Tuesday, September 5, 2017

សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស​របស់​លោក​ចំនួន​៨​នាក់​ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ម៉ោង​ជាង ១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា គឺ​ប្រមាណ​ជាង ៣​ម៉ោង​បន្ទាប់​ពី​សារព័ត៌មាន ហ្វ្រែសញូវ (Fresh News) ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ផ្សព្វផ្សាយ​វីដេអូ ឃ្លីប​ទទួល​បាន​ពី​ម្ចាស់​ហ្វេសប៊ុក (Facebook) ឈ្មោះ​កូន​ខ្មែរ ដែល​សារព័ត៌មាន​មួយ​នេះ​អះអាង​ថា​ជា​របស់​លោក កឹម សុខា។
វីដេអូ​ឃ្លីប​មាន​រយៈពេល​ជាង ១៣​នាទី​ដែល​សារព័ត៌មាន​ហ្វ្រែសញូវ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​មួយ​នេះ​អះអាង​ថា គឺ​ជា​វីដេអូ​ដែល​លោក កឹម សុខា បាន​ថ្លែង​នៅ​ប្រទេស​
អូស្ត្រាលី តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ ពោល​គឺ ៥​ខែ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥។
នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ​គេ​ឃើញ​រូប​របស់​លោក កឹម សុខា ដែល​ឈរ​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​មួយ​ចំនួន ប៉ុន្តែ​ថា​តើ​សំឡេង​នោះ​ជា​របស់​លោក កឹម សុខា ឬ​ជា​សំឡេង​កាត់​ត ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​ដែល​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក កឹម សុខា និង​មន្ត្រី​បក្ស​ប្រឆាំង​បាន​នៅ​ឡើយ​នោះ​ទេ​នៅ​ក្រោយ​ការ​ចាប់​ខ្លួន​នេះ។
ខ្លឹមសារ​ដែល​សារព័ត៌មាន​ហ្វ្រែសញូវ​អះអាង​ថា​ជា​ការ​ថ្លែង​របស់​លោក កឹម សុខា ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ គឺ​និយាយ​ពី​ការ​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​តស៊ូ ២០​ឆ្នាំ​ហើយ​ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ និង​ជា​ការ​សន្សំ​ការ​តស៊ូ​ជា​យូរ​ណាស់​មក​ហើយ ហើយ​ថា​ការ​ដែល​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក្រោយ​ការ​បោះឆ្នោត​នោះ គឺ​កើត​ឡើង​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​អ្នក​ប្រឆាំង«ខ្ញុំ​សូម​បញ្ជាក់​ជូន​បង​ប្អូន​ថា​ម៉េច​ជា​ដល់​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ងើប​ឡើង​យ៉ាង​ច្រើន​កុះករ​រាប់​លាន​អ្នក លែង​ខ្លាច​ហើយ​ហ៊ាន ហើយ​បាន​យល់​ដឹង​ហើយ​បាន​បញ្ចេញ​នូវ​ទស្សនៈ​ល្អៗ តើ​ដោយសារ​អី មិន​មែន​ដោយសារ​តែ​ទើប​មួយ​ខែ​ឃោសនា​ហ្នឹង​ឬ​មួយ​ថ្ងៃ​នេះ​ទេ គឺ​ខ្ញុំ​សន្សំ ២០​ឆ្នាំ​ហើយ​បង​ប្អូន តាំង​ពី​ឆ្នាំ​១៩៩៣ ដែល​ខ្ញុំ​ជាប់​តំណាងរាស្ត្រ​ដំបូង រដ្ឋាភិបាល​អាមេរិក គឺ​គេ​ហៅ​ខ្ញុំ​ទៅ​ស្រុក​អាមេរិក មុន​គេ​បង្អស់​ក្នុង​នាម​អ្នក​នយោបាយ​ខ្មែរ ដើម្បី​ឲ្យ​យល់​ពី​ដំណើរការ​ប្រជាធិបតេយ្យ ១​ឆ្នាំ ខ្ញុំ​ទៅ​ម្តងៗ​តាំង​ពី ៩៣ រហូត​ចុង​ក្រោយ​នេះ ក៏​គេ​បាន​សម្រេច​ថា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់ប្ដូរ​នោះ គេ​ត្រូវ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ចេញ​ពី​នយោបាយ​មួយ​គន្លាក់​សិន។ ខ្ញុំ​ក៏​លាឈប់​ពី​នយោបាយ ពី​គណបក្ស​នយោបាយ​ដែល​ខ្ញុំ​ធ្លាប់​នៅ នៅ​ឆ្នាំ​២០០២ ដើម្បី​បង្កើត​អង្គការ​មួយ​ឈ្មោះ​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ តើ​គេ​ឲ្យ​បង្កើត​ដើម្បី​អី? គេ​ថា​ដើម្បី​ផ្តួល​មេ​ដឹកនាំ​ផ្ដាច់ការ។ យើង​មិន​អាច​ទៅ​ជល់​ខាង​លើ​ទេ មុន​នឹង​ដូរ​ខាង​លើ​បាន យើង​ត្រូវ​គាស់​អា​ក្រោម​សិន ទាល់​តែ​ដូរ​ពី​ក្រោម​ទៅ​មុន ជា​យុទ្ធសាស្ត្រ​នយោបាយ​ប្រទេស​ប្រជាធិបតេយ្យ​គេ​ធ្វើ ហើយ​សហរដ្ឋ​អាមេរិក ដែល​គេ​ជួយ​ខ្ញុំ​នេះ គេ​ឲ្យ​ខ្ញុំ​យក​ម៉ូឌែល​តាម​នៅ​ប្រទេស​យូហ្គោស្លាវី នៅ​ស៊ែបី ដែល​គេ​ប្តូរ​មេ​ដឹកនាំ​ផ្ដាច់ការ​មីឡូសូវិច បាន​នោះ មីឡូសូវិច រថក្រោះ​សម្បើម​ណាស់​បង​ប្អូន! ប៉ុន្តែ​គេ​ដូរ​បាន​ដោយសារ​គេ​ធ្វើ​យុទ្ធសាស្ត្រ​ហ្នឹង ហើយ​គេ​យក​បទពិសោធន៍​ហ្នឹង​ឲ្យ​ខ្ញុំ​ធ្វើ​នៅ​ស្រុក​ខ្មែរ តែ​អត់​មាន​នរណា​ដឹង​ទេ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ដោយសារ​ថ្ងៃ​នេះ​យើង​ឈាន​ដល់​ជោគជ័យ​មួយ​ដំណាក់​ហើយ។ ខ្ញុំ​ត្រូវ​តែ​ប្រាប់​បង​ប្អូន​ឲ្យ​ដឹង ហើយ​នៅ​បន្ត​ទៀត​ជោគជ័យ យើង​ទទួល​បាន​ឲ្យ​តែ​យើង​ដើរ​តាម បើ​យើង​ធ្វើ​ឆុងឆាំង អាង​ច្បាំង អាង​កាប់ អាង​ចាក់ យើង​យក​ក្បាល​យើង​ជល់​ថ្ម តើ​វា​បែក​ក្បាល ឬ​បែក​ថ្ម? វា​បែក​ក្បាល»
លើស​ពី​នេះ សំឡេង​ថ្លែង​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដដែល​បាន​លើក​ឡើង​នូវ​ពាក្យ​ដូរ ឬ​មិន​ដូរ ដែល​បក្ស​ប្រឆាំង​តែង​ប្រើ​នៅ​ក្នុង​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ហើយ​ថា​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ បក្ស​ប្រឆាំង​នឹង​ឆ្លាក់​សារ​នយោបាយ​ដូរ​ឬ​មិន​ដូរ និង​លេខ​៧ ដែល​ជា​លេខ​រៀង​របស់​គណបក្ស​ដ៏​ធំ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ ផ្លាស់ប្ដូរ​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ថ្លែង​ពី​ការ​ចុះ​ពន្យល់​ពលរដ្ឋ​អំពី​លទ្ធិប្រជាធិបតេយ្យ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក និង​ពី​សហរដ្ឋ​អាមេរិក ផ្ដល់​ជំនួយ​ដើម្បី​ជួល​ប៉ុស្តិ៍​វិទ្យុ​ដើម្បី​ផ្សាយ​អប់រំ​ពលរដ្ឋ ហើយ​ថា​ដោយសារ​តែ​ការ​អប់រំ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ឆ្លាត​ជាង​លោក ហ៊ុន សែន ទៅ​ទៀត«តើ​យុទ្ធសាស្ត្រ​របស់​យើង​យុទ្ធសាស្ត្រ​អី​ដែល​ខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​របស់​ខ្មែរ​យើង