ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ផ្តើមទស្សនកិច្ចមួយវង់ធំនៅអាស៊ី ជាមួយប្រទេសជប៉ុន។ ទៅដល់ទីក្រុងតូក្យូ នៅថ្ងៃអាទិត្យនេះលោកដូណាល់ ត្រាំ បានព្រមានមិនឲ្យរបបណាមួយ ឬ មេដឹកនាំផ្តាច់ការ ណាមួយ មើលស្រាលការប្តេជ្ញាចិត្តរបស់អាមេរិក។ លោកដូណាល់ ត្រាំមិនបាននិយាយចំៗឈ្មោះ ប៉ុន្តែ គេដឹងស្មានរួចទៅហើយថា មេដឹកនាំផ្តាច់ការនោះអាចជាលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ឬ មេដឹកនាំកម្ពូជា ។ កូរ៉េខាងជើងនិងការដោះដូរពាណិជ្ជកម្ម ជាប្រធានបទចំបង ក្នុងទស្សនកិច្ចលើកទី ១ របស់ប្រធានាធិបតីអាមេរិក នៅអាស៊ី។
តាមរយៈសារនេះ លោកដូណាល់ ត្រាំ ចង់បញ្ជាក់ទៅប្រជាជនជប៉ុនថា អាមេរិក នឹងនៅតែការពារជប៉ុន ដែលកូរ៉េខាងជើង ធ្លាប់បានគំរាម ថា នឹងបាញ់មីស៊ីលពន្លិចឲ្យខ្ទេចទៅក្នុងសមុទ្រ។
កាលពីថ្ងៃសុក្រម្សិលម្ង៉ៃ យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក ជាច្រើនគ្រឿង ដែលអមដោយយន្តហោះចម្បាំងរបស់ជប៉ុន និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នា ដោយបានបើកហោះនៅក្នុងដែនអាកាសរបស់កូរ៉េខាងត្បូង ក្បែរចុងច្រមុះរបស់កូរ៉េខាងជើង។
ដោយបញ្ជាក់ជំហរការពារជប៉ុន នៅចំពោះការគំរាមកំហែងបាញ់មីស៊ីលរបស់កូរ៉េខាងជើង លោកដូណាល់ ត្រាំ បានកែប្រែសំដី ដែលលោកធ្លាប់បាននិយាយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ កាលណោះ លោកដូណាល់ ត្រាំ ធ្លាប់និយាយចង់ បិទមូលដ្ឋានទ័ពអាមេរិក នៅជប៉ុន បើសិនជប៉ុនមិនចូលរួម រំលែកបន្ទុកចំណាយយោធារបស់ទាហានអាមេរិក នៅជប៉ុន។
នយោបាយយកចិត្តរបស់លោកអាបេ
លោកដូណាល់ ត្រាំ ចេញមុខប្រកាសការពារជប៉ុន គឺត្រូវអរគុណ ដល់ការប្រឹងប្រែង របស់លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊្ហីនហ្សូ អាបេ។ លោកអាបេ ជានាយករដ្ឋមន្រ្តីបរទេសទី១ មុនគេបង្អស់ ដែលបានធ្វើដំណើរភ្លាម ទៅអបអរលោកដូណាល់ ត្រាំ នៅក្រោយការប្រកាសលទ្ធផលឆ្នោត គឺនៅមុនពិធីប្រកាសចូលកាន់តំណែងទៅទៀត។
