កញ្ញា ជា ផល្លា មកពីរដ្ឋវឺជីនៀ (Virginia) ជាប់ជាបវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ សម្រាប់ឆ្នាំ២០១៦ (Intercontinental USA 2016)។ Photo provided |
នេះជាលើកដំបូងហើយដែលមាននារីខ្មែរតំណាងឲ្យរដ្ឋវឺជីនៀ បានចូលរួមប្រឡងប្រណាំងជាមួយបវរកញ្ញាជាច្រើនទៀតមកពីរដ្ឋចំនួន ជិត ២០ ទូទាំងសហរដ្ឋអាមេរិក។
កញ្ញា ជា ផល្លា ដែលបច្ចុប្បន្នជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យ ខំមិនវ៉ែល រដ្ឋវឺជីនៀ (Commonwealth University of Virginia) ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ថា កញ្ញាសប្បាយចិត្តជាខ្លាំងដែលបានឈ្នះជយលាភីនេះ កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា នៅក្នុង
ការប្រកួតបវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ សម្រាប់ឆ្នាំ២០១៦ ក្នុងរដ្ឋម៉ារីឡែន (Maryland)។
កញ្ញានឹងទៅចូលរួមប្រកួតប្រជែងបវរកញ្ញា អ៊ីនធឺខនធីនិនថល វឺលដ៍ (Intercontinental World) សម្រាប់ឆ្នាំ២០១៦ នៅខែតុលា ឆ្នាំ២០១៦ ខាងមុខ៖ «ខ្ញុំសប្បាយរីករាយដែលបានឈ្នះ Miss Intercontinental USA។ ខ្ញុំនឹងចូលរួមប្រកួតជាមួយប្រទេសជិត ៦០ផ្សេងទៀតទូទាំងពិភពលោកនៅប្រទេសសិរីលង្កា (SriLanka)...»។
ម្ដាយរបស់កញ្ញា ជា ផល្លា អ្នកស្រី ជា ម៉ារី សម្ដែងនូវក្ដីមោទនភាពជាខ្លាំងដែលកូនស្ត្រីបានជាប់ជាបវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ។ អ្នកស្រីបន្តថា កូនស្រីនឹងចំណាយពេលវេលាដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យកូនខ្មែរបន្តថែរក្សាប្រពៃណីវប្បធម៌ខ្មែរ និងប្រឹងប្រែងរៀនសូត្រដើម្បីអនាគតរបស់ខ្លួន ទោះបីជារស់នៅទីណាក៏ដោយ៖ «ខ្ញុំជាម្ដាយសប្បាយចិត្តណាស់ ព្រោះគិតថា ឲ្យគេស្គាល់ និងដឹងឮថា នេះតំណាងខ្មែរ អត់មានខ្មែរយើងជាតំណាងនៅក្នុងការប្រកួតប្រជែងនេះ ហើយនេះជាលើកទី១។ សូមអរគុណខ្មែរទាំងអស់ ទាំងនៅក្នុង និងក្រៅប្រទេស ដែលបានជួយគាំទ្រ និងលើកទឹកចិត្តឲ្យឆ្លើយនឹងសំណួរគេ និងបញ្ចេញពីសមត្ថភាពរបស់ខ្លួន។ ដោយការលើកទឹកចិត្តហ្នឹងហើយ ដែលជំរុញឲ្យកូនខ្ញុំបានឈ្នះហ្នឹងហើយ...»។
កញ្ញា ជា ផល្លា គឺជាកូនស្រីតែមួយគត់របស់លោក ជា សំអឿន និងអ្នកស្រី ជា ម៉ារី ដែលបច្ចុប្បន្នរស់នៅក្នុងក្រុងស្ទឺរលីង (Sterling) រដ្ឋវឺជីនៀ។ ពលរដ្ឋខ្មែរ-អាមេរិកាំង ជាច្រើននាក់ដែលបានទៅចូលរួមក្នុងពិធីប្រកួតប្រជែងបវរកញ្ញានេះ បានសំដែងក្ដីអបអរសាទរ និងរំភើបជាខ្លាំង ហើយថា នេះជាមោទនភាពរបស់ស្ត្រីខ្មែរ និងប្រជាពលរដ្ឋខ្មែរ៕
2016-07-26 ដោយ ម៉ៅ សុធានី
No comments:
Post a Comment