គឺ​គ្រោះថ្នាក់​របស់​ខ្មែរ​ដោយសារ​អី គឺ​ខ្លៅ ខ្លាច ឃ្លាន នេះ​ជា​យុទ្ធសាស្ត្រ ហើយ​ខ្ញុំ​នឹង​សរសេរ​សៀវភៅ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដាច់ ហើយ​បាន​ជោគជ័យ​មែន។ ខ្ញុំ​នឹង​ចេញ​សៀវភៅ​មួយ មិន​មែន​ធម្មតា​ទេ​បង​ប្អូន! ខ្ញុំ​អត់​មាន​ធ្វើ​តាម​ខ្ញុំ​នឹក​ឃើញ​ទេ គឺ​មាន​អ្នក​ជំនាញការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​នៅ​ទីក្រុង​វ៉ាស៊ីនតុន ឌីស៊ី នៅ​ទីក្រុង​ម៉ុងត្រេអាល នៅ​ប្រទេស​កាណាដា ដែល​អាមេរិកាំង គេ​ជួល​មក​ដើម្បី​ធ្វើ​ការ​ផ្តល់​មតិ​ឲ្យ​ខ្ញុំ​របៀប​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​ផ្ដាច់ការ​នៅ​ស្រុក​ខ្មែរ ហើយ​បើ​ខ្ញុំ​ធ្វើ​តាម​ក្បួន​ប៉ុណ្ណឹង​ហើយ មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ បើ​មិន​ជោគជ័យ​ទៀត ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ទៀត​ទេ។ ឥឡូវ​វា​ឃើញ​ដើរ​រហូត វា​ទៅ​មុខ​រហូត ដើរ​ត្រូវ​សព្វថ្ងៃ​នេះ ដើរ​បង្រៀន​ពលរដ្ឋ​រហូត​ពលរដ្ឋ​ហ៊ាន​និយាយ​ការពិត ហ៊ាន​ធ្វើ​បាតុកម្ម ហ៊ាន​ក្រោក​ឈរ​ឡើង មនុស្ស​រាប់​លាន​នាក់»
ដោយសារ​តែ​ខ្លឹមសារ​ថ្លែង​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដូចនេះ​ហើយ ទើប​រដ្ឋាភិបាល​យក​ជា​ហេតុផល​សំអាង​ក្នុង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា ដោយ​ចោទ​ប្រកាន់​ថា​ជា​ការ​ឃុបឃិត​គ្នា​រវាង​លោក កឹម សុខា និង​បក្សពួក​ជាមួយ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ និង​ជា​អំពើ​ក្បត់​ជាតិ ហើយ​ដែល​រដ្ឋាភិបាល​អះអាង​ថា ជា​បទល្មើស​ជាក់ស្ដែង។
ទោះ​ជា​យ៉ាង​ណា ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ គឺ​កើត​ឡើង​ក្រោយ​ពី​បណ្ដាញ​សារព័ត៌មាន​ហ្វ្រែសញូវ បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នូវ​សារ​បែក​ធ្លាយ​ចេញ​ពី​ប្រភព​មួយ​ឈ្មោះ​កូន​ខ្មែរ និយាយ​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ថា​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ថា​បក្ស​ប្រឆាំង​ទទួល​លុយ​ពី​អង្គការ​បរទេស ថា​បក្ស​ប្រឆាំង​ទាក់ទង​ជាមួយ​ក្រុម​ចលនា​នយោបាយ​នៅ​តៃវ៉ាន់ និង​នៅ​ទីបំផុត គឺ​ថា​លោក កឹម សុខា ឃុបឃិត​ជាមួយ​បរទេស​បង្ក​បញ្ហា​ដល់​កម្ពុជា ដែល​ជា​អំពើ​ក្បត់​ជាតិ​នៅ​ពេល​នេះ។
ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ហ្វ្រែសញូវ​ជា​បន្តបន្ទាប់​នេះ​ហើយ ទើប​រដ្ឋាភិបាល​មាន​គម្រោង​បើក​ការ​ស៊ើប​អង្កេត​បក្ស​ប្រឆាំង​ករណី​ទទួល​លុយ​ពី​អង្គការ​បរទេស ព្រោះ​ថា​បើ​រក​ឃើញ​ថា​បក្ស​នេះ​ពិត​ជា​បាន​ទទួល​លុយ​ពី​អង្គការ​បរទេស​មែន បក្ស​ប្រឆាំង​អាច​ប្រឈម​នឹង​ត្រូវ​រំលាយ​ចោល​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។
ផ្ទះ​លោក កឹម សុខា ២០១៧ ៦២២
ទិដ្ឋភាព​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ពេល​នេះ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ថា​ការ​ផ្លាស់ប្ដូរ​របប​មួយ​ដោយ​សន្តិវិធី តាម​ដំណើរ​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ជា​រឿង​ស្រប​ច្បាប់​បំផុត​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា អ្នក​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​អំពើ​ក្បត់​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា​ជាមួយ​បរទេស គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​ឯណោះ​ទៅ​វិញ​ទេ​ដែល​ជា​ជន​ដំបូង​គេ ដែល​ត្រូវ​ទទួល​ទោស​នេះ៖ «យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ឮ​គ្រប់​គ្នា​ថា លោក ហ៊ុន សែន បាន​ឡើង​កាន់​អំណាច​ពី​ដំបូង​ដោយសារ​រដ្ឋាភិបាល​វៀតណាម ជា​អ្នក​លើក​បន្តុប។ ហើយ​យើង​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន ពឹង​វៀតណាម និង​ចិន ដើម្បី​បន្ត​កាន់​អំណាច​តាំង​ពី​ដើម​រហូត​ដល់​សព្វថ្ងៃ​នេះ។ ដូច្នេះ​ខ្ញុំ​គិត​ថា បើ​គាត់​ឆ្លាត គាត់​គួរ​រិះរក​បទ​ចោទ​ណា​ឲ្យ​វា​ទំនង​ជាង​នេះ ដើម្បី​ចោទ​លោក កឹម សុខា។ បើ​ចោទ​បែប​នេះ គឺ​មិន​ខុស​អី​ពី​ចោទ​ខ្លួន​ឯង​នោះ​ទេ»
លោក ប៊្រែដ អាដាម បន្ត​ទៀត​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង​បែប​នេះ នឹង​មិន​អាច​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ស្ងៀម​បាន​នោះ​ទេ។ លោក​ថា ពួក​គេ​ច្បាស់​ជា​នឹង​ក្រោក​តវ៉ា​ជាក់​ជា​មិន​ខាន។ មិន​តែ​ប៉ុណ្ណោះ លោក​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​ក៏​មិន​ព្រងើយ​កន្តើយ​ទុក​ឲ្យ​លោក ហ៊ុន សែន បន្ត​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តទៅទៀត​នោះ​ដែរ។
ចំណែក​នាយក​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី លោក ចន ស៊ិបថន់ (John Sifton) ថ្លែង​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ គឺ​ជា​ការ​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើរ​ថយ​ក្រោយ​យ៉ាង​មហន្តរាយ។ លោក​ថា ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ខ្វះ​នូវ​ជំនឿ​ទុក​ចិត្ត ដែល​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មិន​ត្រឹមត្រូវ​តាំង​ពី​ដើម​មក ដើម្បី​បំបិទ​សំឡេង និង​សម្លុត​បំភ័យ​អ្នក​រិះគន់ និង​សំឡេង​ប្រឆាំង។ លោក​បន្ត​ថា អស់​រយៈពេល ៣៣​ឆ្នាំ​ហើយ​ដែល​លោក ហ៊ុន សែន ប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ប្រើប្រាស់​តុលាការ​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ហើយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​លោក ហ៊ុន សែន បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើងៗ។