ក្នុងចំណោមមេដឹកនាំបរទេស លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊្ហ៊ីនហ្សូ អាបេ បានជួបនិយាយ ដោយផ្ទាល់ និងមិនផ្ទាល់ ជាមួយប្រធានាធិបតីអាមេរិកបានច្រើនជាងគេ ដល់ទៅ ២៦ដង។ និយាយគ្នាកាន់តែច្រើន ចុះសម្រុងគ្នាកាន់តែខ្លាំង។ លោកដូណាល់ ត្រាំ បានដកអាមេរិកពីកិច្ចព្រមព្រៀងដោះដូរសេរី អន្តរប៉ាស៊ីហ្វិក ដែលនៅក្នុងនោះមានផងដែរ ជប៉ុន។ ប៉ុន្តែ ជប៉ុន របស់លោកអាបេ មិនរិះគន់ អាក់អន់ចិត្តនឹងអាមេរិកទេ ផ្ទុយទៅវិញ ចេះបត់បែន យុទ្ធសាស្រ្ត ធ្វើយ៉ាងម៉េចដើម្បីបន្តរក្សាទំនាក់ទំនងពាណិជ្ជកម្មទេ្វភាគី ជាមួយ អាមេរិក ហើយនិងដើម្បី បានការសន្យារបស់លោកដូណាល់ ត្រាំ ដើម្បីការពារជប៉ុន។
ក្រៅតែពីចូលចិត្តលេងវាយកូនហ្គោលដូចគ្នា លោកដូណាល់ ត្រាំ នៅនិយាយចុះសម្រុងគ្នាច្រើនជាមួយនាយករដ្ឋមន្រ្តីជប៉ុន។ លោកអាបេ ជាមេដឹកនាំបរទេសតែម្នាក់គត់ ដែលយល់ឃើញ ដូចលោកដូណាល់ ត្រាំ ដែលគ្មានជំហរ ចង់ចរចាជាមួយ កូរ៉េខាងជើង ប៉ុន្តែ ផ្ទុយទៅវិញ ប្រើនយោបាយដាក់ ទណ្ឌកម្ម ដើម្បី ដាក់សម្ពាធលើកូរ៉េខាងជើង ឲ្យលះបង់ចោលមហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរ។
បាតុកម្មប្រឆាំងលោកដូណាល់ ត្រាំ នៅកូរ៉េខាងត្បូង។
លោកដូណាល់ ត្រាំ កំពុងស្ថិតនៅប្រទេសជប៉ុន និងកំពុងលេងវាយកូនហ្គោល ជាមួយនាយករដ្ឋមន្រ្តីស្ហ៊ីហ្សូ អាបេ។ ប៉ុន្តែ នៅក្រុងសេអ៊ូល ឯណោះវិញ នៅថ្ងៃអាទិត្យ នៅមុនលោកដូណាល់ ត្រាំ ធ្វើដំណើរទស្សនកិច្ចទៅសេអ៊ូលទៅទៀត ប្រជាជនកូរ៉េខាងត្បូង បានធ្វើបាតុកម្មប្រឆាំងលោកដូណាល់ ត្រាំ។
បាតុករកូរ៉េខាងត្បូង ប្រឆាំង មិនស្វាគម លោកដូណាល់ ត្រាំ ព្រោះគេបារម្ភខ្លាចថា សំដីរិះគន់របស់លោកដូណាល់ ត្រាំ សំដៅក្រុងព្យុងយ៉ាង នឹងរឹតតែធ្វើឲ្យភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលតានតឹងរួចទៅហើយនោះ គឺកាន់តែតានតឹងខ្លាំងឡើងថែមទៀត។ សម្រាប់បាតុករកូរ៉េខាងត្បូង គេត្រូវតែលើកកំពស់សន្តិភាព ចរចា សន្តិភាពជាមួយ កូរ៉េខាងជើង មិនត្រូវរឹងរូស ប្រើកំលាំងយោធា ទៅតាមការចង់បានរបស់លោក ដូណាល់ ត្រាំ នោះទេ។
រហូតមក លោកដូណាល់ ត្រាំបន្តសង្រ្គាមពាក្យសំដីជាមួយមេដឹកនាំកូរ៉េខាងជើង ដែលលោកធ្លាប់ ចាត់ទុកថា ជាបុរសមីស៊ីល។ រាល់លើក ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល លោកដូណាល់ ត្រាំ តែងនិយាយគំរាមបកវិញថា នឹងប្រើជម្រើសយោធា។ នៅអង្គការសហប្រជាជាតិ លោកហ៊ានដល់ទៅគំរាមថា នឹងបំផ្លាញរបបកុម្មុយនិស្តព្យុងយ៉ាងឲ្យឆេះ គ្មានសល់។ សម្រាប់ប្រជាជនកូរ៉េខាងត្បូង