Monday, July 18, 2016

រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៨​កក្កដា

ប្រជុំ​សភា ៦១០
កិច្ច​ប្រជុំ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។ RFA/Yeang Socheametta
រដ្ឋសភា​គ្រោង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​កក្កដា វេលា​ម៉ោង ៩​ព្រឹក នៅ​វិមាន​រដ្ឋសភា។ សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​រដ្ឋសភា ឲ្យ​ដឹង​ថា លោក ហេង សំរិន ប្រធាន​រដ្ឋសភា នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​នេះ។
សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ មិន​បាន​បញ្ជាក់​ពី​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ។
ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នោះ​រួម​មាន ការ​ពិភាក្សា​ពី​ច្បាប់​ចំនួន​៤ ដែល​មួយ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល និង​បី​ទៀត ស្ដីពី​ពី​កិច្ច​ព្រមព្រៀង​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន។

បន្ថែម​ពី​នេះ រដ្ឋសភា​នឹង​ពិភាក្សា​លើ​លិខិត​សំណួរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​ច្បាប់​។ ទី​១ គឺ​ករណី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដែល​លោក​ជាប់​បណ្ដឹង​ពី​តុលាការ​ស្ទើរ​តែ​នៅ​គ្រប់​អាណត្តិ​បោះឆ្នោត​ម្ដងៗ។ ចំណុច​ទី​២ ស្ដីពី​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ចំពោះ​តំណាង​រាស្ត្រ ករណី​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក អ៊ុំ សំអាន ព្រម​ទាំង​ករណី​លិខិត​សំណើ​របស់​តុលាការ ដែល​សុំ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប។
លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ចុះ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ស្នើ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដក​អភ័យ​ឯកសិទ្ធិ​សភា​តំណាង​រាស្ត្រ លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា។ សំណើ​នោះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ ភ្នំពេញ ដែល​ថា អ្នក​តំណាង​រាស្ត្រ​ទាំង ២​រូប កំពុង​ជាប់​សង្ស័យ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​តាម​មាត្រា​២៨៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ អ្នក​ទាំង​ពីរ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ៕
2016-07-17 ដោយ សាន សែល

No comments:

Post a Comment