ទីតាំងក្រុមហ៊ុនវាយបំបែកថ្មនៅភ្នំធំ ឋិតនៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ RFA/Hum Chamroeun |
អ្នកស្រុករស់នៅចង្កេះភ្នំធំ ស្រុកមង្គលបូរី លើកឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែបណ្ដោយឲ្យក្រុមហ៊ុនធ្វើអាជីវកម្មវាយបំបែកថ្មលក់ដោយសេរីបន្តទៅទៀត បញ្ហានេះនឹងធ្វើឲ្យ
ប៉ះពាល់កាន់តែខ្លាំងដល់ការរស់នៅរបស់ពួកគាត់ជាពុំខាន។
ពលរដ្ឋម្នាក់រស់នៅចង្កេះភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី លោក អ៊ុច ដន ថ្លែងថា ក្រុមហ៊ុនចំនួន៤ ធ្វើអាជីវកម្មវាយបំបែកថ្មលក់នៅភ្នំធំ មានរយៈពេលប្រហែល ៥ឆ្នាំហើយ ដែលបានប៉ះពាល់
ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ។ លោកអះអាងថា នៅពេលដែលក្រុមហ៊ុនវាយបំបែកថ្មម្ដងៗមានសំឡេងលាន់ឮដូចរន្ទះបាញ់ ហើយធ្វើឲ្យរង្គោះរង្គើផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះ និងសាលារៀនប្រេះស្រាំអស់ជាច្រើនខ្នង។ ក្រៅអំពីនេះ លោកថានៅពេលក្រុមហ៊ុនវាយបំបែកថ្ម ពេលខ្លះកម្ទេចថ្មខ្ទាតចម្ងាយរាប់រយម៉ែត្រ ហើយចំដំបូលផ្ទះរបស់ពួកគាត់ធ្លុះធ្លាយស្ទើររៀងរាល់ខែ ប៉ុន្តែពុំមានអាជ្ញាធរ ឬក្រុមហ៊ុនណាចេញមកទទួលខុសត្រូវសងសំណងខូចខាតផ្ទះរបស់ពួកគាត់ឡើយ៖ «ខ្ញុំសូមឲ្យរដ្ឋាភិបាលបញ្ឈប់ក្រុមហ៊ុន ឲ្យទៅយកថ្មភ្នំនៅកន្លែងផ្សេង ហើយកន្លែងនេះគ្រាន់ឲ្យក្មេងជំនាន់ក្រោយបានមើលភ្នំ។ ហើយក្រុមហ៊ុនបំបែកថ្មយកដីទៅលក់ យកប្រាក់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន»។
នៅភ្នំធំ ស្រុកមង្គលបូរី មានក្រុមហ៊ុនធំៗដែលធ្វើអាជីវកម្មវាយបំបែកថ្មលក់ចំនួន ៤កន្លែង រួមមានក្រុមហ៊ុន អិត លឿ ក្រុមហ៊ុន គោ ណៃ ក្រុមហ៊ុន នុក ទូច និងក្រុមហ៊ុន លឹម សេង។ នៅចង្កេះភ្នំនេះ មានពលរដ្ឋរស់នៅប្រមាណ ៤០០គ្រួសារ ហើយពួកគាត់ភាគច្រើនព្រួយបារម្ភអំពីក្រុមហ៊ុនវាយបំបែកថ្មប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ដូចគ្នា។
ជាក់ស្ដែង ពលរដ្ឋនៅចង្កេះភ្នំធំម្នាក់ទៀត គឺលោក ថាវ ស៊ីណែត លើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុនវាយបំបែកថ្មនៅភ្នំនេះបានប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់មានទំហំធំធេងកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ជាពិសេសរយៈពេលប្រមាណ ២ឆ្នាំកន្លងទៅនេះ។ លោកអះអាងថា កន្លងទៅមានកម្មករធ្វើការនៅក្នុងក្រុមហ៊ុនខ្លះ ត្រូវកម្ទេចថ្មខ្ទាតបាក់ជើង និងរងរបួសជាច្រើននាក់ ប៉ុន្តែខាងក្រុមហ៊ុនតែងបិទបាំងរឿងទាំងអស់នេះ ដោយមិនបញ្ចេញឲ្យសាធារណជនបានដឹងឡើយ គឺព័ត៌មានចេញទៅខាងក្រៅបាន នៅពេលណាដែលមានមនុស្សស្លាប់ច្រើននាក់ ដែលមិនអាចលាក់បាំងបានប៉ុណ្ណោះ។ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់ក្រុមហ៊ុនវាយបំបែកថ្មនៅភ្នំធំទាំងអស់ ដើម្បីកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ពួកគាត់នៅជុំវិញចង្កេះភ្នំនេះ៖ «ពួកខ្ញុំជាប្រជាពលរដ្ឋនៅក្បែរភ្នំធំ មិនចង់ឲ្យក្រុមហ៊ុនវាយបំបែកថ្មនៅទីនោះទេ ប៉ុន្តែយើងមិនដឹងធ្វើយ៉ាងណាហាមឃាត់បាន។ ម្យ៉ាងទៀត គេវាយបំបែកថ្មក្នុងមួយឆ្នាំទៅមួយឆ្នាំ ស្ទើរតែហិនហោចថ្មភ្នំអស់ទៅហើយ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ លោក សុត វឌ្ឍនា មានប្រសាសន៍ថា