Saturday, June 18, 2016

ក្រសួង​អប់រំ​ថា​នឹង​បន្ត​រឹត​បន្តឹង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប

ប្រឡង​បាក់​ឌុប ២០១៥ ៨៥៥
សិស្ស​ចូល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១ នា​មណ្ឌល​ព្រះស៊ីសុវត្ថិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។Photo: RFA
ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​ចាត់​ទុក​ការ​រឹត​បន្តឹង និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រឡង គឺ​ជា​រឿង​សំខាន់ ដើម្បី​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។ ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ហៅ​ថា បាក់​ឌុប ឆ្នាំ​២០១៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​នេះ ក្រសួង​បាន​បង្ហាញ​ជំហរ​បន្ត​រឹត​បន្តឹង​ដូច​ឆ្នាំ​មុន​ដដែល ព្រម​ទាំង​ឈរ​លើ​គោលការណ៍ ៤​ចំណុច។

គោលការណ៍ ៤​ចំណុច​ដែល​ក្រសួង​បន្ត​រក្សា​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ខាង​មុខ​នេះ គឺ​ការ​ប្រឡង​ត្រូវ​តែ​ឈរ​លើ​ការ​គោរព​ច្បាប់ តម្លាភាព យុត្តិធម៌ និង​សុចរិត​ភាព។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា ក្រសួង​នឹង​បន្ត​រឹត​បន្តឹង​វិន័យ​ប្រឡង​ឲ្យ​ឲ្យ​ដូច​ការ​ប្រឡង​ក្នុង​ឆ្នាំ ​២០១៥ ដែរ ដោយ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ព្រម​ទាំង​បើក​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​សង្កេត​ការណ៍។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រូប​នេះ​លើក​ឡើង​ទៀត​ថា ដើម្បី​ឲ្យ​សិស្ស​បាន​ត្រៀម​ខ្លួន​ជា​មុន ក្រសួង​បាន​បញ្ចូល​មេរៀន​សង្ខេប ទាំង​ទ្រឹស្ដី ទាំង​លំហាត់ ក្នុង​គេហទំព័រ​របស់​ក្រសួង ដើម្បី​ឲ្យ​សិស្ស​សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​ឯង។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រសួង​បាន​បញ្ជូន​គ្រូ​ទៅ​បង្រៀន​គួរ​បន្ថែម​ទៅ​លើ​មុខវិជ្ជា​គណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា និង​រូបវិទ្យា ដល់​សិស្ស​ទាំង​នៅ​រាជធានី និង​តាម​បណ្ដា​ខេត្ត។ លោក​បាន​អំពាវនាវ​ដល់​សិស្ស​ដែល​ត្រៀម​ប្រឡង​បាក់​ឌុប​ទាំងអស់ ត្រូវ​ខិតខំ​រៀន​សូត្រ ព្រោះ​ក្រសួង​នឹង​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ​ចំពោះ​បេក្ខជន​ណា​ដែល​មិន​ គោរព​ច្បាប់ និង​នីតិវិធី​ប្រឡង។
កាល​ពី​ពេល​ថ្មីៗ​នេះ សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្ដីពី​ការងារ​សង្កេត​ការណ៍​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦ នេះ​ដែរ អង្គភាព​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ជា​សង្គម​ស៊ីវិល និង​បុគ្គល​ឯកជន​នានា ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​ប្រឡង​បាក់​ឌុប ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ក្រសួង​អប់រំ និង​រឹត​បន្តឹង​គុណភាព​អប់រំ​នៅ​កម្ពុជា កាន់​តែ​ប្រសើរ​ឡើង។
ពាក់ព័ន្ធ​នឹង​ការ​រឹត​បន្តឹង​នេះ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា អានសា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា បាន​សាទរ​លើ​ការ​បន្ត​រក្សា​រឹត​បន្តឹង​ការ​ប្រឡង​នេះ។ ជាង​នេះ លោក​ថា ស្ថាប័ន​លោក​នឹង​ចុះ​ឈ្មោះ​សង្កេត​ការណ៍​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​ រលួយ ដើម្បី​ត្រៀម​ដាក់​អ្នក​សង្កេត​ការណ៍​ប្រឡង​បាក់​ឌុប តាម​មណ្ឌល​ប្រឡង​នៅ​ភ្នំពេញ និង​ខេត្ត​កំពង់ចាម ប្រមាណ​ជិត ១០០​នាក់។ ដូច្នេះ​លោក​សង្ឃឹម​ថា ការ​ចូលរួម​សង្កេត​ការណ៍ ជា​ចំណែក​មួយ​លើក​កម្ពស់​គុណភាព​ប្រឡង​កាន់​តែ​ប្រសើរ។
ប៉ុន្តែ​យ៉ាង​ណា លោក សន ជ័យ បាន​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការងារ​ដែល​ពាក់ព័ន្ធ​លើ​ការ​អប់រំ និង​ការ​ចូលរួម​សង្កេត​ការណ៍​ប្រឡង​កន្លង​មក​ឃើញ​ថា មាន​គ្រូ និង​សិស្ស​មួយ​ចំនួន នៅ​តែ​មិន​ទាន់​យល់​ច្បាស់​ពី​នីតិវិធី​ប្រឡង បង្ក​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ បញ្ហា​នេះ​ក៏​មាន​សិស្ស​នៅ​តាម​បណ្ដា​ខេត្ត ពិសេស​នៅ​តំបន់​ដាច់​ស្រយាល នៅ​តែ​ខ្វះ​ឯកសារ ការ​ផ្សព្វផ្សាយ​មិន​ទាន់​ទូលាយ​ជុំវិញ​ដំណើរ​ការ​ប្រឡង​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​ក្រសួង​យក​ចិត្ត​ទុក​ដាក់៖ «យើង​មើល ​ទៅ​ឥរិយាបថ​របស់​បេក្ខជន នៅ​តែ​មាន​ដាក់​សំណៅ​ឯកសារ។ ខ្ញុំ​ចង់​ឃើញ​ក្រសួង​រឹត​បន្តឹង​កុំ​ឲ្យ​មាន​ភាព​រអាក់រអួល​ដូច​មុន ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រសើរ​ជាង​មុន។ ដូច្នេះ​ក្រសួង​គួរ​តែ​រឹត​បន្តឹង​ការ​ប្រឡង​នេះ​ជា​រៀង​រហូត កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​ការ​សិក្សា​អប់រំ​ទូទៅ​កាន់​តែ​ប្រសើរ​ឡើង។ នេះ​ជា​អ្វី​ដែល​ក្រសួង​ត្រូវ​តែ​បន្ត​ធ្វើ»
ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ឆ្នាំ​នេះ មាន​បេក្ខជន​ជាង ៨​ម៉ឺន​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៥០។ ប៉ុន្តែ​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន មិន​ទាន់​បាន​បញ្ជាក់​ពី​ការ​ចំណាយ​ថវិកា​ជាក់លាក់ និង​ចំនួន​អ្នក​សង្កេត​ការណ៍​ចំនួន​ប៉ុន្មាន​នាក់ ដើម្បី​អនុវត្ត​ការងារ​រឹត​បន្តឹង​សម្រាប់​ដំណើរ​ការ​ប្រឡង​នេះ​នៅ​ឡើយ៕
2016-06-18 ដោយ អ៊ុំ រង្សី

No comments:

Post a Comment