ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បញ្ជាក់ថា មូលហេតុនៃការសម្រេចផ្អាកជំនួយហិរញ្ញវត្ថុនេះ គឺដោយសារតែសេចក្ដីសម្រេចរបស់តុលាការកំពូល ប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ ក្នុងការរម្លាយគណបក្សសង្គ្រោះជាតិ ដែលសហភាពអឺរ៉ុប សង្កត់ធ្ងន់ៗថា ក្នុងដំណើរការបោះ
ឆ្នោតមួយដែលគណបក្សប្រឆាំង ត្រូវបានផាត់ចេញតាមទំនើងចិត្តយ៉ាងដូច្នេះ លទ្ធផលនៃការបោះឆ្នោតនេះ នឹងមិនត្រូវមើលឃើញថា មានភាពស្របច្បាប់នោះឡើយ។
សេចក្ដីប្រកាសព័ត៌មានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាផ្សាយ នៅថ្ងៃទី១២ ខែធ្នូ គូសបញ្ជាក់ថា បើទោះជាសហភាពអឺរ៉ុប រីករាយក្នុងការការគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់ប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅក៏ដោយ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលកម្ពុជា បានចាត់ចំណាត់ការជាបន្តបន្ទាប់ទៅលើគណបក្សប្រឆាំងធំជាងគេដែលទទួលបានសំឡេងឆ្នោតចំនួន ៤៤,៥% នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ និងចំនួន ៤៣,៨% ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧។ សហភាពអឺរ៉ុប សង្កត់ធ្ងន់ៗថា សេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សនេះទៅឲ្យគណបក្សដទៃទៀត គឺជាការបដិសេធចោលនូវការជ្រើសរើសរបស់ពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៣ និង២០១៧។
អាស៊ីសេរី បានព្យាយាមសុំប្រតិកម្មពីមន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ជុំវិញសេចក្ដីសម្រេចផ្អាកផ្តល់ជំនួយរបស់សហភាពអឺរ៉ុបនេះ តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។ យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រ៉យទ័រ (Reuters) ថា សេចក្ដីសម្រេចចិត្តរបស់សហភាពអឺរ៉ុប នឹងមិនប៉ះពាល់ដល់ការបោះឆ្នោតខាងមុខឡើយ។ លោកថា ការសម្រេចចិត្តនេះជាសិទ្ធិរបស់សហភាពអឺរ៉ុប ហើយរដ្ឋាភិបាលកម្ពុជា មានកញ្ចប់ថវិការបស់ខ្លួនសម្រាប់ការងាររៀបចំដំណើរការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះហើយ។
អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយមើលឃើញថា ការសម្រេចប្រកាសផ្អាកផ្តល់ជំនួយហិរញ្ញវត្ថុនេះ បង្ហាញឲ្យឃើញពីការមិនពេញចិត្តរបស់សហភាពអឺរ៉ុប ទៅលើបញ្ហានយោបាយដែលកំពុងតែកើតមាននៅកម្ពុជា សព្វថ្ងៃនេះ។ លោកបន្តថា នៅពេលដែលការបោះឆ្នោតមិនមានជំនួយជាថវិកាគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នោះទេ វាអាចធ្វើឲ្យគុណភាពនៃការតាមដានឃ្លាំមើលការបោះឆ្នោតមានភាពចន្លោះប្រហោង ហើយឯករាជភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោតនេះ នឹងត្រូវចោទជាបញ្ហា៖ «»។
លោកបណ្ឌិត មាស នី មើលឃើញថា នៅពេលដែលគណបក្សកាន់អំណាចពឹងតែទៅលើជំនួយរបស់ចិន និងប្លុកកុម្មុយនិស្តយ៉ាងដូច្នេះ អាចនឹងធ្វើឲ្យប្រជាប្រិយភាពរបស់គណបក្សនេះកាន់តែធ្លាក់ចុះដុនដាប ហើយគណបក្សនេះនឹងពិបាកក្នុងការទទួលយកជ័យជម្នះនៅពេលដែលមានការបោះឆ្នោតដោយលក្ខណៈប្រជាធិបតេយ្យឡើងវិញ៖ «»។
កន្លងមកសហភាពអឺរ៉ុបធ្លាប់សន្យាថា នឹងផ្ដល់ទឹកប្រាក់ចំនួន ១០លានអឺរ៉ូ ឬជាង ១២លានដុល្លារអាមេរិក សម្រាប់ដំណើរការរៀបចំការបោះឆ្នោតក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងចំណោមទឹកប្រាក់ជំនួយដែលបានសន្យានេះ សហភាពអឺរ៉ុប បានផ្ដល់ថវិកាចំនួន ៥លានដុល្លារអាមេរិក រួចហើយទៅឲ្យទៅ គ.ជ.ប។
ថ្លែងក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ កាលពីចុងសប្ដាហ៍មុននេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ច្សច អេដហ្គា (George Edgar) គូសបញ្ជាក់សាជាថ្មីថា ការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ត្រូវបានកំណត់យ៉ាងជាក់លាក់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុប បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ១៩៩៧។ លោកបន្តថា កិច្ចសហប្រតិបត្តិការនេះ រួមបញ្ចូលទាំងការគាំទ្ររបស់សហភាពអឺរ៉ុប សម្រាប់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីពេលថ្មីៗនេះ បានស្រង់ប្រសាសន៍អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា ដែលលោកបានអះអាងថា គ.ជ.ប នឹងនៅតែបន្តការងាររៀបចំការបោះឆ្នោតតទៅទៀត ព្រោះនៅមានប្រទេសដទៃទៀតបន្តផ្ដល់ជំនួយហិរញ្ញវត្ថុក្នុងការងាររៀបចំការបោះឆ្នោតនេះ ក្នុងនោះរួមមានប្រទេសចិន ជប៉ុន រុស្ស៊ី និងប្រទេសម្ចាស់ជំនួយមួយចំនួនទៀត។ ចំណែកមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏បានអះអាងស្រដៀងគ្នាដែរថា កម្ពុជាមានថវិកាសម្រាប់ការបោះឆ្នោតខាងមុខនេះ។
សហភាពអឺរ៉ុប និងប្រទេសជប៉ុន គឺជាម្ចាស់ជំនួយធំបំផុតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការប្រកាសផ្អាកផ្ដល់ជំនួយហិរញ្ញវត្ថុនេះ ធ្វើឡើងក្រោយពេលដែលសហរដ្ឋអាមេរិក បានប្រកាសកាលពីខែមុខថា ខ្លួននឹងផ្អាកផ្ដល់ជំនួយដល់ គ.ជ.ប នេះ និងក្រោយពេលដែលសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មរឹតត្បិតមិនចេញទិដ្ឋាការ ឬ វីសា ដល់មន្ត្រីរដ្ឋាភិបាល និងសាច់ញាតិរបស់ពួកគេដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងរម្លាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
ប្រភព៖ RFA Khmer
No comments:
Post a Comment