Tuesday, December 5, 2017

សមាជិក​សភា​ពី​ប្រទេស​ចំនួន​២៣​សរសេរ​លិខិត​ចំហ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA
សមាជិកសភា​ជុំវិញ​ពិភពលោក​សរសេរ​លិខិត​ចំហ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា  ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។
លិខិត​ដែល​គាំទ្រ​ដោយ​សមាជិក​សភា ១៥៨​រូប មក​ពី​ប្រទេស​ចំនួន ២៣ ដែល​សរសេរ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ នេះ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សេចក្តី​សម្រេច​រម្លាយ​បក្ស​ប្រឆាំង និង​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ​មួយ ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

​ពួកគេ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់​ការ​ជាបន្ទាន់ ដើម្បី​ផ្ដល់​នីតិសម្បទា​ទៅ​ឲ្យ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ និង​លុប​ចោល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​បោះ​ឆ្នោត។
​ជា​ចុង​ក្រោយ តំណាងរាស្ត្រ​ទាំង ១៥៨​រូប​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើង​វិញ​ដើម្បី​ធ្វើ​យ៉ាង​ណា​សហការ​គ្នា​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​មាន​ការ​ចូល​រួម​ទូលំទូលាយ​ពី​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។
ប្រធានសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) លើក​ឡើង​ថា ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ នឹង​មិន​ស្រប​ច្បាប់​នោះ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ចាត់ការ​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​ខាង​លើ។
​លោក ឆាល សាន់ទីយ៉ាហ្គោ បញ្ជាក់​ថា ការ​គាំទ្រ​ដ៏​លើសលុប​ពី​សមាជិក​សភា​នៅ​ទូទាំង​ពិភពលោក​បែប​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ថា សហគមន៍​អន្តរជាតិ​មិន​ឈរ​ឱបដៃ​មើល​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា នេះ​ទេ។
​លោក​បាន​ព្រមាន​ថា បើ​លោក ហ៊ុន សែន នៅ​តែ​ព្រងើយ​កន្តើយ​មិន​អើពើ​ចំពោះ​អនុសាសន៍​របស់​សមាជិក​សភា​ទាំង​អស់​នេះ​ទេ នោះ​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​មនុស្ស​ដែល​គេ​ផាត់​ចេញ​ពី​សហគមន៍​អន្តរជាតិ​មិន​ខាន៕
ប្រភព៖​ RFA Khmer

No comments:

Post a Comment