ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងក្នុងពេលឃោសនារកសំឡេងឆ្នោតនៅខេត្តបាត់ដំបង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងជាថ្មីថា គោលនយោបាយគណបក្សខ្លួនដែលបានសន្យានៅពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ ដូចជាផ្តល់ថវិកា ៥០ម៉ឺនដុល្លារសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ជាដើម គឺអាចធ្វើបានពិតប្រាកដ ប្រសិនបើបក្សនេះបានជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល។ ប៉ុន្តែកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បែបចំអកថា គោលនយោបាយរបស់គណបក្សប្រឆាំងភាគច្រើនជាការសន្យាខ្យល់ជាមួយពលរដ្ឋ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងសារនយោបាយក្នុងពេលឃោសនារកសំឡេងឆ្នោតទៅកាន់ប្រជាពលរដ្ឋប្រមាណ ៣ពាន់នាក់នៅស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ឧសភា ថា លោកហ៊ានធានាពីគោលនយោបាយរបស់គណបក្សប្រឆាំងមួយនេះ គឺមិនមែនជាការសន្យាខ្យល់ឡើយ។ លោក កឹម សុខា សង្កត់ធ្ងន់ថា មានឧទាហរណ៍រួចមកហើយកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣
លោកបានសន្យាដំឡើងប្រាក់ខែមន្ត្រីរាជការឲ្យបានម្នាក់ ១លានរៀល និងតម្លៃភ្លើងអគ្គិសនី ៦០០រៀលក្នុងមួយគីឡូវ៉ាត់ ជាដើមនោះ គឺរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន កំពុងយកមកអនុវត្តសព្វថ្ងៃ។
លោកអះអាងថា ចំពោះគោលនយោបាយថវិកា ៥០ម៉ឺនដុល្លារអាមេរិកសម្រាប់អភិវឌ្ឍឃុំ-សង្កាត់ ក៏អាចធ្វើបានដែរ ប្រសិនបើគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតបានដឹកនាំប្រទេស៖ «ហើយគេនិយាយថា គណបក្សសង្គ្រោះជាតិ ដើរសន្យាខ្យល់ កុំជឿ! អត់មានលុយទេ! ធ្វើមិនបានទេ! ឥឡូវខ្ញុំសុំឲ្យបងប្អូនជនរួមជាតិទាំងអស់ជឿចុះ គណបក្សសង្គ្រោះជាតិ ធ្វើបាននៅពេលណាឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។ ឥឡូវប្អូនជឿ ឬមិនជឿ?»។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែរំឭកជារឿយៗថា ការសន្យារបស់គណបក្សប្រឆាំង គឺជាការសន្យាខ្យល់ ដោយពុំបានធ្វើអ្វីឲ្យឃើញជារូបរាង ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនោះទេ។ លោក ហ៊ុន សែន សរសេរជាថ្មីនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ ឧសភា ថា បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺគាំទ្រលើកស្ទួយ និងចូលរួមជួយជំរុញការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សឲ្យកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។
លោក ហ៊ុន សែន ថានេះមិនមែនជាការឃោសនាសន្យាខ្យល់ទេ តែជាការពិត មិនដូចបក្សមួយចំនួនកំពុងឃោសនាខ្យល់ដែលគ្មានបានកសាងអ្វីមួយនៅឡើយសម្រាប់យុវជន ក្មួយៗ និងចៅៗ គឺមិនអាចជឿទុកចិត្តបានឡើយ។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គាំទ្រនឹងគោលនយោបាយថវិកា ៥០ម៉ឺនដុល្លាររបស់គណបក្សសង្គ្រោះជាតិ ថាអាចធ្វើទៅបានរលូន ក៏ប៉ុន្តែត្រូវការមន្ត្រីជំនាញសម្រាប់គ្រប់គ្រងថវិកានៅតាមឃុំ-សង្កាត់៖ «សម្រាប់គណបក្សប្រឆាំង ឬគណបក្សណាក៏ដោយដែលមិនទាន់បានកាន់អំណាច គឺសន្យាខ្យល់ដូចតែគ្នាទេ ព្រោះការបង្ហាញគោលនយោបាយនេះ គឺបង្ហាញក្នុងលក្ខខណ្ឌដែលគណបក្សណាមួយឡើងកាន់អំណាច បានគេធ្វើកើត។ ចំពោះគណបក្សប្រឆាំងនៅប្រទេសណាក៏ដោយ បើសន្យាហើយធ្វើ តើបានលុយមកពីណា? បើលុយយើងបង់ពន្ធឲ្យរដ្ឋាភិបាលទាំងអស់ហើយ។ ប៉ុន្តែប្រហែលដោយសារពលរដ្ឋទូទៅមិនបានយល់ បានជារដ្ឋាភិបាល ហើយអ្នកដទៃចេះតែយកពាក្យសន្យាខ្យល់មកប្រើ»។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៤ ឧសភា គណបក្សសង្គ្រោះជាតិ ធ្វើយុទ្ធនាការធំជាងគេ បន្ទាប់មកមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហែក្បួនតាមផ្លូវពីស្រុកថ្មគោល ទៅស្រុកបវេល ដែលមានពលរដ្ឋចូលរួមជាង ១០០នាក់។ ចំណែកគណបក្សប្រជាជនកម្ពុជា មានសកម្មជនដើរចែកខិត្តប័ណ្ណតាមផ្ទះពលរដ្ឋ ព្រមទាំងចាក់គ្រឿងបំពងសំឡេងនៅតាមទីស្នាក់ការបក្សឃុំ-សង្កាត់។
លោក កឹម សុខា បន្តយុទ្ធនាការឃោសនាទៅខេត្តប៉ៃលិន នៅពេលរសៀលថ្ងៃទី២៤ ដដែល រួចទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បន្តបន្ទាប់ទៀត៕
ប្រភព: RFA Khmer
|
Thursday, May 25, 2017
លោក កឹម សុខា ថាគោលនយោបាយដែលបក្សសន្យាគឺអាចធ្វើបានពិតប្រាកដ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment