Thursday, January 18, 2018

អ្នក​ជំនាញ​ស្នើ​ឱ្យ​វាយតម្លៃ​ត្រឹមត្រូវ​ចំពោះ​គម្រោង​សង់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​កណ្ដាល

គំរូ​​ប្លង់​សម្រាប់​សង់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ក្រោម​ការ​អនុវត្ត​ដោយ​វិនិយោគិន​ចិន។
គំរូ​​ប្លង់​សម្រាប់​សង់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ក្រោម​ការ​អនុវត្ត​ដោយ​វិនិយោគិន​ចិន។ Photo Screenshot
គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ ដែល​មាន​ទឹកប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ ទើបតែ​ត្រូវ​បាន​រដ្ឋាភិបាល​ទម្លាយ​ឱ្យ​ដឹង​កាលពី​ថ្ងៃទី១១ មករា កន្លង​ទៅ តាមរយៈ​ការ​ចុះ​ហត្ថលេខា​រួមគ្នា​រវាង​តំណាង​ក្រុមហ៊ុន​វិនិយោគ​កម្ពុជា និង​ក្រុមហ៊ុន​ចិន។ ក្នុងចំណោម​ទឹកប្រាក់​វិនិយោគ​នោះ មួយ​ភាគ​ធំ​គឺជា​កម្ចី​ពី​ធនាគារ​ចិន (China Development Bank) និង​មួយ​ផ្នែក​តូច​គឺជា​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ឃាវសែ។ ទោះបីជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ទំហំ​ទឹកប្រាក់​វិនិយោគ​ក្ដី តែ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បង្ហាញ​អំពី​ការសិក្សា ឬ​ការវាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ជំនាញ​មួយ​ចំនួន​ព្រួយបារម្ភ​ថា កម្ពុជា​អាច​នឹង​មិន​ទទួល​បាន​ផលប្រយោជន៍​ច្រើន ពី​គម្រោង​ខ្នាត​យក្ស​មួយ​នេះ​ដូច​ការ​រំពឹង​ទុក​ឡើយ។

អ្នក​ជំនាញ​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​សិក្សា និង​វាយតម្លៃ​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​ចាប់ផ្ដើម​អនុវត្ត​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ​នេះ ដើម្បី​បញ្ចៀស​ការខាតបង់ ឬ​ផល​ប៉ះពាល់​សង្គម​នានា ដែល​កើត​ចេញពី​កង្វះខាត​ការស្រាវជ្រាវ។ ការ​អំពាវនាវ​របស់​អ្នក​ជំនាញ​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណឹង​ស្ដីពី​គម្រោង​បង្កើត​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ​នៅ​ក្បែរ​ក្រុងភ្នំពេញ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​កម្ពុជា​របស់​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺជាំង (Li Keqiang) កាល​ពី​ពេល​ថ្មីៗ​នេះ។
អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ យល់ឃើញ​ថា គម្រោង​ស្ថាបនា​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ ហាក់​ដូចជា​ដើរ​ទៅ​មុន​មួយ​ជំហាន បើ​ប្រៀបធៀប​នឹង​គម្រោង​ដទៃ។ ដើរ​ទៅ​មុន​មួយ​ជំហាន នៅ​ត្រង់​ថា រដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុមហ៊ុន​សាងសង់ និង​អភិវឌ្ឍ​អាកាសយានដ្ឋាន​ថ្មី​នេះ រួច​តំណាង​ក្រុមហ៊ុន​វិនិយោគ​កម្ពុជា គឺ​ក្រុមហ៊ុន អូ.ស៊ី.អាយ​.​ស៊ី ក៏​បាន​ចុះ​ហត្ថលេខា​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ចិន ដោយ​បាន​ប្រកាស​ពី​ទំហំ​ទឹកប្រាក់​វិនិយោគ​តែម្ដង ដោយ​មិន​ឃើញ​មានការ​បង្ហាញ​ពី​របាយការណ៍​វាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម (EIA) នោះ​ឡើយ៖ «ខ្ញុំ​គិត​ថា ទីមួយ​ត្រូវ​ធ្វើ​ការសិក្សា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត គឺ​ទាំង​លក្ខណៈ​បច្ចេកទេស និង​សេដ្ឋកិច្ច ថា​តើ​ការ​វិនិយោគ​នេះ​ចាំបាច់ និង​ទទួល​បាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដែរ​ឬ​អត់? ទី​ពីរ​គឺ​ផល​ប៉ះពាល់​នៃ​ការសាងសង់ តើ​វា​មាន​ផល​ប៉ះពាល់​ដូចម្ដេច​ខ្លះ​? យើង​ដកឃ្លា​មួយ​ជំហាន​មក ដើម្បី​សិក្សា​សិន​ទៅ ដោយ​ប្រើ​ភ្នាក់ងារ​ឯករាជ្យ។ កាលណា​វា​មាន​លទ្ធផល​វិជ្ជមាន គឺ​យើង​បន្ត​ដំណើរការ​គម្រោង​នេះ​ទៅ ក៏​វា​មិន​ជា​បញ្ហា​អ្វី​ដែរ។ ខ្ញុំ​នៅតែ​គិត​ថា ការ​ចំណាយ​ពេល និង​ថវិកា​សិក្សា គឺ​គួរតែ​ចំណាយ ព្រោះ​បើ​ប្រៀបធៀប​នឹង​ទំហំ​ទឹកប្រាក់​វិនិយោគ គឺ​ធំ​ខ្លាំង​ណាស់»
រដ្ឋាភិបាល​កម្ពុជា​បាន​ឯកភាព​បង្កើត​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនធិវេសមិន ខូអិលធីឌី (Cambodia Airport Investment Co., Ltd) ដើម្បី​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ លើ​ផ្ទៃដី ២ ពាន់ ៦ រយ​ហិកតារ (,៦០០) ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។
គម្រោង​ខ្នាត​ធំ​មួយ​នេះ មាន​ទុន​វិនិយោគ​សរុប ១ ពាន់ ៥​រយ​លាន​ដុល្លារ​អាមេរិក (,៥០០) ក្នុង​នោះ ១ ពាន់ ១ រយ​លាន​ដុល្លារ (,១០០) គឺជា​កម្ចី​ពី​ធនាគារ​ចិន ២៨០ លាន​ដុល្លារ គឺជា​កម្ចី​ពី​ភាគ​ទុន​ក្រុមហ៊ុន អូស៊ីអាយ និង ១២០ លាន​ដុល្លារ​ទៀត​ជាដើម​ទុន​ចុះ​បញ្ជី ដែល ៩០​ភាគរយ​ជា​របស់​ក្រុមហ៊ុន អូស៊ីអាយ និង ១០​ភាគរយ​ទៀត ជា​របស់​រដ្ឋាភិបាល​កម្ពុជា។
លោក ង៉ែត ជូ អះអាង​ថា គម្រោង​វិនិយោគ​ដែល​មាន​ចំនួន​ទឹកប្រាក់​ច្រើន​សម្បើម​បែបនេះ មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម តែ​វា​ត្រូវ​ធ្វើ​ឡើង​ដោយមាន​ផែនការ​ច្បាស់លាស់ មានការ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ជាក់លាក់ បើ​ពុំ​ដូច្នេះ​ទេ វា​នឹង​មាន​ផលវិបាក​ច្រើន។ ផលវិបាក​ទាំងនោះ​មាន​ដូចជា ព្រលាន​យន្តហោះ​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ការ​ពង្រីក​ក្រុងភ្នំពេញ និង​ការប្រើប្រាស់​ព្រលាន​យន្តហោះ​មិន​អស់​សក្ដានុពល​ជាដើម៖ «ផលវិបាក គឺ​ព្រលាន​នោះ​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព មិន​មាន​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​ពេញលេញ​របស់​វា។ ទី​ពីរ ប្រសិនបើ​ក្រុង​ត្រូវការ​ពង្រីក​ខ្លាំង ព្រោះ​ចំនួន​ប្រជាជន​នឹង​កើន​ឡើង