ក្រុមហ៊ុនធ្វើអាជីវកម្មវាយបំបែកថ្មនៅភ្នំធំចំនួន ៤កន្លែងនោះ មានច្បាប់អនុញ្ញាតពីក្រសួងរ៉ែ និងថាមពល។ ទោះជាយ៉ាងនេះក្ដី លោកថាចំពោះផលប៉ះពាល់ដោយសារក្រុមហ៊ុនវាយបំបែកថ្មទៅលើប្រជាពលរដ្ឋនោះ គឺខាងមន្ទីរមិនហ៊ានសម្រេចឲ្យបញ្ឈប់ក្រុមហ៊ុនធ្វើអាជីវកម្មបាននោះទេ៖ «កន្លែងនេះ មន្ទីរម្នាក់ឯងមិនអាចបញ្ឈប់ ឬមិនបញ្ឈប់បានទេ លុះត្រាតែគ្រប់ស្ថាប័នទាំងអស់ដែលពាក់ព័ន្ធ លោកអ្នកសម្រេចបានទៅរួច ពីព្រោះការស្នើសុំក៏គេស្នើសុំតាមរយៈរដ្ឋអំណាច តាមរយៈថ្នាក់ដឹកនាំក្រសួង និងថ្នាក់ខេត្ត តាំងពីភូមិ-ឃុំឡើងទៅ»។
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនវាយបំបែកថ្មនៅភ្នំធំ និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការលើកឡើងរបស់អ្នកស្រុកបានទេ នៅថ្ងៃទី១៣ វិច្ឆិកា។
ចំណែកក្រុមប្រឹក្សាស្រុកមង្គលបូរី មកពីគណបក្សសង្គ្រោះជាតិ លោក ឡុង ឡាវី មានប្រសាសន៍ថា ក្រុមហ៊ុនធ្វើអាជីវកម្មវាយបំបែកថ្មទាំងនោះពុំបានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះឡើយ។ លោកអះអាងថា កន្លងទៅ លោកធ្លាប់លើកបញ្ហានេះនៅក្នុងអង្គប្រជុំសាលាស្រុកមង្គលបូរី ដើម្បីដោះស្រាយពីការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅចង្កេះភ្នំធំ ជាច្រើនលើកមកហើយ ប៉ុន្តែពុំមានប្រសិទ្ធភាព៖ «ខ្ញុំចង់ឲ្យបញ្ឈប់ក្រុមហ៊ុនវាយថ្មនៅភ្នំជាបន្ទាន់ ព្រោះខ្ញុំខ្លាចហិនហោចអស់ភ្នំបាត់ពីផែនដី ហើយទី២ មានសំឡេងរំខានវាប៉ះពាល់ដល់ការសិក្សារបស់សិស្សនៅទីនោះ»។
កាលពីរសៀលថ្ងៃទី១៦ តុលា ថ្មធ្លាក់សង្កត់ខូចអេស្កាវាទ័រចំនួន ២គ្រឿង និងស្លាប់មនុស្សចំនួន ៣នាក់ រួមមានលោក លឹម ប៊ុនឡុង អាយុ ២៦ឆ្នាំ លោក ហែម គឹមឡេង អាយុ ៥២ឆ្នាំ និងលោក ថន រដ្ឋា អាយុ ៣៦ឆ្នាំ ដែលអ្នកទាំងបីកំពុងធ្វើការនៅកន្លែងកើតហេតុនៅភូមិភ្នំធំត្បូង ឃុំប្រាសាទ ស្រុកមង្គលបូរី។ ក្រោយមក អាជ្ញាធរខេត្តបន្ទាយមានជ័យ បានផ្អាកក្រុមហ៊ុន លឹម សេង មិនឲ្យធ្វើអាជីវកម្មថ្មភ្នំបណ្ដោះអាសន្ន រហូតមកទល់ពេលនេះមិនទាន់ដំណើរការនៅឡើយ។ ចំណែកក្រុមហ៊ុនវាយបំបែកថ្ម ៣ផ្សេងទៀតនៅបន្តសកម្មភាពរបស់ខ្លួនដដែល។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ កត់សម្គាល់ថា ក្រុមហ៊ុនធ្វើអាជីវកម្មវាយបំបែកថ្មនៅភ្នំធំ ស្រុកមង្គលបូរី នឹងធ្វើឲ្យរលាយអស់ភ្នំ និងប៉ះពាល់កាន់តែខ្លាំងដល់ប្រជាពលរដ្ឋតំបន់នោះ។ លោកជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យឡើងវិញនូវច្បាប់ដែលបានអនុញ្ញាត ឲ្យក្រុមហ៊ុនទាំងនោះធ្វើអាជីវកម្មវាយបំបែកថ្ម ឬស្នើឲ្យបញ្ឈប់ក្រុមហ៊ុនទាំងនោះតែម្ដង៖ «អ៊ីចឹងបញ្ហាកើតឡើងជាបន្តបន្ទាប់មកហើយ ប៉ុន្តែមន្ត្រីមានអំណាច និងអ្នកមានលុយមានកាក់ តែងតែជីកកកាយភ្នំយកដីលក់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបានក្លាយជាអ្នកមាន ហើយធ្វើបាត់បង់ធនធានរបស់រដ្ឋដោយសារតែខ្លួន»។
រដ្ឋធម្មនុញ្ញមាត្រា៥៩ ចែងថា រដ្ឋត្រូវរក្សាការពារបរិស្ថាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឲ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃឈើ និងអនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆជាតិ និងធនធានធម្មជាតិ ជាដើម៕
ដោយ ហ៊ុំ ចំរើន 2016-11-14
ប្រភព៖ RFA Khmer
No comments:
Post a Comment