រូបសំណាកលោកបណ្ឌិត កែម ឡី ត្រូវបានយកទៅតម្កល់នៅផ្ទះរបស់លោក ឋិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦។ RFA/Morm Moniroth |
ការដាក់សំណើនេះ ក្រោយពីក្រុមយុវជនមើលឃើញថា លោក ហ៊ុន សែន មួយរយៈពេលចុង
ក្រោយនេះ បានសម្ដែងទឹកចិត្តឈឺឆ្អាលជួយប្រាក់ដល់គ្រួសារបណ្ឌិត កែម ឡី ក្នុងការសាងសង់ចេតិយ ជាដើម។
ម្ចាស់បណ្ណាល័យ កែម ឡី និងតំណាងឲ្យសមាគមនិស្សិតបញ្ញវន្តខ្មែរ យុវជន គង់ រ៉ៃយ៉ា និយាយថា ការស្នើសុំដីមួយដុំនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ក្បែរស្តុបបូកគោ កែងផ្លូវព្រះមុនីវង្ស និងផ្លូវម៉ៅសេទុង ដើម្បីដាក់រូបសំណាកលោកបណ្ឌិត កែម ឡី នេះ គឺក្នុងបំណងសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងចងចាំបណ្ឌិត កែម ឡី ជារៀងរហូត។
យុវជន គង់ រ៉ៃយ៉ា បន្តថា ប្រជាពលរដ្ឋខ្មែរភាគច្រើនចង់ឃើញវត្តមានរូបតំណាងលោកបណ្ឌិត កែម ឡី ក្នុងរាជធានីភ្នំពេញ។ ដូច្នេះ ពួកគេសង្ឃឹមថា ប្រសិនបើរដ្ឋាភិបាលពិតជាផ្តល់ប្រាក់ ៦ម៉ឺនដុល្លារដល់គ្រួសារលោកបណ្ឌិត កែម ឡី ប្រកបដោយទឹកចិត្តល្អបរិសុទ្ធមែននោះ ប្រាកដជាទទួលយកនូវសំណើរបស់ពួកគេ និងឆ្លើយតបជាវិជ្ជមាន៖ «បើគាត់ផ្តល់លុយ ៦ម៉ឺនដុល្លារទៅដល់គ្រួសារលោកបណ្ឌិត កែម ឡី គឺជាទឹកចិត្តជាក់ស្តែងរបស់គាត់។ គាត់ប្រាកដណាស់។ ឥឡូវញត្តិបានដាក់ទៅខាងគាត់ហើយ អ៊ីចឹងនាយករដ្ឋមន្ត្រីគាត់គួរតែយល់ព្រមអនុញ្ញាតឲ្យសាងសង់រូបសំណាក។ ទី២ ទាក់ទងនឹងយុត្តិធម៌ បើសិនការផ្ដល់លុយហ្នឹងចេញពីទឹកចិត្ត ពីបេះដូងរបស់គាត់ អាណិតស្រឡាញ់ទៅក្រុមគ្រួសារ ក៏ដូចជាវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី គាត់ប្រាកដណាស់ថានឹងរកយុត្តិធម៌ពិតប្រាកដមួយជូនដល់វិញ្ញាណក្ខន្ធ ក៏ដូចជាភរិយា និងក្រុមគ្រួសារលោកបណ្ឌិត កែម ឡី»។
ការដាក់សំណើនេះ ដំបូងឡើយ ក្រុមយុវជនបានយកលិខិតនោះទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែត្រូវបានបដិសេធ ដោយមន្ត្រីទីនោះប្រាប់ឲ្យទៅដាក់នៅទីស្ដីការគណៈរដ្ឋមន្ត្រីវិញ ព្រោះមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី មិនទទួលយកសំណើជាអារម្មណ៍នោះទេ គឺទទួលយកតែសំណើករណីជាក់ស្តែង។
រីឯអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយតបថា ទីតាំងដីនៅម្តុំទីតាំងឃាតកម្មនោះ គឺស្ថិតក្រោមសមត្ថកិច្ចរបស់សាលាក្រុង និងស្ថានីយប្រេងឥន្ធនៈកាល់តិច ដូច្នេះទីស្ដីការគណៈរដ្ឋមន្ត្រីពុំមានសិទ្ធិឆ្លើយជំនួសបានទេ៖ «តាមដែនសមត្ថកិច្ច យើងអត់មានសមត្ថកិច្ចណាទៅឆ្លើយជំនួសសាលាក្រុង ហើយសាលាក្រុងឥឡូវនេះ គឺស្ថិតនៅក្រោមអាណាព្យាបាលក្រសួងមហាផ្ទៃ។ រីឯដីនៅកន្លែងហាងកាល់តិចហ្នឹង គឺជារបស់ឯកជនសុទ្ធសាធ»។
ទោះជាយ៉ាងណា ក្រុមយុវជនអះអាងថា តាមពិតសំណើដាក់រូបសំណាករបស់បណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ឬទីតាំងផ្សេងក្នុងរាជធានីភ្នំពេញ ក្រុមលោកធ្លាប់បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ម្ដងរួចហើយ ប៉ុន្តែក្រសួងថាមិនពាក់ព័ន្ធ ហើយឲ្យស្នើទៅសាលារាជធានីភ្នំពេញ។ លោកអះអាងថា លុះដាក់លិខិតស្នើទៅសាលារាជធានីភ្នំពេញ ក៏ត្រូវបដិសេធទៀត និងមិនបង្ហាញពីមូលហេតុទៀតផង។
ជាថ្មីម្តងទៀត អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ថ្លែងថា លោកមិនអាចរៀបរាប់លម្អិតបានទេ ខណៈយុវជនដាក់សំណើនេះទៅទីស្ដីការគណៈរដ្ឋមន្ត្រី ប៉ុន្តែលោកអះអាងថា ប្រសិនបើករណីនេះខាងសាលាក្រុងធ្លាប់ឆ្លើយតបម្តងរួចហើយនោះ ដូច្នេះចម្លើយលើកក្រោយ គឺមិនខុសគ្នាទេ៖ «ខ្ញុំអត់ចាំករណីដាក់នេះដែរ តែបើលោកថា ធ្លាប់មានការដាក់ចូលហើយ ជូនការសម្រេចរបស់សាលារាជធានីភ្នំពេញហើយ អ៊ីចឹងគឺដូចអ្វីដែលយើងធ្លាប់ឆ្លើយតបអ៊ីចឹង»។
ក្រោយពីពិធីបុណ្យខួបមួយឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នោះ កាលពីថ្ងៃទី១៥ កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ប្រាក់ ១ម៉ឺនដុល្លារជូនប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត ដើម្បីទូទាត់ថ្លៃចំណាយពេលបុណ្យ និងក្រោយមក លោក ហ៊ុន សែន បានផ្តល់ប្រាក់ ៥ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីជួយថ្លៃកសាងចេតិយ។
យុវជន គង់ រ៉ៃយ៉ា យល់ថា ការជួយជាទឹកប្រាក់ គឺមិនសំខាន់ឡើយ អ្វីដែលសំខាន់នោះ គឺការជួយរកយុត្តិធម៌ពិតប្រាកដ ហើយប្រសិនបើពុំមានយុត្តិធម៌ពិតប្រាកដទេ គឺការជួយជាទឹកប្រាក់នោះពុំមានតម្លៃឡើយ ពោលគឺគ្រាន់តែជាការលួងលោមចិត្តគ្រួសារសព និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។
ដោយឡែកអ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី យល់ថា ប្រសិនបើមើលទៅលើទំហំនៃការគាំទ្រកិត្តិយសលោកបណ្ឌិត កែម ឡី ហើយប្រៀបធៀបជាមួយអ្នកដែលស្លាប់មុនៗនោះ រដ្ឋាភិបាលគួរតែផ្តល់ឱកាសឲ្យដាក់រូបសំណាកលោកបណ្ឌិត កែម ឡី ដើម្បីឲ្យប្រជាពលរដ្ឋអស់ចិត្តខ្លះ ខណៈដែលយុត្តិធម៌មិនទាន់មានពេញលេញ៖ «ទោះបីជារដ្ឋាភិបាលយល់ឃើញយ៉ាងណាក៏ដោយ ប៉ុន្តែការផ្តល់ឱកាសឲ្យមានការដាក់រូបសំណាក គឺជាផ្នែកមួយនៃការជួយសម្រួលដល់ផ្លូវចិត្តសង្គម កុំឲ្យសង្គមនេះវាជួបប្រទះតែការហែកហួរគ្នាមិនចេះចប់មិនចេះហើយ»។
បណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ បើទោះបីជាពេលនេះ រដ្ឋាភិបាលបង្ហាញទឹកចិត្តអាណិតដល់គ្រួសារលោកបណ្ឌិត កែម ឡី ក្តី ប៉ុន្តែកន្លងទៅ រដ្ឋាភិបាលហាក់ដូចជាតឹងតែងសម្បើមណាស់ក្នុងការអនុញ្ញាតឲ្យពលរដ្ឋរៀបចំពិធីបុណ្យសពលោកបណ្ឌិត កែម ឡី។ ក្នុងឱកាសបុណ្យខួប ១ឆ្នាំរបស់លោកបណ្ឌិត កែម ឡី ថ្មីៗនេះ គ្រាន់តែមន្ត្រីអង្គការសង្គមស៊ីវិលចំនួន ៤នាក់ចូលទៅគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅហាងស្តារម៉ាត (Star Mart) ក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ដោយដាក់កម្រងផ្កា និងរូបថតនោះ ក៏ត្រូវបានកម្លាំងអាជ្ញាធររដ្ឋាភិបាលចូលទៅរំខាន និងមិនឲ្យធ្វើដែរ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment