Tuesday, September 5, 2017

លោក ហ៊ុន សែន ព្រមាន​ប្រទេស​ដទៃ​កុំ​ឲ្យ​ឈឺ​ឆ្អាល​រឿង​ការ​ចាប់​ខ្លួន​លោក កឹម សុខា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ លោក​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​ទាំងនោះ គឺ​គ្រាន់​តែ​ជា​ការ​ការពារ​មេ​បក្ស​ប្រឆាំង​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ ទោះ​បី​ជា​បែប​នេះ​ក្តី សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ដដែល។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា “អាយ៉ង” របស់​បរទេស
ហើយ​លោក​បាន​ទាត់​ចោល​សេចក្តី​ថ្លែងការណ៍​ទាំង​អម្បាលម៉ាន​របស់​សហគមន៍​អន្តរជាតិ​ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា«អ្នក​ដែល​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដើម្បី​ការពារ​ជន​នេះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​អាយ៉ង​របស់​ខ្លួន ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ សូម​គោរព​អធិបតេយ្យភាព​ជាតិ​របស់​កម្ពុជា មិន​ត្រូវ​ប្រើ​វិធី​ផ្តួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌​នោះ​ទេ»
លោក ហ៊ុន សែន ដែល​ហាក់​ជឿជាក់​ទាំងស្រុង​ទៅ​លើ​ឃ្លីប​វីដេអូ​នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា នោះ បាន​ចោទ​ប្រកាន់​ថា បញ្ហា​អស្ថិរភាព​សង្គម​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ទល់​ពេល​នេះ រួម​មាន​ទាំង​ការ​ស្លាប់​កម្មករ​នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ ដែរ​នោះ គឺ​ជា​ផែនការ​រៀបចំ​ទុក​ជា​មុន​របស់​លោក កឹម សុខា ដែល​មាន​សហរដ្ឋ​អាមេរិក នៅ​ពី​ក្រោយ​ខ្នង។
ក្នុង​ពិធី​សម្ពោធ​វិហារ​ឥស្លាម​មួយ​នៅ​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា លោក ហ៊ុន សែន អះអាង​ថា ជោគវាសនា​របស់​លោក កឹម សុខា គឺ​ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​លោក​អះអាង​ថា​នឹង​ស្រាវជ្រាវ​រក​ជន​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​ណា​ខ្លះ​ដែល​រួម​គំនិត​ក្នុង​រឿង​នេះ«យើង​សូម​ផ្ញើ​សារ​ទៅ​ជន​បរទេស​ដែល​បាន​ប្រើប្រាស់​មនុស្ស​នេះ ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយ​យើង​នឹង​ស្រាវជ្រាវ​តាម​ផ្លូវ​តុលាការ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ខ្លះ​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​រយៈពេល​កន្លង​ទៅ។ ជន​បរទេស​ណា​ខ្លះ​ដែល​គេ​ថា​មក​ពី​អាមេរិក និង​កាណាដា»
ទោះ​បី​យ៉ាង​ណា ការ​ចោទ​ប្រកាន់​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​មិន​ដូច​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​នោះ​ឡើយ។ របាយការណ៍​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ក្នុង​នោះ​ក៏​រួម​មាន​ទាំង​របស់​អង្គការ​សហប្រជាជាតិ​ផង សុទ្ធតែ​បង្ហាញ​ថា ព្រឹត្តិការណ៍​ហិង្សា និង​អស្ថិរភាព​សង្គម​កាល​ពី​ពេល​កន្លង​ទៅ បង្ក​ឡើង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ និង​អ្នក​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន តួយ៉ាង​ដូចជា​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ចូល​ក្នុង​ហ្វូង​បាតុករ​អហិង្សា​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ព្រម​ទាំង​ការ​បាញ់​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាកជីន (Yakjin) ជាដើម។
ងាក​មក​សហគមន៍​អន្តរជាតិ​វិញ ពួក​គេ​នៅ​តែ​បន្ត​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ដដែល។
