Friday, July 1, 2016

សម រង្ស៊ី ៖ កម្ពុជាមានជម្រើសពីរយ៉ាង ទាក់ទងនឹងជំនួយអន្តរជាតិ

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្មីៗនេះ បានបញ្ជាក់នូវជម្រើសពីរយ៉ាងពាក់ព័ន្ធនិងជំនួយអន្ដរជាតិមកដល់កម្ពុជា
លោកប្រធាន សម រង្ស៊ី បានពន្យល់នូវជម្រើសទំាងពីរនោះថា ទី១ មេដឹកនាំប្រទេសសព្វថ្ងៃ ចេះកែខ្លួន ឈប់គាបសង្កត់ប្រជាពលរដ្ឋ ឈប់រំលោភសិទ្ធិមនុស្ស ឈប់ចាប់ប្រជារាស្ត្រធ្វើជាចំណាប់ខ្មាំងចំពោះមុខម្ចាស់ជំនួយបរទេស ពេលនោះ ប្រជាពលរដ្ឋ នឹងទទួលបានសេរីភាព ហើយអំណាចផ្តាច់ការត្រូវបានបញ្ចប់។
ប្រទេសកម្ពុជាទទួលបានជំនួយអន្តរជាតិកាន់តែច្រើន កិត្តិយសប្រទេសយើង ត្រូវបានស្តារឡើងវិញ។ យើងនឹងមានមេដឹកនាំដែលគេអាចគោរពបាន ។
ចំណែកជម្រើសទី២ គឺមានមេដឹកនាំប្រទេសសព្វថ្ងៃ ដែលមិនព្រមកែខ្លួន នៅតែគាបសង្កត់ប្រជាពលរដ្ឋ នៅតែរំលោភសិទ្ធិមនុស្ស ហើយនៅតែចាប់ប្រជារាស្ត្រធ្វើជាចំណាប់ខ្មាំងចំពោះមុខម្ចាស់ជំនួយបរទេស ។ ប្រជាពលរដ្ឋនៅតែគ្មានសេរីភាព ហើយអំណាចផ្តាច់ការនៅតែបន្ត ជំនួយអន្តរជាតិអាចត្រូវគេកាត់ផ្តាច់ ឬកាត់បន្ថយ កិត្តិយសប្រទេសយើងនៅតែអាប់ឱន ដោយសារមេដឹកនាំប្រទេសប្រព្រឹត្តអំពើមិនថ្លៃថ្នូរដូចសព្វថ្ងៃ ។
លោកប្រធាន សម រង្ស៊ី បានពន្យល់ថា ក្នុងការទទួលជំនួយអន្តរជាតិ របបផ្តាច់ការនីមួយៗតែងតែចាប់ប្រជាពលរដ្ឋដែលខ្លួនគ្រប់គ្រងធ្វើជាចំណាប់ខ្មាំងដោយអះអាងថា បើសហគមន៍អន្តរជាតិកាត់ជំនួយនោះប្រជាពលរដ្ឋទេដែលនឹងជួបការលំបាក ក្នុងជីវភាពរស់នៅពីព្រោះមេដឹកនាំប្រទេស និងក្រុមគ្រួសារគេនៅតែមានជីវភាពធូរធារជានិច្ច ។
លោកប្រធាន សម រង្ស៊ី បន្តលើកឡើងថា មេដឹកនាំផ្តាច់ការណាក៏ធ្វើជាមិនយល់ដែរថា សហគមន៍អន្តរជាតិម្ចាស់ជំនួយ គេមានបំណងល្អទេក្នុងការជំរុញប្រទេស ក្រីក្រដែលទទួលជំនួយពីគេឲ្យគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលនឹងនាំមកនូវអភិបាលកិច្ចល្អ ។
គួររំលឹកផងដែរថា កាលពីពេលកន្លងមកថ្នាក់ដឹកនំាគណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់ពីគោលជំហរគណបក្សសង្គ្រោះជាតិថា បើទោះជាគណបក្សសង្គ្រោះជាតិ មិនពេញចិត្តរបៀបដឹកនាំប្រទេសរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងការធ្វើទុក្ខបុកម្នេញមកលើគណបក្សសង្គ្រោះជាតិ ព្រមទាំងមន្ត្រីសង្គមស៊ីវិលជាបន្តបន្ទាប់ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិមិនចង់ឃើញម្ចាស់ជំនួយអន្តរជាតិ ផ្តាច់ជំនួយមកលើប្រទេសកម្ពុជាឡើយ ព្រោះវាប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ពិសេសពលរដ្ឋក្រីក្រ ៕
ដោយ៖ យ៉ន លីនេត , cnrp7.org

No comments:

Post a Comment