Sunday, June 19, 2016

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយមបាន​ប្រកាស​ឲ្យ​​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់នឹង​អាកាសធាតុ​ចាប់​ពី​ថ្ងៃ​ទី​២០-២៧​មិថុនា

អាកាសធាតុ​នៅ​ភ្នំពេញ ៨៥៥ ២០១៦
ផ្ទៃ​មេឃ​ពណ៌​ខ្មៅ​ដែល​រក​កល​នឹង​ភ្លៀង កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
  RFA/San
ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា អាកាសធាតុ​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​កើត​ឡើង​អូស​កាត់​ប្រទេស​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​តំបន់​មួយ​ចំនួន។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថ្ងៃ​ទី​១៩ មិថុនា អំពាវនាវ​ឲ្យ​អ្នក​ទេសចរ​តាម​កោះ​នានា​ក្នុង​លំហ​សមុទ្រ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើត​ឡើង​ជា​យថាហេតុ។

តំបន់​ដែល​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នោះ ដូចជា​នៅ​តំបន់​វាល​ទំនាប មាន​ខេត្ត​កំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ពិសេស​រាជធានី​ភ្នំពេញ។ តំបន់​ខ្ពង់​រាប មាន​ខេត្ត​កំពង់ចាម ក្រចេះ ពិសេស​ខេត្ត​ត្បូងឃ្មុំ។ តំបន់​មាត់​សមុទ្រ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​នៅ​លើ​ផ្ទៃ​សមុទ្រ​នឹង​មាន​ខ្យល់​បក់​បោក​ខ្លាំង។
ការ​ធ្លាក់​ភ្លៀង​បណ្ដាល​មក​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ អាច​នឹង​ធ្វើ​ឲ្យ​បណ្ដា​រាជធានី-ខេត្ត ​មួយ​ចំនួន ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង ដូចជា រាជធានី​ភ្នំពេញ កំពង់ស្ពឺ កណ្ដាល តាកែវ កំពត ព្រះសីហនុ និង​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៕
2016-06-19 ដោយ ទីន ហ្សាការីយ៉ា

No comments:

Post a Comment