អញ្ចឹង​តំបន់​នោះ​នឹង​ក្លាយ​ជា​តំបន់​ជាយក្រុង ឬ​ជា​តំបន់​លំនៅឋាន​ជាដើម អ៊ីចឹង​អាច​ថា​ជាង ១០ ឆ្នាំ​ទៀត​នេះ ទើប​ព្រលាន​នេះ​សាងសង់​រួច​ក៏​មិន​ដឹង ដូច្នេះ​តំបន់​នោះ​ក៏​អាច​នឹង​មាន​ការ​កកស្ទះ ដូច​ព្រលាន​បច្ចុប្បន្ន​នេះ​ដែរ។ ប្រសិនបើ​យើង​ធ្វើ​ដោយ​ព្រាវ ដោយ​មិនបាន​សិក្សា យើង​អាច​នឹង​មិន​មាន​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច វា​អាច​ក្លាយ​ជា​ព្រលាន​យន្តហោះ​ដែល​មិន​មាន​ការប្រើប្រាស់​ទៅជា​ព្រលាន​យន្តហោះ​ខ្មោច នោះ​វា​នឹង​ទៅជា​រឿង​ខូច​កេរ្តិ៍ឈ្មោះ បង្កើត​ឱ្យ​មាន​បរិយាកាស​វិនិយោគ​មួយ​ដែល​មិនសូវ​អំណោយផល»
បច្ចុប្បន្ន​នេះ កម្ពុជា​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​៣ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ។ អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង​៣ នេះ​ទទួល​ភ្ញៀវ​ទេសចរណ៍​បាន​ប្រមាណ ២ លាន​នាក់ ក្នុង​ឆ្នាំ​២០១៧ កន្លង​ទៅ។
ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ ថ្លែង​ថា គម្រោង​ស្ថាបនា​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ គឺជា​គម្រោង​ដ៏​ធំ​ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ផល​ប៉ះពាល់​ទាំងឡាយ​ជូន​ពលរដ្ឋ ប្រសិនបើ​មាន ព្រោះ​ជា​បទពិសោធន៍ ការពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ពេល​កន្លង​ទៅ បាន​បង្កើត​ជា​បញ្ហា និង​ការ​តវ៉ា​ផ្សេងៗ ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​រស់នៅ​ក្បែរ​តំបន់​នោះ។
អ្នកឃ្លាំមើល​បញ្ហា​សង្គម​រូប​នេះ ក៏​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​គិត​អំពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ចំពោះ​ការស្ថាបនា​នោះ​ដែរ ត្បិត​ក្រុមហ៊ុន​ខ្លះ​មាន​កេរ្តិ៍​ឈ្មោះ​មិនល្អ ធ្លាប់​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាដើម៖ «កម្ពុជា​បាន​ផ្ដល់​នូវ​បទពិសោធន៍​មួយ​ទាក់ទង​នឹង​រឿង​ផល​ប៉ះពាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ ហើយ​មាន​ការ​តវ៉ា​ជាច្រើន។ ឧទាហរណ៍​ករណី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ខណ្ឌ​ពោធិ៍សែនជ័យ យើង​ឃើញ​ថា មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​សហគមន៍​ថ្មគោល ជាដើម ដូច្នេះ​សម្រាប់​គម្រោង​ថ្មី ដែល​មាន​ទឹកប្រាក់​ច្រើន​សន្ធឹក​សន្ធាប់ និង​ទីតាំង​ដែល​មិនទាន់​បង្ហាញ​ច្បាស់លាស់​នេះ ខ្ញុំ​យល់​ថា បទពិសោធន៍​នៃ​ការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គួរតែ​ជា​មេរៀន​ដ៏​សំខាន់​មួយ​សម្រាប់​ដំណើរការ​នៃ​ការ​កសាង​ព្រលាន​យន្តហោះ​ថ្មី​នេះ»
ក្រៅពី​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តម្លៃ ១ ពាន់ ៥ រយ​លាន​ដុល្លារ​នៅ​ខេត្ត​កណ្តាល​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​មាន​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ពីរ​ទៀត​ផង​ដែរ គឺ​មួយ​នៅ​ក្នុង​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​ដែល​មាន​ទឹកប្រាក់​វិនិយោគ ៩ រយ​លាន​ដុល្លារ និង​មួយទៀត​នៅ​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៣៥០ លាន​ដុល្លារ​អាមេរិក។ អាកាសយានដ្ឋាន​ទាំងនេះ​សុទ្ធសឹងតែ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ទាំងអស់។
កន្លង​មក គម្រោង​ធំៗ​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​រាប់​រយ​លាន​ដុល្លារ ឬ​ចូល​ដល់​ពាន់​លាន​ដុល្លារ​បែបនេះ ច្រើនតែ​ប្រកាស​ចោល ឲ្យ​មាន​រូបភាព​ដូចជា​សម្បើម​ខ្លាំង​ណាស់​ពី​ដំបូង ជាពិសេស នៅមុន​ការបោះឆ្នោត​បែបនេះ។ រួចហើយ​ត្រូវ​ទុកចោល​ទៅវិញ​រាប់​ឆ្នាំ ដូចជា​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​សៀមរាប​ជាដើម គឺ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC) ព្រមព្រៀង​លើ​គម្រោង​នេះ​តាំងពី​ឆ្នាំ ២០១០។ ដំបូង​ព្រមព្រៀង​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ម៉ៅការ​លើ​គម្រោង​នេះ ដោយ​គ្រោង​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​នៅ​ពាក់​កណ្តាល​ឆ្នាំ២០១១។ បួន​ឆ្នាំ​ក្រោយមក គម្រោង​នៅ​គាំង​ដដែល ដោយសារ​ប្រធាន​ក្រុមហ៊ុន​នេះ មានទោស​នៅ​ប្រទេស​កូរ៉េ​រឿង​ឥណទាន និង​ការ​បើក​ក្រុមហ៊ុន​ក្លែងក្លាយ​នៅ​ក្រៅ​ប្រទេស។ ទើប​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ងាក​មក​រក​ចាប់​ដៃគូ​ចិន​វិញ ដើម្បី​បន្ត​គម្រោង​នេះ។ ទាល់តែ​ខែ​សីហា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ ទើប​រដ្ឋាភិបាល​ចុះហត្ថលេខា ព្រមព្រៀង​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ Yunnan Investment Holdings ដើម្បី​គ្រោង​ចាប់ផ្ដើម​សាងសង់ នៅមុន​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ នេះ​។ ជា​រួម​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​សៀមរាប​នេះ អូស​បន្លាយ​ពេល​ជិត ៨​ឆ្នាំ​មក​ហើយ នៅតែ​មិនទាន់​ចាប់ផ្ដើម​បុក​គ្រឹះ​សាងសង់​នៅឡើយ។ នេះ​នៅ​មិនទាន់​គិត​ពី​ថ្លៃ​ខូចខាត និង​សំណង​ជំងឺ​ចិត្ត ដែល​រដ្ឋាភិបាល​ត្រូវ​បង់​សង ទៅ​ក្រុមហ៊ុន​ព្រលាន​យន្តហោះ ឬCambodia Airports ដែល​ទទួល​បាន​សិទ្ធិ​សម្បទាន លើ​ការគ្រប់គ្រង​ព្រលាន​យន្តហោះ​បច្ចុប្បន្ន​នេះ​ផង។
ដូចគ្នា​នេះ​ដែរ កាលពី​ខែ​តុលា ឆ្នាំ​២០១២ ពោល​គឺ​មួយ​ឆ្នាំ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពី​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ នៅ​ខេត្ត​កំពង់ឆ្នាំង។ កាលណោះ​លោក ហ៊ុន សែន ត្រឹម​ឆ្នាំ ២០៣០ កម្ពុជា​លែង​អាច​ប្រើប្រាស់​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង​បាន​ទៀត​ឡើយ។ ដូច្នេះ ត្រឹម​ឆ្នាំ ២០២៥ ឬ ២០៣០ កម្ពុជា​ត្រូវ​សង់​ព្រលាន​យន្តហោះ​ថ្មី ដែល​មាន​ចំងាយ​ពី​ទីក្រុង​ភ្នំពេញ ៩០ គីឡូម៉ែត្រ។ ដំណឹង​នេះ ធ្វើ​ឲ្យ​ឈ្មួញ​ដី និង​អ្នក​ផ្សង​មុខរបរ​ពី​ការ​លក់ដូរ​ដីធ្លី សម្រុក​ទិញ​ដី​នៅ​ម្ដុំ​នោះ យ៉ាង​គំហុក។ ជិត ៦​ឆ្នាំ​កន្លង​ផុត គ្មាន​ដំណឹង​អំពី​ការ​ការ​វិវឌ្ឍ​នៃ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ កំពង់ឆ្នាំង​នេះ​ទេ។
ឥឡូវ​លេច​ចេញ ដំណឹង​អំពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ពាន់​លាន​ដុល្លារ ដែល​គ្រោង​សាងសង់​នៅ​កៀក​បង្កើយ​នឹង​ទីក្រុង​ភ្នំពេញ ដែល​ប្រកាស​នៅ​ដើម​ឆ្នាំ ២០១៨​នេះ ពោល​គឺ​នៅ​ជាង ៦​ខែ​មុន​បោះឆ្នោត​ជាតិ​ខាង​មុខ។ ការ​ប្រកាស​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នេះ ជា​ឱកាស​ធ្វើ​ឲ្យ​ឈ្មួញ​ដីធ្លី ចាប់ផ្ដើម​សម្រុក​ទិញ​ដី នៅ​ម្ដុំ​នោះ ប៉ុន្តែ គម្រោង​នេះ​មិន​ដឹង​ថា​នឹង​អាច​ចេញ​ជា​រូបរាង​ពិតប្រាកដ នៅ​ពេល​ណា​ជាក់លាក់​នោះ​ឡើយ ព្រោះ​នៅ​មាន​បញ្ហា​ស្មុគស្មាញ​ជាច្រើន ដែល​ត្រូវ​ដោះស្រាយ ដូចជា​បញ្ហា​សំណង​សម្រាប់​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​នៃ​គម្រោង​នេះ និង​ការសិក្សា​អំពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​សង្គម សំណង​ដល់​ក្រុមហ៊ុន​ព្រលាន​យន្តហោះ ដែល​ទទួល​សិទ្ធិ​សម្បទាន​គ្រប់គ្រង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បច្ចុប្បន្ន​រហូតដល់​ឆ្នាំ ២០៤០ ជាដើម។
ផ្អែកលើ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ទាំង​នៅ​នៅ​ខេត្ត​សៀមរាប និង​កំពង់ឆ្នាំង​ដែល​អូស​បន្លាយពេល​ជិត​មួយ​ទសវត្សរ៍ នៅតែ​មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​បែបនេះ គម្រោង​ថ្មី​នេះ ក៏​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល និង​មន្ទិល​នៅឡើយ​ដែរ។ ទោះបីជា​លោក ហ៊ុន សែន កំពុង​ប្រឹងប្រែង​ឃោសនា​រក​សំឡេងឆ្នោត នៅមុន​រដូវ​បោះឆ្នោត ដូចជា​ខំប្រឹង​យកចិត្ត​កម្មករ និង​មិន​ភ្លេច​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ឲ្យ​កម្មករ​រោងចក្រ និង​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្តាន បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន នៅ​មាន​ភាព​មិន​ច្បាស់លាស់ ជាពិសេស​ពាក់ព័ន្ធ​នឹង​សម្ពាធ និង​ទណ្ឌកម្ម​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយសារតែ​ការ​ធ្វើ​ទុក្ខបុកម្នេញ មក​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។ ទាំងនេះ សុទ្ធតែ​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍ៕
ប្រភព៖ RFA Khmer

No comments:

Post a Comment