ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡាចេញផ្សាយកាលពីថ្ងៃទី២២មិថុនាបានឲ្យដឹងថា ក្រសួងបានកំណត់មណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងប្រទេស ចំនួន១៨០មណ្ឌល ស្មើនឹង៣៧៨១បន្ទប់នៅទូទាំងប្រទេស ដើម្បីរៀបចំការប្រឡងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។ កាលពីឆ្នាំមុនក្រសួងអប់រំយុវជននិងកីឡា
បានរៀបចំប្រឡងបាក់ឌុបនៅ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នៅតាមមណ្ឌល ប្រឡងចំនួន ១៥០មណ្ឌលក្នុងនោះថ្នាក់ វិទ្យាសាស្ត្រមាន ១២៦មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៤មណ្ឌល ត្រូវជា ៣៤២៧ បន្ទប់ទូទាំងប្រទេស។
នេះមានន័យថាទាំងមណ្ឌលនិងបន្ទប់ប្រឡងមានការកើនឡើងជាងឆ្នាំមុន ។ ការកើនឡើងចំនួនបន្ទប់និងមណ្ឌលប្រឡងនេះប្រហែលជាដោយសារតែចំនួន បេក្ខជនប្រឡងមានការកើនឡើងដែរប៉ុន្តែបើតាមលោករដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡាបានប្រាប់វិទ្យុក្នុងស្រុកមួយថាសំរាប់ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងបានឌុបជាង៨ម៉ឺននាក់។
ចំណែកឆ្នាំមុនមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៨៤៩៣០ នាក់ ស្រី ៤០៩៧២នាក់ ។ ប៉ុន្តែបេក្ខជនចូលរួមប្រឡងបាក់ឌុបមានតែចំនួន៨៣៣២៥នាក់ក្នុងនោះ បេក្ខជនប្រឡងជាប់មានចំនួន៤៦៥៦០នាក់ត្រូវជា៥៥,៨៨ភាគរយក្នុងនោះ មានបេក្ខជនជាប់និទ្ទេសAមានចំនួន១០៨នាក់និទ្ទេសBមាន១០៨៥ និទ្ទេសC៣២៩២ និទ្ទេសD ៦០៩៣ និងនិទ្ទេស E៣៥៩៨២។កាលពីឆ្នាំ២០១៤ដែលជាឆ្នាំធ្វើកំណែទម្រង់ការប្រឡងជា លើកដំបូងនោះមានបេក្ខជនប្រឡងជាប់និទ្ទេសAតែចំនួន១០ប៉ុណ្ណោះ។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ឆ្នាំ២០១៦នេះ ក្រសួងបានបង្ហាញជំហរបន្តរឹតបន្តឹងដូចឆ្នាំមុនដដែល ដោយឈរលើគោលការណ៍ ៤ចំណុច។គោលការណ៍ ៤ចំណុចដែលក្រសួងបន្តរក្សាដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា សម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុបគឺការប្រឡងត្រូវតែឈរលើការគោរព ច្បាប់ តម្លាភាព យុត្តិធម៌ និងសុចរិតភាព។
លោក ហង់ ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុបរទេសមួយកាលពីពេលថ្មីៗនេះថា ក្រសួងនឹងបន្តរឹតបន្តឹងវិន័យប្រឡងឲ្យឲ្យដូចការប្រឡងក្នុងឆ្នាំ ២០១៥ ដែរ ដោយសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ព្រមទាំងបើកឱកាសឲ្យអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួមសង្កេតការណ៍។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីឲ្យសិស្សបានត្រៀមខ្លួនជាមុន ក្រសួងបានបញ្ចូលមេរៀនសង្ខេប ទាំងទ្រឹស្ដី ទាំងលំហាត់ ក្នុងគេហទំព័ររបស់ក្រសួង ដើម្បីឲ្យសិស្សសិក្សាស្វែងយល់ដោយខ្លួនឯង។ លោកបានឲ្យដឹងទៀតថា ប៉ុន្មានខែចុងក្រោយនេះ ក្រសួងបានបញ្ជូនគ្រូទៅបង្រៀនគួរបន្ថែមទៅលើមុខវិជ្ជាគណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា និងរូបវិទ្យា ដល់សិស្សទាំងនៅរាជធានី និងតាមបណ្ដាខេត្ត។ លោកបានអំពាវនាវដល់សិស្សដែលត្រៀមប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំរៀនសូត្រ ព្រោះក្រសួងនឹងឲ្យធ្លាក់ជាស្វ័យប្រវត្តិចំពោះបេក្ខជនណាដែលមិន គោរពច្បាប់ និងនីតិវិធីប្រឡង៕
ប្រភព kampucheathmey ,khmer-plus
No comments:
Post a Comment