ពី​ទីក្រុង​ប្រ៊ុចសែល (Bruxelles) ប្រទេស​បែលហ្ស៊ិក (Belgium) សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា ទាំង​ក្នុង​ពេល​ដែល​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​នោះ គឺ​ជា​ការ​វិវឌ្ឍន៍​នយោបាយ​គួរ​ឲ្យ​គ្រោះថ្នាក់។
សហភាព​អឺរ៉ុប បន្ត​ថា បន្ថែម​ពី​លើ​សកម្មភាព​ប្រឆាំង​នឹង​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​នោះ ការ​ចាប់​ខ្លួន​នេះ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​រឹត​តែ​ខ្លាំង​ជាង​មុន ដើម្បី​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​លំហ​នៃ​ការ​រិះគន់ ការ​បញ្ចេញ​មតិ និង​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ឯករាជ្យ៖ «ដំណើរការ​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បាន គឺ​ចាំបាច់​ត្រូវ​តែ​មាន​បរិយាកាស​មួយ​ដែល​គ្រប់​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​បន្ត​បំពេញ​តួនាទី​ស្រប​តាម​ច្បាប់​របស់​ពួក​គេ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ការ​គំរាម​កំហែង និង​គ្មាន​ការ​រឹត​បន្តឹង​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ។ ហើយ​សហភាព​អឺរ៉ុប ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បន្ត​ជួយ​កម្ពុជា ក្នុង​បញ្ហា​នេះ»
សហភាព​អឺរ៉ុប សង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា នឹង​គោរព​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​ស្មើ​ភាព​ចំពោះ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប និង​ចំពោះ​អង្គការ​ទាំងឡាយ​ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា ហើយ​ដោយ​យោង​ទៅ​លើ​អភ័យ​ឯកសិទ្ធិ​សភា សហភាព​អឺរ៉ុប រំពឹង​ថា អាជ្ញាធរ​នឹង​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់។
ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ យោង​លើ​ឃ្លីប​វីដេអូ​ដែល​លោក កឹម សុខា ឈរ​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​អូស្ត្រាលី នោះ ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា​ជា​រឿង​មិន​ទំនង​នោះ​ឡើយ។
ទីប្រឹក្សា​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស លោក ប៊ីលី ជាលុង តៃ (Billy Chia-Lung Tai) ដែល​ត្រូវ​បាន​ស្រង់​សម្ដី​ក្នុង​អត្ថបទ​ចុង​ក្រោយ​បង្អស់​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ថ្លែង​ថា ការ​ចាប់​ខ្លួន​នេះ​គ្មាន​មូលដ្ឋាន​ច្បាប់​អ្វី​សោះ​ឡើយ៖ «ការងារ​ស្នូល​របស់​គណបក្ស​នយោបាយ​ប្រឆាំង គឺ​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ហ្នឹង​ហើយ​តើ! លោក កឹម សុខា មិន​បាន​និយាយ​ថា លោក​នឹង​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​មធ្យោបាយ​ហិង្សា ឬ​ការ​ធ្វើ​បដិវត្តន៍​នោះ​ទេ។ ករណី​នេះ​បូក​រួម​ទាំង​ការ​បិទ​កាសែត ឌឹ ខេមបូឌា ដេលី និង​ស្ថានីយ​វិទ្យុ​ជាច្រើន​ផង​នោះ គឺ​គ្រាន់​តែ​ជា​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​មាត់​អ្នក​មាន​គំនិត​ផ្ទុយ​ប៉ុណ្ណោះ»
ចំណែក​អ្នក​សង្កេតការណ៍​ផ្សេង​ទៀត រួម​ទាំង​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម គណបក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ​ផង គឺ​សុទ្ធតែ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​នយោបាយ​ដូច​គ្នា លើកលែង​តែ​មន្ត្រី​រដ្ឋាភិបាល ស្ថាប័ន​ប៉ូលិស ស្ថាប័ន​កងទ័ព និង​អ្នក​មាន​និន្នាការ​គាំទ្រ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​ចាត់​ទុក​រឿង​នេះ​ថា​ជា​ការ​អនុវត្ត​ច្បាប់៕
ប្រភព៖ RFA Khmer

No comments:

Post a Comment