Monday, July 18, 2016

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រារព្ធ​ខួប​លើក​ទី​៤​នៃ​ការ​បង្កើត​គណបក្ស​នៅ​ថ្ងៃ​ទី​១៨​កក្កដា

ទីស្នាក់ការ សង្គ្រោះជាតិ  ៨៥៥
ទិដ្ឋភាព​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ខណៈ​ឆ្នាំ​២០១៦ ជា​ឆ្នាំ​គម្រប ៦៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ឆ្នាំ​២០១៦ ក៏​ជា​ខួប​ទី​៤ នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។ រយៈពេល ៤​ឆ្នាំ​ក្រោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដើរ​តួនាទី​ជា​បក្ស​ប្រឆាំង​មួយ​នេះ បច្ចុប្បន្ន​មាន​ក្បាល​ម៉ាស៊ីន​បក្ស គឺ​លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ទីក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង ដែល​ជា​ទីកន្លែង​មាន​សេរីភាព​សម្រាប់​លោក​រួច​ផុត​ពី​ការ​ចាប់​ចង ក្រោយ​ជាប់​បណ្ដឹង និង​ការ​កាត់​ទោស​របស់​តុលាការ ដែល​គណបក្ស​សង្គ្រោះ​ជាតិ តែង​ប្រកាស​ក្ដែងៗ​ថា មិន​ឯករាជ្យ លម្អៀង និង​គ្មាន​យុត្តិធម៌។

ចំណែក​ឯ​អនុប្រធាន​បក្ស​វិញ គឺ​លោក កឹម សុខា កំពុង​ឃុំ​ខ្លួន​ឯង​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​ជាង​មួយ​ខែ​មក​ហើយ បន្ទាប់​ពី​ការ​តាម​ចាប់​ឃុំ​ខ្លួន​ពី​សំណាក់​អាជ្ញាធរ ពាក់ព័ន្ធ​នឹង​បណ្ដឹង​សំណុំ​រឿង​សញ្ចារកម្ម។ ថ្មីៗ​នេះ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ ដែល​មាន​ន័យ​ថា លោក​គ្មាន​សិទ្ធិ​ចេញ​ទៅ​បរទេស​បាន​នោះ​ទេ៕ 
2016-07-17 ដោយ សាន សែល

No comments:

Post a Comment