លោក ចន ស៊ិបថន់ ថា​ប្រទេស​ម្ចាស់​ជំនួយ​គួរ​ថ្កោលទោស​លោក ហ៊ុន សែន និង​កោះ​ហៅ​ឯកអគ្គរាជទូត​កម្ពុជា ឲ្យ​ពន្យល់​ពី​សកម្មភាព​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ។ លោក​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​គួរ​ប្រាប់​លោក ហ៊ុន សែន ថា ប្រសិន​បើ​គាត់​មិន​ព្រម​ធ្វើ​ឲ្យ​ស្ថានការណ៍​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​នោះ​ទេ វា​ពិបាក​នឹង​គិត​ថា ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ជា​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ណាស់៕

គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋ​អាមេរិក ថា​នឹង​មិន​នៅ​ស្ងៀម​ក្រោម​អំពើ​អយុត្តិធម៌​ឡើយ

ដោយ មួង ណារ៉េត
អ្នក​នាំ​ពាក្យ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋ​អាមេរិក លោក រី គា ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា​ជា​អំពើ​អយុត្តិធម៌ និង​ចោទ​សម្លាប់​ដូច​សម័យ​ខ្មែរ​ក្រហម។ លោក រី គា អះអាង​ថា សាខា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋ​អាមេរិក នឹង​មិន​នៅ​ស្ងៀម​ក្រោម​អំពើ​អយុត្តិធម៌​បែប​នេះ​ឡើយ។ ពួក​គាត់​នឹង​សរសេរ​ញត្តិ​ទៅ​សហគមន៍​អន្តរជាតិ និង​ជាពិសេស​សហរដ្ឋ​អាមេរិក ឲ្យ​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់៖ «បើ​មិន​ដោះលែង​ទេ យើង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​គ្រប់​ពេញ​ទាំង​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​មហាជន​ទូទៅ​ដឹង​ឮ។ ប្រទេស​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ និង​ប្រទេស​មហា​អំណាច​ទាំងអស់​ដែល​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា​ជាមួយ​ប្រទេស​ខ្មែរ ឲ្យ​បាន​ដឹង​ឮ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​នូវ​ទង្វើ​ដែល​យើង​ទាំងអស់​គ្នា​មើល​ឃើញ​ថា​ជា​អំពើ​អយុត្តិធម៌ ដើម្បី​បំបិទ​មាត់​អ្នក​ប្រជាធិបតេយ្យ»
លោក រី គា បញ្ជាក់​ថា ការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ បែប​នេះ មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត ព្រោះ​នេះ​ជា​ការ​បំពាន​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស និង​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕
សូម​ស្ដាប់​លោក ប្រាជ្ញ ចេវ រាយការណ៍​បន្ថែម​ជុំវិញ​រឿង​នេះ៖
ប្រភព៖ RFA Khmer

No comments:

Post a Comment