Saturday, September 3, 2016

មេដឹកនាំ​យោធា​ជាន់​ខ្ពស់​ប្រកាស​ជំហរ​ទប់​ស្កាត់​អ្នក​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន

ទៀ បាញ់ ៦២០
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។RFA/Brach Chev
មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ ការពារ​ជាតិ និង​កង​យោធពលខេមរភូមិន្ទ បាន​ប្ដេជ្ញា​ដាច់​ខាត​ការពារ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ពី​ការ​ ប៉ុនប៉ង​ណា​មួយ​ដែល​ចង់​ទម្លាក់​លោក ហ៊ុន សែន ចេញ​ពី​មុខ​តំណែង។ ការ​ប្រកាស​ជា​រឿយៗ​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា នេះ​ជា​សញ្ញា​នៃ​ការ​គំរាមកំហែង​ស្មារតី​ពលរដ្ឋ និង​ជា​
វប្បធម៌​ឯង​ជួយ​អញ អញ​ជួយ​ឯង។
ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ មិន​ទាន់​ទាំង​បាន​ចាប់​ផ្ដើម​នៅ​ឡើយ​ផង ប្រមុខ​ដឹកនាំ​យោធា​គ្រាក់ៗ បាន​ប្រកាស​យ៉ាង​ឧឡារិក​ហើយ​ថា កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​បាន​ត្រៀម​រួច​ជា​​ស្រេច​ហើយ ក្នុង​ការ​ទប់ស្កាត់​ជន​ណា​មួយ ឬ​ក្រុម​បក្ស​នយោបាយ​ណា​មួយ​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ លោក ហ៊ុន សែន។
សារ​ព្រមាន​បែប​នេះ​គេ​តែង​សង្កេត​ឃើញ​ផ្សព្វផ្សាយ​ជា​ហូរហែ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។ នៅ​ចុង​ខែ​សីហា កន្លង​ទៅ​ថ្មីៗ​នេះ អគ្គ​មេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ លោក គន់ គីម បាន​ប្រកាស​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ គឺ​ត្រូវ​តែ​មាន​អព្យាក្រឹតភាព​ចំពោះ​រដ្ឋាភិបាល។ ក្នុង​ន័យ​នេះ​លោក គន់ គីម ថ្លែង​ថា រាជរដ្ឋាភិបាល​គឺ​សំដៅ​ដល់​ការ​ការពារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដោយ​ឡែក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ វិញ បាន​ប្ដេជ្ញា​ជា​ញឹកញាប់​ហើយ​ថា គឺ​ត្រូវ​តែ​ការពារ​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន។ បន្ថែម​ពី​នេះ សារ​ព្រមាន​ចុង​ក្រោយ​របស់​លោក ទៀ បាញ់ ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​លោក​ដោយ​ផ្ទាល់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កញ្ញា សរសេរ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​អនុវត្ត​បទបញ្ជា​ថ្នាក់​លើ​ក្នុង​ការ​ការពារ និង​ទប់​ស្កាត់​រាល់​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ កើត​ចេញ​ពី​ការ​បោះឆ្នោត​នេះ។
អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ការ​បោះឆ្នោត​គឺ​សំដៅ​ដល់​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​សន្លឹក​ឆ្នោត។ មេដឹកនាំ​បក្ស​នយោបាយ​ណា​មួយ​ដែល​លែង​មាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ហើយ គឺ​គណបក្ស​នយោបាយ​ផ្សេង​ដែល​ឈ្នះ​ជា​អ្នក​ឡើង​មក​គ្រប់គ្រង​វិញ​ម្តង។ ក៏ប៉ុន្តែ​ចរន្ត​នយោបាយ​នៅ​កម្ពុជា អ្នក​វិភាគ​សង្កេត​ឃើញ​ថា ហាក់​ផ្ទុយ​ពី​នេះ​វិញ។ ក្រុម​មេដឹកនាំ​ធំៗ​ និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ដែល​នៅ​កៀក​នឹង​លោក ហ៊ុន សែន តែង​បញ្ចេញ​សារ​នយោបាយ​គំរាម​ទុក​ជា​មុន ហាក់​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​សន្លឹក​ឆ្នោត​នេះ​តែម្ដង។
