អគ្គលេខាធិការអង្គការសហប្រជាជាតិលោក
បាន គីមូន ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យផ្ដើមឡើងវិញនូវវប្បធម៌សន្ទនារវាងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យផ្តើមឡើងវិញនូវវប្បធម៌សន្ទនា និងបញ្ចប់នូវការធ្វើទុក្ខបុកម្នេញ និងធានាសិទ្ធិក្នុងការប្រមូលផ្តុំ ការជួបជុំ និងបញ្ចេញមតិ ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស
និងសហប្រតិបត្ដិការណ៍អន្ដរជាតិចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦
បានឲ្យដឹងពីការសន្ទនាតាមទូរស័ព្ទរវាងលោក បាន គីមូន និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦កន្លងមកនេះ ។
ក្រសួងការបរទេសឲ្យដឹងថា លោក បាន គីមូន
បានសម្តែងការព្រួយបារម្ភចំពោះការបំភិតបំភ័យ ការធ្វើទុក្ខបុកម្នេញ
និងការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង។
បន្ទាប់ពីបង្ហាញក្តីកង្វល់ទាំងនេះ ក្រសួងការបរទេសថា លោក បាន គីមូន ក៏បានអំពាវនាវតាមរយៈលោក ប្រាក់ សុខុន ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ចប់បញ្ហាទាំងនេះ និងស្នើឲ្យមានការសន្ទនាគ្នាឡើងវិញរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលលោក ប្រាក់ សុខុន បានឆ្លើយតបវិញថា កម្ពុជាកំពុងតែអនុវត្តនីតិវិធីច្បាប់ និងតុលាការលើករណីល្មើស និងបទឧក្រិដ្ឋមួយចំនួន ។
អគ្គលេខាធិការក៏បានបង្ហាញសេចក្តីសង្ឃឹមថា
រដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ
រួមមានសេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។
លោកបានអំពាវនាវឲ្យមានការបន្តនៃវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្រ្គោះជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន
បានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន
ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីអង្គការសង្គមស៊ីវិល
បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំង
និងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម ។
សូមជម្រាបជូនថា
បន្ទាប់ពីការឡើងកម្ដៅនយោបាយមួយរយៈចុងក្រោយនេះ មជ្ឈដ្ឋានជាតិ
និងមជ្ឈដ្ឋានអន្ដរជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍ជាបន្ដបន្ទាប់
ដើម្បីស្នើរឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញ
និងការចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងបន្ដទៀត
ជាពិសេសស្នើឲ្យមានការសន្ទនាគ្នាឡើងវិញរវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ ៕
ដោយ៖ យ៉ន លីនេត
No comments:
Post a Comment