Thursday, May 25, 2017

អ្នក​ជំនាញ​រិះគន់​អង្គការ​អន្តរជាតិ​ទទួល​លុយ​រដ្ឋាភិបាល​កម្ពុជា​ជា​ថ្នូរ​សង្កេត​ការណ៍​បោះឆ្នោត

រថយន្ត​របស់​កង​កម្លាំង​រាជ​អាវុធហត្ថ ត្រូវ​ពលរដ្ឋ​ដុត​បំផ្លាញ ដោយសារ​មាន​កំហឹង​រឿង​បាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​ចោទ​ថា​ឈ្មោះ​របស់​ពួក​គាត់​ត្រូវ​បាន​គេ​បោះ​ជំនួស នា​មណ្ឌល​បោះឆ្នោត​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​ដែល​មាន​ការ​អញ្ជើញ​ដោយ​ផ្ទាល់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) តាម​រយៈ​ក្រសួង​ការ​បរទេស​កម្ពុជា នឹង​មក​ពិនិត្យ​ដោយ​ផ្ទាល់​សាជាថ្មី​ទៀត​ក្នុង​ពេល​ដែល​កម្ពុជា រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ ការ​ចំណាយ​ទៅ​លើ​ការ​ស្នាក់នៅ ម្ហូប​អាហារ និង​ថ្លៃ​ធ្វើ​ដំណើរ គឺ​ជា​បន្ទុក​របស់​កម្ពុជា ជា​អ្នក​រ៉ាប់រង។ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​យល់​ឃើញ​ថា កាលណា​សហគមន៍​អន្តរជាតិ​ទទួល​លុយ​ពី​រដ្ឋាភិបាល​ក្នុង​ស្រុក បង្ហាញ​ពី​ជំហរ​មិន​ឯករាជ្យ​រួច​ទៅ​ហើយ​ក្នុង​ការ​វាយ​តម្លៃ​ពី​លទ្ធផល​ចុង​ក្រោយ។
អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​លើ​ការ​បោះឆ្នោត រិះគន់​បេសកកម្ម​របស់​សន្និសីទ​អន្តរជាតិ​ស្ដីពី​គណបក្ស​នយោបាយ​អាស៊ី ឬ​ហៅ​កាត់​ថាអាយខែប (ICAPP = International Conference of Asian Political Parties) ស្ថិត​ក្រោម​ជំនួយ​របស់​កម្ពុជា ដើម្បី​ឃ្លាំ​មើល​ទៅ​លើ​ការ​បោះឆ្នោត​នេះ បង្ហាញ​ថា ជា​ការងារ​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។
លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា អះអាង​ថា ប្រាកដ​ណាស់​
ប្រសិន​បើ ICAPP ចុះ​អង្កេត​ពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ហើយ​ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​បោះឆ្នោត ពិត​ជា​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការ​បរទេស បាន​បង្ហាញ​ពី​ភាព​លម្អៀង​រួច​ទៅ​ហើយ។ លោក​បន្ត​ថា «អង្គការ​អន្តរជាតិ​ពេល​ទទួល​លុយ​ពី​រដ្ឋាភិបាល​ក្នុង​ស្រុក ហើយ​មក​សង្កេតការណ៍​ក្នុង​ប្រទេស​ហ្នឹង យើង​មើល​ឃើញ​ជំហរ​មិន​មាន​ភាព​ឯករាជ្យ​រួច​ទៅ​ហើយ។ វា​ពិបាក​ទុក​ចិត្ត»
ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ស្ថាប័ន ICAPP នេះ​ក៏​បាន​ចុះ​មក​សង្កេតការណ៍​ម្ដង​រួច​មក​ហើយ​ដែរ​តាម​រយៈ​ជំនួយ​ឧបត្ថម្ភ​របស់​កម្ពុជា។ ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ពេល​នោះ ICAPP បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​បញ្ជាក់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៣ របស់​ខ្លួន​រក​ឃើញ​ថា ការ​បោះឆ្នោត​នេះ គឺ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ។ ការ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​នៃ​ដំណើរការ​បោះឆ្នោត​ដោយ​ស្ថាប័ន ICAPP នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​រិះគន់ និង​តវ៉ា​ដ៏​ចម្រូងចម្រាស​នៃ​លទ្ធផល​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។
