Tuesday, December 12, 2017

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ថា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រៅ​ស្រុក​ជា​រឿង​ខុស​ច្បាប់

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ចំពោះ​ក្រុម​បាតុករ​​នៅ​ក្រៅ​ប្រទេស​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ថា​ជា​រឿង​រំលោភ​លទ្ធិប្រជាធិបតេយ្យ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
ការ​បញ្ចេញ​ប្រតិកម្ម​នេះ នៅ​ស្រប​ពេល​ចលនា​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ក្រៅ​ប្រទេស​បាន​កើត​មាន​ផុសផុល ក្រោយ​ពី​ចាប់​ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​ប្រឆាំង​ដែល​ពួក​បាតុករ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ត្រូវ​ដោះលែង​លោក កឹម សុខា និង ត្រូវ​ឲ្យ​មាន​វត្តមាន​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ឡើង​វិញ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​ជា​សកម្មភាព​រំលោភ​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
​លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​សម្រេច​ដោយ​តុលាការ ហើយ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​នេះ គឺ​ជា​ការ​រំលោភ​សមត្ថកិច្ច​របស់​តុលាការ​កំពូល និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
ការ​លើក​ឡើង​របស់​លោក សុខ ឥសាន នេះ ជា​ការ​ឆ្លើយ​តប​ភ្លាមៗ ចំពោះ​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​រដ្ឋ​នៃ​សហរដ្ឋ​អាមេរិក កាណាដា និង​បារាំង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដែល​ត្រូវ​នឹង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន និង​បាន​ដង្ហែ​ឆ្ពោះ​ទៅ​កាន់​ស្ថានទូត​ខ្មែរ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ទាមទារ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ទៅ​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ និង​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ឈប់​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​ដោយ​ត្រូវ​ឲ្យ​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ៖ «»។
អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក គឺ​ជា​រឿង​ត្រឹមត្រូវ ផ្ទុយ​ទៅ​វិញ ទង្វើ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ទៅ​វិញ​ទេ ដែល​ជា​ទង្វើ​រំលោភ​នីតិរដ្ឋ ប្រជាធិបតេយ្យ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នោះ៖ «»។
ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ រួម​មាន​ប្រទេស​កាណាដា (Canada) បារាំង (France) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ (New Zealand) ជប៉ុន អាល្លឺម៉ង់ និង​នៅ​សហរដ្ឋអាមេរិក។ ក្រុម​បាតុករ​តវ៉ា​នៅ​មុខ​សាលាក្រុង ឬ​មុខ​អគារ​រដ្ឋាភិបាល​ក្នុង​រដ្ឋ​រៀងៗ​ខ្លួន​យ៉ាង​ផុសផុល ដោយ​ថ្កោល​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដែល​ខ្លួន​កំពុង​រស់​នៅ​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​ក្រុម​គ្រួសារ​មន្ត្រី​រដ្ឋាភិបាល​ជាដើម។
​ការធ្វើ​បាតុកម្ម​នៅមុខ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ក៏​មាន​វត្តមាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាងរាស្ត្រ​មួយ​ចំនួន ព្រះសង្ឃ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​មាន​មនុស្ស​ជាង ១​ពាន់​ចូល​រួម​ដែរ។ អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន មិន​អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​បន្ត​ទៀត​បាន​ទេ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឈម​បញ្ហា​លំបាក​នៃ​គំនាប​ពី​គ្រប់​មជ្ឈដ្ឋាន បើសិនជា​លោក ហ៊ុន សែន មិន​កែប្រែ​ស្ថានការណ៍​ឲ្យ​វិល​ទៅ​ប្រក្រតី​វិញ​ទេ​នោះ៖ «»។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ហៅ​ចលនា​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នៅ​ពេល​នេះ ថា​មិន​ខុស​ពី​ពលរដ្ឋ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត​ទេ​ដែល​មេដឹកនាំ​ផ្ដាច់ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង ដូចជា​នៅ​មីយ៉ាន់ម៉ា (ភូមា) ជាដើម ហើយ​ចលនា​បាតុកម្ម​របស់​រដ្ឋ​នៅ​ក្រៅ​ប្រទេស​នោះ គឺ​មាន​ឥទ្ធិពល​លើ​មេដឹកនាំ​ផ្ដាច់ការ​ទាំង​នោះ នៅ​ទី​បញ្ចប់​របប​ផ្ដាច់ការ​ទាំង​ត្រូវ​បាន​រំលាយ៖ «»។
ប្រទេស​មហាអំណាច​ធំៗ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ក្រោយ​ពី​ចាប់​ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​មាន​សហភាព​អន្តរសភា​ហៅ​កាត់​ថា IPU ដែល​មាន​សមាជិក​មក​ពី ១៧៣​ប្រទេស​នៅលើ​សកលលោក ភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) អូស្ត្រាលី ប្រទេស​ស៊ុយអែត សហភាព​អឺរ៉ុប ប្រទេស​បារាំង និង​ក្រសួង​ការបរទេស​អាមេរិក បាន​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល ដែល​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក។
សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក ថិត គ្រូស (Ted Cruz) អបអរសាទរ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក រិក ធីលលើសិន (Rex Tillerson) ដែល​បាន​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមគ្រួសារ​ដែល​ពាក់ព័ន្ធ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។
​សេចក្ដី​ថ្លែងការណ៍​របស់​លោក ថិត គ្រូស ចេញ​កាល​ពី​ថ្ងៃទី​៨ ខែ​ធ្នូ បញ្ជាក់​ថា ការ​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុមគ្រួសារ ជា​ជំហាន​ដំបូង​ដ៏​មាន​ប្រសិទ្ធភាព​ឆ្ពោះទៅ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឡើង​វិញ និង​ក៏​ជា​ការ​ឆ្លើយ​តប​ដ៏​ចាំបាច់​មួយ​ចំពោះ​ការ​កើន​ឡើង​ឥទ្ធិពល​ចិន នៅ​កម្ពុជា។
​លោក​បន្ត​ថា លោក ហ៊ុន សែន មាន​ជម្រើស​ដ៏​សាមញ្ញ​មួយ គឺ​ត្រូវ​ដោះលែង​លោក កឹម សុខា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អាច​ចូល​ស្រុក​វិញ​បាន លុបចោល​សាលដីកា​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​លើកលែង​ការ​ហាមឃាត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ផ្នែក​បញ្ចេញមតិ​ពេញលេញ បើ​មិន​ដូច្នោះ​ទេ​កម្ពុជា នឹង​រក​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក បន្ថែម​ទៀត។
លោក ថិត គ្រូស  សរសេរ​បន្ថែម​ទៀត​ថា  ពលរដ្ឋ​កម្ពុជា សម​តែ​ទទួល​បាន​មេដឹកនាំ​ល្អ ជា​ជាង​មេដឹកនាំ​ជា​បុរស​ខ្លាំង ផ្តាច់ការ។ លោក​សន្យា​ថា សហរដ្ឋអាមេរិក​នឹង​មិន​បង្អង់​ដៃ​ចំពោះ​ការប្តេជ្ញា​ការពារ​សិទ្ធិសេរីភាព​នោះ​ទេ៕
ប្រភព៖ RFA Khmer

No comments:

Post a Comment