Monday, December 4, 2017

ការណ៍​ដែល​ប៉ាគីស្ថាន នេប៉ាល់ និង​មីយ៉ាន់ម៉ា​លុប​ចោល​គម្រោង​វារីអគ្គិសនី​ចិន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​ចិន

លោក​ប្រធានាធិបតី ស៊ី ជីនពីង ថ្លែង​ក្នុង​ពិធី​សម្ភោធ CPC នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​នឹង​គណបក្ស​នយោបាយ​ពិភពលោក នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។
នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ប្រទេស​ប៉ាគីស្ថាន នេប៉ាល់ និង​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​អះអាង​អំពី​ការ​លុប​ចោល​នូវ​គម្រោង​វារីអគ្គិសនី​ដ៏​ធំ​ចំនួន ៣ ដែល​ក្រុមហ៊ុន​ចិន​គ្រោង​នឹង​អនុវត្ត។ ការ​បដិសេធ​នូវ​គម្រោង​ទាំង ៣ ដែល​មាន​ទឹក​ប្រាក់​ជិត ២០ ពាន់​លាន​ដុល្លារ​អាមេរិក​នេះ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ ដែល​ជា​គម្រោង​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​មាន​មហិច្ឆតា​របស់​ចិន។
រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​លើក​ឡើង​ពី​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​តឹងតែង​ដែល​ចិន​ដាក់​ឲ្យ​ថា​ជា​មូលហេតុ​ដែល​ខ្លួន​លុប​ចោល​នូវ​គម្រោង​ទំនប់​វារីអគ្គិសនី Diamer-Bhasha ដែល​មាន​ទឹក​ប្រាក់ ១៤ លាន​
ដុល្លារ។
ចំណែក​ឯ​ឧបនាយករដ្ឋមន្ត្រី​នេប៉ាល់​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​លុប​ចោល​នូវ​កិច្ច​សន្យា​គម្រោង​វារីអគ្គិសនី​ដែល​មាន​ទឹក​ប្រាក់ ២ ពាន់ ៥ រយ​លាន​ដុល្លារ​អាមេរិក ដោយ​ចោទ​ក្រុមហ៊ុន​ចិន​អំពី​ភាព​មិន​ប្រក្រតី​ផ្នែក​ហិរញ្ញវត្ថុ។
រី​ឯ​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​បញ្ឈប់​គម្រោង​ទំនប់​វារីអគ្គិសនី​ចិន​ដែល​មាន​ទឹក​ប្រាក់ ៣ ពាន់ ៦ រយ​លាន​ដុល្លារ​អាមេរិក កាល​ពី ៣ ឆ្នាំ​មុន បាន​អះអាង​កាល​ពី​ខែ​មុន​ថា ខ្លួន​មិន​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​គម្រោង​វារីអគ្គិសនី​ធំៗ​នោះ​ទេ។
ការ​សម្រេច​ចិត្ត​របស់​បណ្ដា​ប្រទេស​ជិត​ខាង​ប្រទេស​ចិន​ទាំង​នេះ អាច​មាន​ន័យ​ថា​ជា​ការ​ធ្វើ​ឲ្យ​បាត់បង់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​កេរ្តិ៍​ឈ្មោះ​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​ចិន។
អ្នក​វិភាគ​នានា​បាន​និយាយ​ថា ទោះបីជា​មាន​មូលហេតុ​នយោបាយ និង​សេដ្ឋកិច្ច​ផ្សេងៗ​គ្នា​ចំពោះ​ការ​សម្រេច​ចិត្ត​បញ្ឈប់​គម្រោង​ទាំង​នេះ​ក៏​ដោយ ក៏​គេ​ឃើញ​មាន​ការ​ទទួល​ស្គាល់​កើន​ឡើង​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ក្រីក្រ​ថា សំណើ​របស់​ប្រទេស​ចិន​ក្នុង​ការ​កសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន៕
ប្រភព៖ VOA Khmer

No comments:

Post a Comment