អ្នក​វិភាគ​នយោបាយ និង​គណបក្ស​ប្រឆាំង​វិញ​យល់​ឃើញ​ថា បើ​ទោះ​ជា​ក្រុម​ប្រមុខ​ដឹកនាំ​យោធា​ប្ដេជ្ញា​ការពារ​ក្នុង​ក្របខ័ណ្ឌ​ ច្បាប់​ថា នឹង​នៅ​តែ​ស្មោះស្ម័គ្រ​រដ្ឋាភិបាល​ក៏​ដោយ​ចុះ នេះ​បាន​បង្ហាញ​រួច​ទៅ​ហើយ​ថា មន្ត្រី​ជាន់​ខ្ពស់​យោធា​ទាំង​នោះ នឹង​មិន​ប្រគល់​អំណាច​ឲ្យ​បក្ស​នយោបាយ​ដទៃ តាម​រយៈ​ការ​បោះឆ្នោត​នេះ​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ។
លោក គឹម សុខ អ្នក​តាម​ដាន​នយោបាយ និង​ជា​អ្នក​វិភាគ​សង្គម​ចាត់​ទុក​ថា សារ​នយោបាយ​របស់​ក្រុម​ប្រមុខ​ដឹកនាំ​យោធា​នេះ បើ​ទោះ​ជា​មិន​បង្ហាញ​ថា ប្រើ​អំណាច​ក៏​ដោយ​ចុះ តាម​រយៈ​ការ​អំពាវនាវ​ដល់​កងទ័ព​បាន​បញ្ជាក់​រួច​ហើយ​ថា ក្រុម​មេដឹកនាំ​យោធា​ទាំង​នោះ មិន​ចង់​ឲ្យ​អំណាច​ត្រូវ​បាត់បង់​ទៅ​បក្ស​ផ្សេង​តាម​រយៈ​ការ​បោះឆ្នោត​ទេ។ ម្យ៉ាង​វិញ​ទៀត នេះ​ជា​សញ្ញា​នៃ​ការ​គំរាមកំហែង​ផ្នែក​ស្មារតី​មុន​រួច​ទៅ​ហើយ​ថា បើ​សិន​សន្លឹក​ឆ្នោត​មាន​ការ​ប្រែប្រួល​មែន រដ្ឋ​ប្រហារ​ដោយ​យោធា​ប្រាកដ​ណាស់​នឹង​កើត​ឡើង៖ «»។
ប្រទេស​កម្ពុជា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ កម្រ​ឃើញ​ការ​ផ្លាស់ប្ដូរ​របប​ដែល​ធ្វើ​ឡើង​តាម​រយៈ​សន្លឹក​ឆ្នោត​ផ្ដើម​ចេញ ​ពី​ឆន្ទៈ​ពលរដ្ឋ​ណាស់។ របប​លោក​សេនា​ប្រមុខ លន់ នល់ ដួល​រលំ​​តាម​រយៈ​សង្គ្រាម​ជាមួយ​ក្រុម​យោធា​ខ្មែរ​ក្រហម។ របប​ខ្មែរ​ក្រហម​ត្រូវ​រលត់​រលាយ​ក្រោម​ស្នាដៃ​របស់​កងទ័ព​រណសិរ្ស​សង្គ្រោះ ​ជាតិ​កម្ពុជា។
បើ​ទោះ​ជា​បែប​ណា លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា វា​មិន​ប្រាកដ​ថា ទឹកចិត្ត​យោធា​នៅ​ថ្នាក់​ក្រោម អាច​ធ្វើ​សេចក្ដី​សម្រេច​ដូច​ការ​ប្រកាស​របស់​ប្រមុខ​ដឹកនាំ​យោធា​នេះ​ឡើយ។ លោក​ជឿ​ថា មាន​កងទ័ព​ច្រើន​ណាស់​ដែល​មាន​ភក្ដីភាព​ចំពោះ​ជាតិ​មាតុភូមិ៖ «»។
ជុំវិញ​រឿង​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​សម្រេច​មួយ គឺ​បង្កើត​ក្រុម​អ្នក​ច្បាប់​ដើម្បី​តាម​ដាន​រាល់​បញ្ហា​ដែល​ផ្ទុះ​ឡើង​ចេញ​ ពី​ការ​បោះឆ្នោត។ សេចក្ដី​សម្រេច​ដែល​កែសម្រួល​សមាសភាព​គណៈកម្មការ​ច្បាប់ និង​នីតិវិធី​នៃ​គណៈ​បញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ កណ្ដាល​បក្ស​ប្រជាជន​នេះ គឺ​មាន​ក្រុម​ការងារ​រហូត​ដល់ ២៦​រូប ក្នុង​នោះ​មាន​លោក ស ខេង ជា​ប្រធាន លោក ឯក សំអុល អតីត​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ព្រម​ទាំង​លោក អ៊ឹម សួស្ដី អតីត​ប្រធាន គ.ជ.ប ជាដើម។
សេចក្ដី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន នេះ គឺ​តម្រូវ​ឲ្យ​គណៈកម្មការ​នេះ ត្រូវ​តាម​ដាន​គ្រប់​ជំហាន​នៃ​ដំណើរ​ការ​បោះឆ្នោត និង​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ការពារ​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​ គណបក្ស​ប្រជាជន​កម្ពុជា និង​សម្រាប់​ការ​ប្ដឹង​តវ៉ា និង​ជំទាស់​ផ្សេងៗ​វិញ​ផង។ ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ​ការ​ត្រៀម​ទុក​បែប​នេះ ប្រហែល​ជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹង​រួច​ជា​ស្រេច​ហើយ​ថា លែង​ទទួល​បាន​គាំទ្រ​ដូច​អាណត្តិ​មុនៗ​ទៀត៕
ប្រភព៖ RFA Khmer

No comments:

Post a Comment