់ខ្លួន​។ ជាពិសេស​នោះ ខណៈដែល​អ្នកគាំទ្រ​រប​ស់​ខ្លួន បាន​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​បែបនេះ បក្សប្រឆាំង ក៏បាន​បង្កើត​វេទិកា​នយោបាយ​តែម្តង​។ វេទិកា​នេះ ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ ដើម្បី​ថ្លែង​សារ​ទៅកាន់​អ្នកគាំទ្រ​និង​អ្នកសារព័ត៌មាន ពាក់ព័ន្ធ​នឹង​បញ្ហា​គណបក្ស​និង​ការវិវត្ត​ស្ថានភាព​នយោបាយ​។

​តាមរយៈ​វេទិកា​នយោបាយ គេ​សង្កេតឃើញថា អ្នកនយោបាយ​មួយចំនួន ជា​សមាជិក​រដ្ឋសភា​និង​សមាជិក​ព្រឹទ្ធសភា ដែល​មិនសូវ​ចេញមុខ ក៏​បែរជា​មានឱកាស​ដើម្បី​បង្ហាញខ្លួន ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ដែរ​។ នេះ​ជា​ផលប្រយោជន៍​នយោបាយរ​បស់​បក្សប្រឆាំង ដែល​អាចធ្វើ​ឲ្យ​អ្នកគាំទ្រ កាន់តែ​ស្គាល់​អ្នកនយោបាយ​កាន់​ច្រើនឡើង ដែល​ពួកគេ​មិន​ធ្លាប់​ស្គាល់​កន្លងមក​។

​ក្រៅពី​ការពឹង​ផ្អែកលើ​សំឡេង​អ្នកគាំទ្រ ឯកឧត្តម កឹម សុខា ក៏បាន​ជួប​ជាមួយ​បណ្តា​ទូត​មួយចំនួន​ផងដែរ ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​ជ្រោមជ្រែង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​សម្ពាធ​។ ឯកអគ្គ​រដ្ឋ​និង​ឯកអគ្គរាជទូត រួមទាំង​មន្ត្រី​បរទេស ដែល​ចូលជួប​ឯកឧត្តម កឹម សុខា រួមមាន ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​, ឯកអគ្គរាជទូត​ប្រទេស​កាណាដា​, ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​, ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​, លោក Gerd Müller រដ្ឋមន្ដ្រី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​នៃ​រដ្ឋាភិបាល​សហព័ន្ធ​អាឡឺម៉ង់ និង លោក បាត វី​ម៉េ​រិ​ន ប្រធាន​បេសកកម្ម​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​នៃ​កាកបាទក្រហម​ប្រចាំ​កម្ពុជា ​។

​ជំនួប​រវាង​ឯកឧត្តម កឹម សុខា និង​ឯកអគ្គរដ្ឋទូត​និ​ត​ឯកអគ្គរាជទូត​ទាំងនោះ ជាទូទៅ​បាន​ពិភាក្សាគ្នា ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។

​ពាក់ព័ន្ធ​នឹង​ការងារ​ផ្នែក​ការទូត​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ធ្លាប់​លើកឡើងថា បណ្តា​ប្រទេស​ជា​មិត្ត និង​អង្គការ​អន្តរជាតិ​ជាច្រើន បាន​គាំទ្រ​ការតស៊ូ​របស់​គណបក្ស​របស់លោក ដែល​តែង​ប្រកាន់យក​ជំហរ​អហិង្សា​និង​វប្បធម៌​សន្ទនា ក្នុងការ​បញ្ចប់​វិបត្តិ​នយោបាយ​។ លោក​បន្ថែមថា សហគមន៍​អន្តរជាតិ ក៏​ព្រួយបារម្ភ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​ទាំង​ អង្គការសហប្រជាជាតិ ទាំង​សហភាព​អឺរ៉ុប ទាំង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ នៅលើ​សាកលលោក ពួកគេ​បានបញ្ជាក់​យ៉ាងច្បាស់​ថា នយោបាយ​ស្រុក​ខ្មែរ កំពុងស្ថិត​ក្នុង​ភាព​ព្រួយបារម្ភ ដែល​ត្រូវតែមាន​ការដោះស្រាយ​។ យើង​ជឿជាក់ថា អន្តរជាតិ​មិន​បណ្តោយ​ឲ្យ​ស្ថានការណ៍​នយោបាយ​ទល់​ច្រក​បន្តទៀត​ទេ​»​។​

​ដូច្នេះ គេ​អាច​មើលឃើញថា បើទោះបីជា​ឯកឧត្តម សម រង្ស៊ី មិនមាន​វត្តមាន​ក្នុងប្រទេស ហើយ​ឯកឧត្តម កឹម សុខា អស់​សេរីភាព​ក្នុង​ការចេញ​ឃោសនា​នយោបាយ​ក៏ដោយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទុក​ឲ្យ​ចលនានយោបាយ​របស់ខ្លួន នៅ​នឹងថ្កល់​នោះទេ​។ តែ​ផ្ទុយទៅវិញ ចលនានយោបាយ​របស់​បក្សប្រឆាំង រឹតតែ​សកម្ម​ឡើងៗ​ទៅវិញ តាមរយៈ​ការជួប​មន្ត្រីការទូត​និង​មន្ត្រី​អន្តរជាតិ​ផ្សេងៗ រួមទាំង​ការប្រមូលផ្តុំ​របស់​អ្នកគាំទ្រ​ខ្លួន​នៅ​ទីស្នាក់ការ​។ ថ្វីដ្បិតតែ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​អះអាងថា ពួកគេ​កំពុង​រង​នូវ​ការយាយី​និង​ការធ្វើ​ទុក​បុក​ម្នេញ​ក៏ដោយចុះ ប៉ុន្តែ​បក្សប្រឆាំង​មួយ​នេះ បាន​ព្យាយាម​បង្វែរ​ស្ថានភាព​ដែល​មិន​អំណោយផល ឲ្យ​ក្លាយទៅជា​ចំណុច​វិជ្ជមាន​សម្រាប់​ខ្លួ​ទៅវិញ​។​

​យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​នេះ​ក៏​នៅ​ត្រូវការ​ដំណោះស្រាយ​ដើម្បី​មេដឹកនាំ​កំពូល​របស់​ពួកគេ​មាន​សេរីភាព​ឡើងវិញ​៕
 និពន្ធដោយ : ថ្មីៗ June-25-2016

No comments:

Post a Comment