Monday, June 20, 2016

ស្វែង​យល់​ពី​សិទ្ធិ​នៃ​ការ​កាន់​កាប់​លើ​អចលនវត្ថុ​​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា


ច្បាប់​ភូមិ​បាល​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​​ខែ​សីហា​​ ឆ្នាំ​ ២០០១ កន្លង​មក​នេះ​មាន​គោលដៅ​កំណត់​អំពី​របប​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ទាំងឡាយ​នៅ ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោល​បំណង​ធានា​ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិ​ និង​សិទ្ធិ​ផ្សេងៗ​ទៀត​លើ​អចលនវត្ថុ​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​​រដ្ឋ​ ធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​
ដើម្បី​បាន​យល់​ថា តើ​អចលនវត្ថុ​ជា​អ្វី​ និង​ដើម្បី​ស្វែង​យល់​ពី​សិទ្ធិ​នៃ​ការ​កាន់កាប់​អចលនវត្ថុ​នេះ​
ភ្នំពេញ​ ប៉ុស្តិ៍​បាន​សម្ភាស​មេធាវី​លោក​ យុង​ ផានិត ប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជន​ក្រីក្រ​នៃ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ដែល​មាន​ខ្លឹម​សារ​​ដូច​ខាង​ក្រោម ៖
ដូច​មេ្ដច​ហៅ​ថា​អចលនវត្ថុ​?
ទាក់ទង​នឹង​ការ​បកស្រាយ​ស្តីពី​អចលនវត្ថុ​នេះ​មាន​​ចែង​​ក្នុង​មាត្រា​បន្តបន្ទាប់​ដូច​ខាង​ក្រោម ៖
មាត្រា ១.- ច្បាប់​​ស្តី​ពី​ភូមិ​បាល​នេះ​មាន​គោលដៅ​កំណត់​អំពី​របប​កម្មសិទ្ធិ​លើ​ អចលនវត្ថុ​ទាំង​ឡាយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោល​បំណង​ធានា​ ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិ​ និង​សិទ្ធិ​ផ្សេងៗ​ទៀត​លើ​អចលនវត្ថុ​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
អចលនវត្ថុ​នេះ​ត្រូវ​បាន​បែងចែក​ប៉ុន្មាន​ប្រភេទ​?
មាត្រា ២.-នៃ​ច្បាប់​ភូមិបាល​ចែង​ថា​អ្វី​ដែល​ចាត់​ទុក​ជា​អចលនវត្ថុ​តាម​ន័យ​នៃ​ ច្បាប់​នេះ​មាន​អចលនវត្ថុ​ពី​កំណើត​អចលនវត្ថុ​ពី​ភ័ព្វ​វាសនា​ និង​អចលនវត្ថុ​តាម​ការ​កំណត់​របស់​ច្បាប់​។
អចលនវត្ថុ​មាន​ដី​ធម្មជាតិ​ដូចជា​ដី​ព្រៃឈើ​ ដី​កាប់​រាន​ ដី​ដាំដុះ​ ដី​ទុក​ទំនេរ​ ឬ​មិន​​អាច​​ដាំដុះ​ដី​លិច​ទឹក​ដោយ​ទឹក​នៅ​នឹង​ ឬ​ទឹក​ហូរ​ និង​សំណង់​ ឬ​ការ​រៀបចំ​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ជាប់​មួយ​កន្លែង​កើត​ឡើង​ដោយ​អំពើ​របស់​ មនុស្ស​​ហើយ​មិន​អាច​រំកិល​ ឬ​ផ្លាស់ប្តូរ​កន្លែង​បាន​។
អចលនវត្ថុ​ពី​ភ័ព្វវាសនា​មាន​វត្ថុ​ដែល​ជាប់​នឹង​ដី​ ឬ​បញ្ចូល​ជាមួយ​សំណង់​ទាំង​ឡាយ​ដែល​មិន​អាច​បំបែក​ចេញ​បាន​ដោយ​មិន​ធ្វើ​ឲ្យ ​មាន​ការ​ខូចខាត​​ ឬ​មិន​ដូរ​សភាព​ដើម​ដូចជា​ដើមឈើ​ឧបករណ៍​តែង​លម្អ​ជាដើម​។
អចលនវត្ថុ​តាម​ការ​កំណត់​របស់​ច្បាប់​មាន​សិទ្ធិ​ភណ្ឌិក​ទាំង​ឡាយ​លើ​ អចលនវត្ថុ​ និង​អចលនវត្ថុ​ទាំង​ឡាយ​ដែល​បាន​កំណត់​ដោយ​ច្បាប់​ជា​អចលនវត្ថុ​។
មាត្រា​ ៣.-ជន​គ្រប់​​រូប​ត្រូវ​គោរព​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ និង​កម្មសិទ្ធិ​ឯកជន​ស្រប​ច្បាប់​លើ​អចលនវត្ថុ​។
ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​សុរិយោដី​លើ​អចលនវត្ថុ​ដែល​​ជា​ ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ និង​ការ​ចេញ​​ប័ណ្ណ​​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ទូទាំង​ព្រះរាជាណាចក្រ​ កម្ពុជា​ជា​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។
បទបញ្ជា​ និង​នីតិវិធី​នៃ​ការ​គ្រប់គ្រង​អចលនវត្ថុ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នឹង​​​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។
មាត្រា ៤.-សិទ្ធិ​​នៃ​​កម្មសិទ្ធិ​​ដែល​ចែង​ក្នុង​មាត្រា​ ៤៤ ​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ ​អនុវត្ត​ទៅ​​លើ​អចលនវត្ថុ​ទាំងអស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​តាម​​ លក្ខខណ្ឌ​ដែល​បាន​កំណត់​ដោយ​​ច្បាប់​នេះ​។
មាត្រា ៥.-គ្មាន​បុគ្គល​ណា​​មួយ​ត្រូវ​បាន​គេ​ដក​ហូត​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ទេ ​ប្រសិន​បើ​ការ​ដក​ហូត​នេះ​​មិនមែន​ដើម្បី​ប្រយោជន៍​សាធារណៈ​។
ការ​ដកហូត​ត្រូវ​ធ្វើ​ទៅ​តាម​​ទម្រង់​​ និង​នីតិវិធី​បញ្ញត្តិ​ដោយ​ច្បាប់​ និង​បទបញ្ជា​បន្ទាប់​​ពី​​បាន​ផ្តល់​សំណង​ជា​មុន​ដោយ​​សមរម្យ​ និង​យុត្តិធម៌​។
មាត្រា​ ៦. -មាន​តែ​ភោគៈ​ត្រឹម​ត្រូវ​តាម​ច្បាប់​ប៉ុណ្ណោះ​ដែល​អាច​នាំ​ឲ្យ​បាន​កម្មសិទ្ធិ​។
រដ្ឋ​ក៏​អាច​ផ្តល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​ដែល​​ជា​របស់​រដ្ឋ ​ក្នុង​ព្រំដែន​ជាក់លាក់​ដែល​បាន​កំណត់​ដោយ​ច្បាប់​នេះ​ជា​រូបវន្ត​បុគ្គល​​ ឬ​នីតិបុគ្គល​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​។
រាល់​ការ​ផ្ទេរ​ ឬ​ផ្លាស់ប្តូរ​សិទ្ធិ​នៃ​កម្មសិទ្ធិ​ត្រូវ​ធ្វើ​ឡើង​តាម​វិធាន​នៃ​នីតិរួម​ នៃ​ការ​លក់​ការ​បន្ត​មរតក​ការ​ដូរ ​ឬ​ប្រទានកម្ម​ ឬ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​។
មាត្រា​ ៧.-របប​កម្មសិទ្ធិ​លើ​អចលនវត្ថុ​មុន​ឆ្នាំ​ ១៩៧៩ ​មិន​​ត្រូវ​បាន​ទទួល​ស្គាល់​។
មាត្រា៨.- មាន​តែ​រូបវន្ត​បុគ្គល​ ឬ​នីតិបុគ្គល​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​ កម្មសិទ្ធិ​លើ​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
អ្នក​មាន​ឧបនិស្ស័យ​ជា​កម្មសិទ្ធិករ​លើ​ដី​​នៅ​កម្ពុជា​គឺ​ពលរដ្ឋ​ខ្មែរ​ ទាំងអស់​សមូហភាព​ដែនដី​សាធារណៈ​គ្រឹះស្ថាន​សាធារណៈ​សហគមន៍​​ ឬ​សហគមន៍​កម្ពុជា​សហគ្រាស​សាធារ​ណៈ​ និង​ក្រុមហ៊ុន​ស៊ីវិល​ ឬ​ពាណិជ្ជកម្ម​ និង​គ្រប់​អង្គការ​កម្ពុជា​ដែល​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់​ថា​ជា​ នីតិបុគ្គល​។
ជនបរទេស​ដែល​បាន​ក្លែង​បន្លំ​ប័ណ្ណ​សញ្ជាតិ​​ដើម្បី​ឲ្យ​ក្លាយ​ជា​ កម្មសិទ្ធិករ​លើ​ដី​នៅ​កម្ពុជា​នឹង​ត្រូវ​ផ្តន្ទាទោស​ដូច​មាន​ចែង​ក្នុង​ មាត្រា​ ២៥១ ​នៃ​ច្បាប់​នេះ​។ ​ទ្រព្យ​ដែល​បាន​មក​ក្នុង​លក្ខខណ្ឌ​នេះ​ត្រូវ​រឹបអូស​យក​ទុក​ជា​សម្បត្តិ​ រដ្ឋ​ដោយ​រដ្ឋ​មិន​ចេញ​សំណង​ឲ្យ​ឡើយ​។
មាត្រា​ ៩.-ក្រុមហ៊ុន​ដែល​មាន​ចុះ​បញ្ជី​នៅ​កម្ពុជា​ហើយ​ដែល​មាន​ភាគហ៊ុន​ចាប់​ពី​ ៥១ ​ភាគរយ​ឡើង​ទៅ​កាន់​កាប់​ដោយ​រូបវន្ត​បុគ្គល​មាន​សញ្ជាតិ​ខ្មែរ​ ឬ​នីតិបុគ្គល​នៃ​ច្បាប់​កម្ពុជា​អាច​ជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​ដី​បាន​​ ។​ មាន​តែ​ចំនួន​ភាគរយ​នៃ​ប្រាក់ហ៊ុន​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​ក្រុមហ៊ុន​ ប៉ុណ្ណោះ​ទេ​ដែល​ទទួល​យក​ជា​ការ​បាន​។​ រាល់​ការ​ព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជា​លក្ខណៈ​ឯកជន​រវាង​អ្នក​ចូល​ហ៊ុន​ ទាំង​ឡាយ​ដែល​មាន​ន័យ​ផ្ទុយ​ពី​នេះ​ត្រូវ​ទុ​ក​ជា​មោឃៈ​ និង​គ្មាន​អានុភាព​។
ប្រសិន​បើ​ចំនួន​ភាគរយ​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​បាន​ប្រែ​ប្រួល​ បណ្តាល​ឲ្យ​ក្រុមហ៊ុន​លែង​មាន​សញ្ជាតិ​ជា​ខ្មែរ​ក្រុមហ៊ុន​មាន​កាព្វកិច្ច​ ធ្វើការ​ផ្លាស់ប្តូរ​លក្ខន្តិកៈ​ឲ្យ​បាន​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​​ ហើយ​ត្រូវ​ផ្តល់​ព័ត៌មាន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​អំពី​ការ​ប្រែប្រួល​នេះ ​ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ធរមាន​។
មាត្រា ១០.-កម្មសិទ្ធិ​របស់​បុគ្គល​តែ​ម្នាក់​ទោះ​ជា​រូបវន្ត​បុគ្គល​ក្តី​ ឬ​នីតិបុគ្គល​ក្តី​គឺជា​កម្មសិទ្ធិ​ឯកជន​។
កម្មសិទ្ធិ​របស់​បុគ្គល​មួយ​ក្រុម​ដែល​មាន​បុព្វ​សិទ្ធិ​រៀងៗ​ខ្លួន​ តាមរយៈ​ច្បាប់​ដែល​មាន​បញ្ញត្តិ​អំពី​កម្មសិទ្ធិ​នេះ​គឺជា​កម្មសិទ្ធិ​ សមូហភាព​។
កម្មសិទ្ធិ​របស់​បុគ្គល​ច្រើន​នាក់​ដែល​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​សាមគ្គី​គ្នា​ទៅ​លើ​ទ្រព្យ​ទាំង​មូល​គឺ​កម្មសិទ្ធិ​អវិភាគ​។
កម្មសិទ្ធិ​របស់​បុគ្គល​ច្រើន​នាក់​ដែល​អនុវត្ត​នូវ​សិទ្ធិ​ឯកជន​ផ្តាច់​ មុខ​លើ​ភាគ​ខ្លះ​​នៃ​ទ្រព្យ​ហើយ​ភាគ​ដទៃ​ទៀត​ហៅ​ថា​ភាគ​​​រួម​​ត្រូវ​នៅ​ ក្រោម​បទ​បញ្ជា​នីត្យានុកូល​ ឬ​តាម​ការ​ព្រមព្រៀង​គឺ​សហកម្មសិទ្ធិ​។
ប្រភេទ​នៃ​កម្មសិទ្ធិ​នីមួយ​ៗ​ត្រូវ​បាន​កំណត់​ដោយ​បទប្បញ្ញត្តិ​ដោយ​ឡែក​របស់​កម្មសិទ្ធិ​ទាំង​នោះ​។
ប្រភព postkhmer

No comments:

Post a Comment