លោក លី សុខា ដែលជាពលរដ្ឋខ្មែរ-កាណាដា បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថា ពលរដ្ឋខ្មែរនៅប្រទេសកាណាដា មានការព្រួយបារម្ភ និងខឹងសម្បាចំពោះស្ថានការណ៍នយោបាយ ការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលកាន់តែធ្លាក់ចុះដុនដាបធ្ងន់ធ្ងរ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម និងឡើងកាន់អំណាចពីដំបូងដោយការលើកបន្តុបពីរដ្ឋាភិបាលបរទេស។
លោក លី សុខា ថាបាតុកម្មនេះ គឺជាផ្នែកមួយនៃការផ្ញើសារ ទៅរដ្ឋាភិបាលប្រទេសកាណាដា ឲ្យធ្វើយ៉ាងណា ដាក់សម្ពាធ និងទណ្ឌកម្មទៅលើលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង ព្រមទាំងការរំលោភស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ លោក លី សុខា ជឿជាក់លើសម្ពាធអន្តរជាតិ ដែលមានភាពជាក់លាក់ខ្លាំងនៅលើកនេះ ដោយសារតែសហគមន៍អន្តរជាតិ ចាប់ផ្ដើមបង្ហាញចំណាត់ការជាបន្តបន្ទាប់រួចហើយ ដែលមិនយូរមិនឆាប់ ប្រទេសកម្ពុជានឹងត្រូវរងសម្ពាធនេះយ៉ាងដំណំ និងត្រូវតែពិចារណាទង្វើរបស់ខ្លួនឡើងវិញ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment