លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើសន្និសីទកាសែតនាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥។RFA/Morm Moniroth |
ខណៈមេធាវីរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្ដឹងរដ្ឋាភិបាល និងកូនប្រុសច្បងនាយករដ្ឋមន្ត្រី កំពុងក្លាយជាប្រធានបទពេញនិយម ជាពិសេសនៅតាមបណ្ដាញសង្គមហ្វេសប៊ុក អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុក របស់លោកកាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ថា រដ្ឋាភិបាលកម្ពុជា គឺមិនស្ថិតនៅក្រោមឥទ្ធិពលនៃអំណាចតុលាការរបស់សហរដ្ឋអាមេរិក នោះឡើយ។ ចំពោះករណីលោក ហ៊ុន ម៉ាណែត ជាប្រជាពលរដ្ឋខ្មែរដែលទទួលបានកិច្ចការពារដោយច្បាប់កម្ពុជា ខុសពីលោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក។
ចំណែកអ្នកវិភាគនយោបាយយល់ថា បន្ទាប់ពីតុលាការអាមេរិក ចាត់ការលើរឿងនេះ នឹងធ្វើឲ្យគណបក្សសង្គ្រោះជាតិ មានទឹកមាត់ប្រៃយកទៅចរចាជាមួយគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបែបនេះ តុលាការសហព័ន្ធមជ្ឈិមក្នុងទីក្រុងឡូសអែនជែឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) បានសម្រេចឲ្យដើមបណ្ដឹងមានសិទ្ធិរកព័ត៌មាន អង្គហេតុភស្តុតាង និងការសួរសំណួរបន្ថែមអំពីដំណើរការក្ដីក្ដាំករណីប្ដឹងផ្ដល់លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន និងបក្សពួកកាលពីថ្ងៃទី២ ខែកញ្ញា។
ក្នុងពេលនោះដែរ មានអ្នកប្រើហ្វេសប៊ុក មួយចំនួនផ្សព្វផ្សាយថា លោក ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល ចាញ់ក្តីនៅសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺលោក មាជ សុវណ្ណារ៉ា កំពុងជាប់ឃុំក្នុងពន្ធនាគារ បានប្ដឹងលោក ហ៊ុន ម៉ាណែត និងបក្សពួកពីបទធ្វើទារុណកម្ម ភេរវកម្មអន្តរជាតិ ការបំពារបំពានលើរូបរាងកាយ និងករណីមួយចំនួនទៀត។ លោក ហ៊ុន ម៉ាណែត បានជួលមេធាវីស៊ីថ្លៃខ្ពស់ដើម្បីការពារក្ដីនេះ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត បានទេ នៅថ្ងៃទី៣ ខែកញ្ញា។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្នុងករណីតុលាការចាត់មនុស្សមកប្រមូលព័ត៌មាននៅប្រទេសកម្ពុជា រដ្ឋាភិបាលមិននិយាយជាមួយក្រុមទាំងនោះទេ ប៉ុន្តែប្រសិនក្រុម អេហ្វ.ប៊ី.អាយ (FBI) ចង់ស៊ើបអង្កេតយ៉ាងម៉េច ត្រូវសុំការអនុញ្ញាតពីកម្ពុជា៖ «»។
ចំណែកអ្នកវិភាគនយោបាយ លោក សូ ចន្ថា យល់ថា នៅពេលតុលាការនៅសហរដ្ឋអាមេរិក ដំណើរការក្តីរឿងនេះ ជាប្រយោជន៍ដល់បក្សប្រឆាំងដែលអាចយកករណីនេះទៅចរចាជាមួយគណបក្ស ប្រជាជនកម្ពុជា ខណៈតុលាការនៅកម្ពុជា កំពុងចោទប្រធាន អនុប្រធាន មន្ត្រីជាន់ខ្ពស់ រហូតសកម្មជនគណបក្សសង្គ្រោះជាតិ។ ករណីប្ដឹងលោក ហ៊ុន សែន ឬរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោយពីការចរចានយោបាយនៅកម្ពុជា ករណីប្ដឹងផ្ដល់នោះក៏ស្ងប់ស្ងាត់ទៅវិញ៖ «»។
ជំនួយការមេធាវីឲ្យលោក មូរតុន ក្លារ (Morton Sklar) ដែលជាមេធាវីរបស់លោក មាជ សុវណ្ណារ៉ា លោក អ៊ុច សុខខាំបូ ឲ្យអាស៊ីសេរីដឹងថា តុលាការសហព័ន្ធអាមេរិក អាចចេញដីកាចាប់ខ្លួនលោក ហ៊ុន ម៉ាណែត និងបក្សពួករបស់លោក ប្រសិនបើគេរកឃើញថា លោកពិតជាមានបទឧក្រិដ្ឋពាក់ព័ន្ធនឹងការបង្ករបួសស្នាមធ្ងន់ធ្ងរ មែននោះ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment