Saturday, July 9, 2016

លោក សម រង្ស៊ី ថា​តុលាការ​បារាំង​សម្រេច​ឲ្យ​លោក​ឈ្នះ​ក្ដី​លោក ហោ ណាំហុង​ជា​ថ្មី​ទៀត

សម រង្ស៊ី ៨៥៥ ២០១៦
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី នា​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៦។ Photo: RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ជា​ថ្មី​ទៀត​ថា តុលាការ​ក្នុង​ប្រទេស​បារាំង បាន​សម្រេច​អោយ​លោក​ឈ្នះ​ក្ដី​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ដែល​ប្ដឹង​ដោយ ​អតីត​រដ្ឋមន្ត្រី​ការបរទេស លោក ហោ ណាំហុង។
លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ថា តុលាការ​នៅ​ប្រទេស​បារាំង បាន​កាត់​ក្ដី​ឲ្យ​លោក ហោ ណាំហុង ចាញ់​លោក​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។
កាល​ពី​ដើម​ឆ្នាំ​២០១១ តុលាការ​ប្រទេស​បារាំង បាន​សម្រេច​អោយ​លោក សម រង្ស៊ី ឈ្នះ​ក្ដី​នេះ​ម្ដង​រួច​ហើយ ប៉ុន្តែ​សំណុំ​រឿង​រឿង​ត្រូវ​លោក ហោ ណាំហុង ប្ដឹង​ទៅ​តុលាការ​បារាំង ម្ដង​ទៀត។

លោក ហោ ណាំហុង បាន​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​ក្រោយ​ពី​លោក សម រង្ស៊ី បាន​និយាយ​ថា អតីត​រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ គឺ​ជា​អ្នក​ទទួល​ខុសត្រូវ ឬ​មេ​ជំរំ (គុក) បឹងត្របែក នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម។ លោក សម រង្ស៊ី ធ្លាប់​សរសេរ​ដែរ​ថា លោក ហោ ណាំហុង និង​ភរិយា ធ្លាប់​បាន​សហការ​ជាមួយ​ខ្មែរ​ក្រហម​ក្នុង​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​ដែល ​ជាប់​ ឃុំឃាំង​នៅ​ទី​នោះ។
បើ​ទោះ​ជា​យ៉ាង​ណា លោក ហោ ណាំងហុង អះអាង​ថា លោក និង​សាច់ញាតិ​របស់​លោក​ក៏​ជា​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​ដែរ៕
2016-07-09 ដោយ​ សុ ជីវី

No comments:

Post a Comment