លើក​នេះ សន្និសីទ​អន្តរជាតិ​ស្ដីពី​គណបក្ស​នយោបាយ​អាស៊ី ឬ​ហៅ​កាត់​ថា អាយខែប (ICAPP) នេះ នឹង​ចុះ​មក​ឃ្លាំ​មើល​ជា​ថ្មី​ម្ដង​ទៀត​ដែរ​តាម​រយៈ​ការ​អញ្ជើញ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ប៉ុន្តែ​បន្ទុក​នៃ​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​ធ្វើ​ដំណើរ ការ​ស្នាក់នៅ និង​ម្ហូប​អាហារ ត្រូវ​បាន​លោក ហង្ស ពុទ្ធា បដិសេធ​ថា គ.ជ.ប ពុំ​មែន​ជា​អ្នក​រ៉ាប់រង​ទេ។ អ្នក​នាំ​ពាក្យ គ.ជ.ប រូប​នេះ​យល់​ឃើញ​ថា ជា​ភារកិច្ច គឺ​ភាគី​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​តែ​ស្នើសុំ​ដើម្បី​ឲ្យ​ជួយ​ចូលរួម​ត្រួត​ពិនិត្យ។ លោក​បន្ត​ថា «ជា​គោលការណ៍​របស់ គ..ប ក្នុង​កិច្ច​សន្ទនា​តែង​គោរព​អញ្ជើញ ពីព្រោះ​ភាគី​ដែល​មក​ដល់​តែងតែ​សួរ​អំពី​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត អតីតកាល និង​បច្ចុប្បន្នកាល ហើយ​ការ​វាយ​តម្លៃ​ចំពោះ​អនាគតកាល​សម្រាប់​ការ​បោះឆ្នោត»
អ្នកស្រី លឹម ស្រីនិត ជា​មន្ត្រី​បម្រើ​ការ​នៅ​ក្រសួង​ការ​បរទេស ដែល​ស្រង់​សម្ដី​ដោយ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ឲ្យ​ដឹង​ថា ការ​មក​បំពេញ​បេសកកម្ម​ជា​លើក​ទី​២ ក្នុង​រយៈពេល ៥​ថ្ងៃ ដើម្បី​ឃ្លាំ​មើល​ការ​បោះឆ្នោត​នេះ ការ​ចំណាយ​សព្វ​បែប​យ៉ាង គឺ​ជា​បន្ទុក​របស់​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ កំណត់​ហេតុ​ផ្ទៃក្នុង​របស់ ICAPP នេះ បាន​បង្ហាញ​ការ​ចំណាយ គឺ​ជា​បន្ទុក​របស់​គណ​ប្រជាជន​កម្ពុជា សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍ ICAPP ដើម្បី​ឃ្លាំ​មើល​ការ​បោះឆ្នោត​កាល​ពី ៥​ឆ្នាំ​មុន មុន​នឹង​មាន​ការ​កែប្រែ​ថា ការ​ចំណាយ​មក​ពី​ប្រភព​ផ្សេង​វិញ។
ទាក់ទិន​រឿង​នេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា ការ​រិះគន់​គ្នា​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា កន្លង​ទៅ អ្នក​ដែល​ធ្លាប់​រិះគន់​គេ ជាពិសេស​តិះដៀល​រដ្ឋាភិបាល ដល់​វេន​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា មិន​សម​បំណង​របស់​ខ្លួន ចេញ​ប្រតិកម្ម ហើយ​មិន​អាច​ទទួល​យក​បាន​ដែរ។ លោក​បន្ត​ថា «អ្នក​ផ្សេង​ធ្វើ​ក្រោយ​ពី​យើង​មិន​ល្អ ហើយ​ស្រាប់​តែ​យើង​ម្នាក់​ឯង​ល្អ​នេះ ធ្វើ​ម៉េច​កើត។ ខ្ញុំ​គិត​ថា​ក្នុង​ពេល​ប្រទេស​យើង​កំពុង​ឆ្លង​កាត់ និង​ដំណើរ​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ វា​មាន​ពហុ​មតិ​បែប​ហ្នឹង​ហើយ ហើយ​ពហុ​មតិ​វា​ចេញ​ពី​ការ​យល់​ឃើញ និង​ចេញ​ពី​ការ​ជ្រើសរើស​ដោយឡែកៗ​ពី​គ្នា​ទេ»
ស្រប​ពេល​ស្ថាប័ន ICAPP មើល​ឃើញ​ថា ដំណើរការ​បោះឆ្នោត​កាល​ពី ៥​ឆ្នាំ​មុន​ប្រព្រឹត្ត​ទៅ​ដោយ​សេរីភាព ត្រឹមត្រូវ និង​យុត្តិធម៌​នោះ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​ចាត់​ទុក​ថា ការ​វាយ​តម្លៃ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​មួយ​ដែល​សុក្រឹត និង​អាច​ជឿ​ទុក​ចិត្ត​បាន គឺ​ត្រូវ​ផ្អែក​ទៅ​លើ​បរិយាកាស និង​ឥទ្ធិពល​ផ្នែក​នយោបាយ​មុន​ពេល​បោះឆ្នោត ក្នុង​ដំណាក់កាល​នៃ​ការ​បោះឆ្នោត និង​ក្រោយ​ពេល​បោះឆ្នោត។ ស្ថិត​ក្រោម​ហេតុផល​ទាំងនេះ​ហើយ ទើប​អាច​សន្និដ្ឋាន​បាន​ថា ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​មាន​យុត្តិធម៌​បាន៕
ប្រភព: RFA Khmer

No comments:

Post a Comment