Tuesday, December 19, 2017

លោក ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម​លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដោយ​មិន​ចេញ​ទិដ្ឋាការ ឬ​វីសា​ឲ្យ​មន្ត្រី​ទាំងនោះ​វិញ។ សារ​គំរាម​របស់​បុរស​ខ្លាំង នៅ​កម្ពុជា​នេះ ធ្វើឡើង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ រាប់​ពាន់​នាក់ នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី១៧ ខែ​ធ្នូ ដោយ​លោក ហ៊ុន សែន អះអាង​ថា ប្រទេស​កម្ពុជា​ឥឡូវ មិន​ដូច​ប្រទេស​កម្ពុជា​ពីមុន​នោះ​ទេ។ «»
សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សហរដ្ឋអាមេរិក ដែល​បាន​ប្រកាស​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ ដែល​រង​ការចោទប្រកាន់ ថា​បាន​ចូល​ដៃ
ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ថ្មីៗ​នេះ សភា​អឺរ៉ុប ក៏​បាន​អនុម័ត​សេចក្ដី​សម្រេច ស្ដីពី​វិធានការ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​រួមមាន​ការ​បិទ​ទិដ្ឋាការ ឬ​វី​សា​នេះ​ដែរ។
អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ហៅ​ការ​ឌឺដង និង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ខ្លួនឯង​បែបនេះ មិនមែន​ជា​រឿង​ចំណេញ​ដល់​ជាតិ​នោះ​ទេ។ លោក​បណ្ឌិត​យល់ថា លោកនាយក​រដ្ឋមន្ត្រី គួរ​រក​វិធី​ប្រសើរ​ជាង​នេះ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​អន្តរជាតិ។
អ្នកវិភាគ​យល់ស្រប​គ្នា​ថា ប្រទេស​កម្ពុជា ពឹង​ពាក់​ស្ទើរតែ​ទាំងស្រុង​លើ​សហរដ្ឋអាមេរិក និង សហគមន៍​អឺរ៉ុប ផ្នែក​ទំនាក់ទំនង​ពាណិជ្ជកម្ម។ ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​ដូចជា​ការ​ផ្អាក​ការ​អនុគ្រោះ​ពន្ធ លើ​ផលិតផល​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ នៅ​កម្ពុជា។ សហគមន៍​អន្តរជាតិ លើកលែងតែ​ប្រទេស​ចិន យល់ស្រប​គ្នា​ថា វិធានការ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ធ្វើ​ឡើង ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ កម្ពុជា នឹង​គ្មាន​ទណ្ឌកម្ម​ទាំងនេះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទាំង​នេះ រួច​ហើយ​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ឆន្ទៈ​ពិតប្រាកដ​របស់​ម្ចាស់​ឆ្នោត៕
ប្រភព៖ RFA Khmer

No comments:

Post a Comment