Thursday, August 10, 2017

ហេតុតែដើម្បីជីវិត! នារីវ័យក្មេងម្នាក់ ខំស្វះស្វែងដើររកការងារធ្វើ ទាំងដាច់បាយក្រហាយទឹក សន្លប់តូងលើផ្លូវ

នារីវ័យក្មេងជនជាតិចិនម្នាក់ បានដួលសន្លប់ស្តូងស្តឹងនៅចិញ្ចើមផ្លូវសាធារណៈមួយកន្លែង ក្នុងប្រទេសចិន ដោយសារតែនាងគ្មានលុយ និងដាច់បាយអស់ជាច្រើនថ្ងៃ
ចិន៖ នារីវ័យក្មេងជនជាតិចិនម្នាក់បានដួលសន្លប់ស្តូកស្តឹងនៅចិញ្ចើមផ្លូវដោយសារដាច់ បាយអស់ជាច្រើនថ្ងៃ។បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ ទី៧ សីហា ឆ្នាំ២០១៧ នារីមិនត្រូវគេស្គាល់អត្តសញ្ញាណម្នាក់ បានសន្លប់ស្តូកស្តឹងនៅចិញ្ចើមផ្លូវ ក្នុងទីក្រុង Giuyang ខេត្ត Guizhou  និងមានការចោមរោមមើលជាច្រើនពីសំណាក់អ្នកដំណើរឆ្លងកាត់ទីនោះ។

នៅពេលនារីរងគ្រោះបានដឹងខ្លួនឡើងវិញ នាងបានរៀបរាប់ប្រាប់ថា នាងមានជីវភាពក្រីក្រ រស់នៅទីក្រុង  Xingyi ខេត្ត Guizhou   បានចាកចេញពីផ្ទះ មកស្វែងរកការងារធ្វើក្នុងទីក្រុងធំ Giuyang តែរកមិនបានធ្វើសោះ។ មូលហេតុដែលនាងដួលសន្លប់ ដោយសារនាងអស់សោហ៊ុយ សម្រាប់ចាយវាយ  និងថែមទាំងមិនបានហូបបាយហូបទឹក អស់រយៈពេលពីរបីថ្ងៃមកហើយ។
ក្រោយពីបានស្តាប់រឿងរ៉ាវដ៏កំសត់របស់នាងរួចមក  ប៉ូលិសម្នាក់បានឲ្យលុយនាងចំនួន ២០០យ័ន (ប្រហែលជា ៣០ដុល្លារអាមេរិក) ដើម្បីឲ្យនាងយកទៅទិញបាយហូប  និងទាក់ទងស្វែងរកបងប្អូន សាច់ញាតិក្រុមគ្រួសាររបស់នាង។អ្នកនិយមលេងបណ្តាញសង្គម ជាច្រើនមានក្តីអាណិតអាសូរ នារីរូបនេះយ៉ាងខ្លាំង ហើយក្នុងនោះមានអ្នកខ្លះ បានលើកឡើងថាពួកគេធ្លាប់មានបទពិសោធន៍ ដ៏ឈឺចាប់នេះ ដូចនាងដែរ គឺពិតជាលំបាកខ្លាំងណាស់។ អ្នកខ្លះសរសេរថា «ពួកយើងគួរតែ សរសើរដល់ក្មេងស្រីម្នាក់នេះ បើទោះជានាងអត់ឃ្លានយ៉ាងណា ក៏មិនទៅធ្វើរឿងអាក្រក់ដែល សង្គមគេស្អប់ខ្ពើម» ។  អ្នកខ្លះទៀតថា «វាពិតជាពិបាកខ្លាំងណាស់ សម្រាប់អ្នកដែលកើតចេញ ពីគ្រួសារក្រីក្រ ហើយតស៊ូរស់នៅទាំងត្រដាបត្រដួសក្នុងសង្គមមួយនេះ» ។គួរឲ្យដឹងដែរថា  បើយោងតាមរបាយការណ៍ពីខាង ក្រសួងធនធានមនុស្សនិងសន្តិសុខសង្គមរបស់ចិនបានបង្ហាញ ថា អត្រាមនុស្សអត់ការងារធ្វើ តាមតំបន់មួយចំនួនទូទាំងប្រទេសមាន ៣,៩៥ភាគរយ បើគិតត្រឹម ត្រីមាសទីពីរនៃពាក់កណ្តាលឆ្នាំនេះ។ ហើយចំនួននេះ ត្រូវបានគេរំពឹងថា នឹងនៅតែបន្តកើនឡើង ផងដែរ ៕
នារីវ័យក្មេងជនជាតិចិនម្នាក់ បានដួលសន្លប់ស្តូងស្តឹងនៅចិញ្ចើមផ្លូវសាធារណៈមួយកន្លែង ក្នុងប្រទេសចិន ដោយសារតែនាងគ្មានលុយ និងដាច់បាយអស់ជាច្រើនថ្ងៃ
ប្រភព៖ KhmerLoad

No comments:

Post a Comment