Saturday, July 9, 2016

បក្ស​ប្រឆាំង​ចង់​ឃើញ​អ្នក​នយោបាយ​​អាច​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា នៅ​តែ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​កំពុង​ប្រឈម​សព្វថ្ងៃ។ គណបក្ស​គ្រប់គ្រង​អំណាច ចាត់​ទុក​ថា បច្ចុប្បន្ន​កម្ពុជា​ពុំ​មាន​វិបត្តិ​នយោបាយ ដូច​បក្ស​ប្រឆាំង​តែង​តែ​លើកឡើង​ឡើយ។ ផ្ទុយ​ពី​នេះ​វិញ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​យល់​ឃើញ​ថា កម្ពុជា​ពិត​ជា​កំពុង​មាន​វិបត្តិ ហើយ​ទាមទារ​ចង់​ឲ្យ​អ្នក​នយោបាយ​ទាំង​ពីរ​ជួប​មុខ​គ្នា ចូល​តុ​ចរចា។
ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា អំពាវ​នាវ​តាមរយៈ​ទំព័រ​​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា អោយ​អ្នក​នយោបាយ​ខ្មែរ​រិះរក​មធ្យោបាយ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​​រវាង ​ខ្មែរ​និង​ខ្មែរ បើ​មិន​ចង់​អោយ​បរទេស​លូកដៃ។

លោក កឹម សុខា ចោទ​សួរ​ថា តើ​ខ្មែរ​យើង​អាច​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ​បាន ឬ​ទេ? លោក​បន្ត​ថា កន្លង​មក ពេល​ណា​ភាគី​នយោបាយ​ខ្មែរ​ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង បរទេស​ក៏​ចូល​អន្តរាគមន៍​កាន់តែ​ច្រើន ទោះបី​គេ​ចូល​ក្នុង​គោលបំណង​ល្អ ឬ​មិន​ល្អ​ក៏ដោយ។ លោក​សរសេរ​ទៀត​ថា ប្រសិន​បើ​វិបត្តិ​នយោបាយ​នេះ​ឲ្យ​អូស​បន្លាយ ឬ​រាលដាល​កាន់​តែ​ខ្លាំង កម្ពុជា​ចៀស​មិន​ផុត​ពី​អន្តរជាតិ​លូកដៃ​ចូល​អន្តរាគមន៍​មិន​ខាន​ឡើយ។
ស្រប​គ្នា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រំពឹង​ថា បញ្ហា​កំពុង​តែ​ជាប់​គាំង​សព្វថ្ងៃ​នេះ គណបក្ស​ធំៗ​ទាំង​ពីរ​អាច​នឹង​រក​ច្រក​ចេញ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​បាន​អូស​បន្លាយ​ដ៏​រ៉ាំរ៉ៃ​ក្នុង​ រយៈពេល​កន្លង​មក​នេះ។
ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ទីស្នាក់ការ​កណ្ដាល​នា​ស្កាត់​ ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា លោក គង់ បូរ៉ា មាន​ជំនឿ​ថា បញ្ហា​ដែល​កំពុង​កើត​ឡើង​នេះ បក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ពិត​ជា​វិល​ទៅ​តុ​ចរចា​ពេល​ណា​មួយ​បាន។
តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​រូប​នេះ ប្រៀបធៀប​ថា មិន​ខុស​ពី​គ្រួសារ​មួយ​ឡើយ បើ​កើត​បញ្ហា​ហើយ​គឺ​មាន​តែ​ពឹង​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ។ ក្នុង​ន័យ​នេះ លោក គង់ បូរ៉ា ចាត់​ទុក​ថា មិន​ខុស​ពី​គណបក្ស​ប្រឆាំង​ឡើយ ប្រសិន​វិបត្តិ​នេះ បក្ស​ទាំង​ពីរ​នៅ​តែ​មិន​អាច​រក​ច្រក​រួម​មួយ ដើម្បី​បញ្ចប់​បញ្ហា​ទេ មធ្យោបាយ​ចុង​ក្រោយ​មាន​តែ​ពឹង​បរទេស​ប៉ុណ្ណោះ៖ «គោល ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ត្រូវការ​ឲ្យ​ខ្មែរ​ភាគី​ទាំង​ពីរ​ ដោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ។ ឧទាហរណ៍​ថា ក្នុង​គ្រួសារ​មួយ​បើ​មេ​គ្រួសារ​អាង​ខ្លួន​មាន​អំណាច ទៅ​សង្កត់សង្កិន​មក​ធ្វើ​បាប​សមាជិក​ក្រុម​គ្រួសារ នោះ​ច្បាស់​ជា​សមាជិក​ក្រុម​គ្រួសារ​រត់​ទៅ​ពឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ ដោះស្រាយ​ហើយ»
សមាជិក​របស់​រដ្ឋាភិបាល​បញ្ជាក់​ជំហរ​ថា បក្ស​ទាំង​ពីរ​នឹង​មិន​មាន​ការ​ជួប​គ្នា​ដូច​ដែល​បក្ស​ប្រឆាំង​ចង់​បាន​នោះ​ ទេ។ មិន​តែ​ប៉ុណ្ណោះ បើ​ការ​ចរចា​ណា​មួយ​ដែល​យក​អ្នក​ជាប់​ឃុំ​មក​ដាក់​សម្ពាធ​ថែម​ទៀត នោះ​រឹត​តែ​ពុំ​មែន​ជា​ជម្រើស​ដែល​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​ត្រូវ​ ពិចារណា​ថែម​ទៀត​ផង។
លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា បក្ស​ដែល​គ្របគ្រង​រដ្ឋាភិបាល ពុំ​ដែល​នឹក​ទៅ​រក​តុ​ចរចា​សោះ​ឡើយ។ លោក​បន្ត​ថា ក្នុង​ដំណាក់កាល​នៃ​យុត្តាធិការ​របស់​តុលាការ​កំពុង​តែ​ដំណើរការ​រឿង​ក្តី​ បក្ស​ប្រឆាំង​ទាំង​អំបាលម៉ាន​នេះ គណបក្ស​ប្រជាជន​កម្ពុជា ពុំ​អាច​លូកដៃ ឬ​ផ្ដួចផ្ដើម​នាំ​ឲ្យ​មាន​កិច្ច​ចរចា​នោះ​បាន​ទេ ព្រោះ​ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់​ណា​មួយ​ថា បក្ស​កាន់​អំណាច​ជ្រៀតជ្រែក​ដល់​នីតិវិធី​របស់​តុលាការ៖ «និយាយ​រួម​ជំហរ ​គណបក្ស​ប្រជាជន​នៅ​ដដែល​ទេ អត់​មាន​ត្រូវ​ការ​ជួប​អី​ទេ​ក្នុង​ពេល​ដែល​តុលាការ​កំពុង​ដំណើរការ​ នីតិវិធី​របស់​ខ្លួន​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ច្បាប់​ប៉ុន្មាន​នាក់​ ហ្នឹង»
ស្រប​ពេល​អ្នក​នយោបាយ​បន្ត​ខ្វែង​គំនិត​គ្នា​លើ​ជម្លោះ​នយោបាយ​នេះ អ្នក​វិភាគ​យល់​ឃើញ​ថា ជា​ជម្រើស​គណបក្ស​ប្រឆាំង​ត្រូវ​រក្សា​ជំហរ​នៅ​ស្ងៀមស្ងាត់​វិញ ជា​ជាង​ផ្ដួចផ្ដើម​នាំ​ឲ្យ​មាន​ការ​ចរចា​ផ្នែក​នយោបាយ។
លោក កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​បើក​ចរចា​នៅ​ពេល​នេះ ក៏​នឹង​មិន​បាន​ចំណេញ​អ្វី​ប៉ុន្មាន​នោះ​ឡើយ។ យ៉ាង​ហោច​ណាស់​បក្ស​នយោបាយ​ទាំង​ពីរ​បាន​ត្រឹម​អង្គុយ ហើយ​លើក​យក​បញ្ហា​ដែល​វា​ពុំ​មែន​ជា​ដំណោះស្រាយ​ដែល​ខ្លួន​ចង់​បាន​ថែម​ទៀត​ ផង។ លោក កែម ឡី យល់​ថា អ្វី​ដែល​បក្ស​ប្រឆាំង​ត្រូវ​ធ្វើ​នោះ​គឺ​រៀបចំ​ខ្លួន​ធ្វើ​យ៉ាង​ណា​ត្រៀម​ យុទ្ធសាស្ត្រ​ក្នុង​ការ​បោះឆ្នោត និង​បង្កើន​ធនធាន​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​ដណ្ដើម​ជ័យជំនះ​នៅ​ពេល​ បោះឆ្នោត​វិញ៖ «ខ្ញុំ​មើល​ទៅ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​វា​គួរ​តែ​ត្រៀម​ ខ្លួន​ ឲ្យ​ខ្ពស់​ជាង​ការ​បន្ធូរបន្ថយ​ឥរិយាបថ ទី​១ ត្រូវ​រៀបចំ​គោលនយោបាយ រៀបចំ​កំណែទម្រង់​គណបក្ស និង​ត្រៀម​ខ្លួន​របៀប​ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ក្រោយ»
កាល​ពី​ថ្ងៃ​ខែ​កញ្ញា ឆ្នាំ​២០១៥ ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់​ជំហរ​ថា លោក​មិន​ត្រូវ​ការ​ចរចា​ណា​មួយ​ជាមួយ​បក្ស​ប្រឆាំង​ដែល​ទាមទារ​ឲ្យ​មាន​ ជំនួប ប៉ុន្តែ​ចិត្ត​មិន​ស្មោះត្រង់​នោះ​ឡើយ។ លោក ហ៊ុន សែន អះអាង​ថា កិច្ច​សន្ទនា​នេះ​មិន​ចាំបាច់​តែ​ជាមួយ​បក្ស​ប្រឆាំង ពោល​គឺ​នៅ​មាន​ដៃគូ​សន្ទនា​ដែល​មាន​បក្ស​នយោបាយ​ប្រមាណ ៥០​គណបក្ស​ផ្សេង​ពី​នេះ​ទៀត ដែល​លោក​ត្រូវ​ធ្វើ​ការ​ជាមួយ។
អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​តាំង​ពី​ដើម​រៀង​មក​ប្រៀប​ដូច​ទឹក​និង​ប្រេង​យ៉ាង​ ដូច្នោះ។ គេ​មិន​រំពឹង​ថា ប្រសិន​បើ​មាន​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​មែន មិន​ប្រាកដ​បក្ស​ទាំង​ពីរ​អាច​នឹង​អង្គុយ​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ណាស់។ ម្ខាង​ព្យាយាម​រក​ចំណុច​ខ្សោយ ឬ​ឯ​ម្ខាង​ទៀត មិន​ដែល​ទទួល​កំហុស​លើស​ពី​នេះ ជា​ញឹកញាប់​តែង​ប្រើប្រាស់​ប្រពន្ធ​តុលាការ​ក្នុង​ការ​ដាក់​សម្ពាធ៕
2016-07-09 ដោយ ម៉ម មុនីរតន៍

No comments:

Post a Comment