ពាក្យគំរាមរបស់លោកដូណាល់ ត្រាំ ប្រៀបបាននឹងការយកសាំងទៅចាក់លើភ្លើង ព្រោះកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងផលិតបានមីស៊ីល អន្តរទ្វីប ក៏ឆេវឆាវណាស់ដែរ។ ក្នុងករណីដែលមានភ្លើងសង្រ្គាមឆាបឆេះឡើង អ្នកដែលរងគ្រោះមុនគេ មិនមែនអាមេរិក ទេ ប៉ុន្តែ ប្រជាជនកូរ៉េខាងត្បូង ដែលរស់នៅជាប់របងជាមួយកូរ៉េខាងជើងនោះ។
នយោបាយការបរទេសរបស់លោកដូណាល់ ត្រាំ នឹងបង្កឲ្យមានភាពវឹកវរ
នៅមុនដំណើរទស្សនកិច្ចទៅអាស៊ី លោកដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងជោគជ័យ ទស្សនកិច្ចរបស់លោកនឹងផ្តល់លទ្ធផលជាផ្លូវការ។ គេមិនដឹងថា តើ ជោគជ័យដែលលោកដូណាល់ ត្រាំ លើកនិយាយ កើតឡើង ដោយសារការប្រើនយោបាយការទូត ឬការគំរាមកំហែងនោះទេ?
ប៉ុន្តែ បើស្តាប់តាមប្រសាសន៍របស់ប្រធានាធិបតីអាមេរិក នៅមូលដ្ឋានទ័ពអាមេរិក នៅជាយក្រុងតូក្យូ នៅថ្ងៃនេះ លោកដូណាល់ ត្រាំ ប្រើពាក្យគំរាម ច្រើនជាង ឥរិយាបថស្រទន់ ដើម្បី ដោះស្រាយវិបត្តិនុយក្លេអ៊ែរ កូរ៉េខាងជើង។ ជាក់ស្តែង នៅថ្ងៃដំបូង ដែលលោកទៅជាន់ទឹកដីអាស៊ីភ្លាម នៅជប៉ុន លោកបាននិយាយព្រមានរួចជាស្រេច មិនឲ្យមេដឹកនាំផ្តាច់ការ ឬរបបណាមួយ មើលងាយ អាមេរិក។
ជាអ្នកជំនួញ គ្មានបទពិសោធន៍ធ្វើនយោបាយ លោកដូណាល់ ត្រាំ មានជំនាញសូន្យ ខាងធ្វើនយោបាយការបរទេស។ ឧទាហរណ៍ មុននឹងចេញដំណើរទៅអាស៊ី នៅទូរទស្សន៍ អាមេរិកាំង FOX លោកដូណាល់ ត្រាំ បានផ្ញើសារ ដ៏ចម្លែកមួយទៅមេដឹកនាំចិន។ លោកដូណាល់ ត្រាំ និយាយថា ជប៉ុនជាប្រទេស អ្នកចម្បាំង។ ដូច្នេះ ចិន សម្ព័ន្ធ មិត្តរបស់កូរ៉េខាងជើង បើសិនជាបណ្តោយទុកឲ្យកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍនុយក្លេអ៊ែរទៀត មុខជានឹងអាចប៉ះទង្គិចជាមួយជប៉ុន ក្នុងពេលឆាប់ៗ ខាងមុខ។ សំដីរបស់លោក ប្រៀបបាននឹងញុះញង់ រុញ ឲ្យកើតមានសង្រ្គាម ប្រយុទ្ធគ្នា រវាងចិន និងជប៉ុន។ នយោបាយការបរទេសរបស់លោកដូណាល់ ត្រាំ នឹងអាចទៅបង្កឲ្យមានចលាចល ភាពវឹកវរ ច្រើនជាងទៅបង្កើតភាពស្ងប់សុខនៅអាស៊ី ។
ចំណែកកម្ពុជាវិញ លោកត្រាំថា ព្រឹទ្ធិសភាជាអ្នករៀបចំការងារនេះដើម្បីដាក់ទណ្ឌកម្មទៅលើកម្ពុជា ។
ដំណើរទស្សនកិច្ចរបស់លោកដូណាល់ ត្រាំ នៅអាស៊ី៖
-ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ វិច្ឆិកា លោកដូណាល់ ត្រាំទៅប្រទេសជប៉ុន
-ពីថ្ងៃទី ៧ដល់ថ្ងៃទី ៨វិច្ឆិកា លោកដូណាល់ ត្រាំ ធ្វើដំណើរទៅកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តរបស់អាមេរិក ប៉ុន្តែ លោកដូណាល់ ត្រាំ នឹងមិនស្ថិតនៅយូរថ្ងៃនៅកូរ៉េខាងត្បូងទេ ព្រោះថា លោកមិនសូវចុះសម្រុងខ្លាំងជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចៃអ៊ីន ដែលមានជំហរនយោបាយចង់ចរចាជាមួយ កូរ៉េខាងជើង ផ្ទុយពីលោកដូណាល់ ត្រាំ។
-ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ វិច្ឆិកា លោកដូណាល់ ត្រាំ ត្រូវទទួលយ៉ាងអធិកអធមដោយរដ្ឋាភិបាលក្រុងប៉េកាំង។ បញ្ហាពាណិជ្ជកម្ម និងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ជាប្រធានបទសំខាន់ ក្នុងជំនួបមេដឹកនាំអាមេរិក និងចិន នៅក្រុងប៉េកាំង។ លោកដូណាល់ ត្រាំ នៅតែបន្តទាមទារឲ្យចិនចូលរួមឲ្យកាន់តែខ្លាំងដាក់សម្ពាធលើកូរ៉េខាងជើង សម្ព័ន្ធមិត្តរបស់ចិន។ ចិនដែលបានចូលរួមបោះឆ្នោតដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅកូរ៉េខាងជើង នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទំនងនឹងចាត់វិធានការក្តៅបន្ថែមប្រឆាំងសម្ព័ន្ធមិត្ត ព្យុងយ៉ាងនោះទេ ព្រោះ ការដួលរលំកូរ៉េខាងជើង នឹងបង្កឲ្យមានវិបត្តិជនភៀសខ្លួន និងប៉ះពាល់ដល់សេដ្ឋកិច្ច រួមទាំងនយោបាយភូមិសាស្រ្តរបស់ចិន នៅអាស៊ី
-ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២វិច្ឆិកា លោកដូណាល់ ត្រាំ នឹងទៅចូលរួម ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី ប៉ាស៊ីហ្វិក រៀបចំឡើងនៅទីក្រុងដាណាង របស់ប្រទេសវៀតណាម។ នៅក្នុងយន្តហោះ សំដៅប្រទេសជប៉ុន លោកដូណាល់ ត្រាំ និយាយប្រាប់អ្នកកាសែតថា លោកគ្រោងជួបលោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន ដើម្បីសុំឲ្យលោកពូទីនចូលរួមដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង
-ពីថ្ងៃទី ១៣ ដល់១៤វិច្ឆិកា លោកដូណាល់ ត្រាំ បិទបញ្ចប់ទស្សនកិច្ចដ៏យូរមិនធ្លាប់មានរបស់ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន។ នៅម៉ានីលលោកនឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន៕
ប្រភព៖ Pdachkar
No comments:
Post a Comment