Saturday, June 18, 2016

អ្នក​វិភាគ​ថា​រដ្ឋាភិបាល​នៅ​តែ​ភ័យ​ខ្លាច​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច

កម្មករ​រោងចក្រ ញូវ អាកឃីត ២០១៦ ៨៥៥
កម្មករ​រោងចក្រ ញូវ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត (New Archid Garment Factory Ltd) កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា ការ​អះអាង​របស់​រដ្ឋាភិបាល​ថា​មិន​ខ្វល់​ចំពោះ​ជំនួយ​របស់​សហគមន៍​អឺរ៉ុប នោះ ថា​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ដើម្បី​បង្ហាញ​ថា រដ្ឋាភិបាល​រឹងមាំ និង​មិន​ត្រូវ​ការ​ជំនួយ​ទេ តែ​ជាក់ស្ដែង រដ្ឋាភិបាល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​វិញ​ទេ ព្រោះ​ថា កម្ពុជា ក្រៅ​ពី​ពឹង​ផ្អែក​បរទេស​នោះ គឺ​កម្ពុជា ពឹង​ផ្អែក​ធំ​ជាង​គេ​ទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​សហគមន៍​ អឺរ៉ុប។

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា កម្ពុជា នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​កាន់​តែ​ធ្ងន់ធ្ងរ ប្រសិន​បើ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ ព្រោះ​ថា រដ្ឋាភិបាល​កម្ពុជា មិន​អាច​ដឹក​នាំ​ប្រទេស​ដោយ​គ្មាន​ការ​ពឹងពាក់​ជំនួយ និង​ការ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ឡើយ។
អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា អ្វី​ដែល​រដ្ឋាភិបាល​លើក​ពី​ការ​មិន​ព្រួយ​បារម្ភ​ចំពោះ​ជំនួយ​សហគមន៍​ អឺរ៉ុប នោះ គឺ​មិន​ប៉ះពាល់​ទេ​សម្រាប់​មន្ត្រី​មាន​អំណាច​ធំៗ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ ស្ដុកស្ដម្ភ ដែល​ទ្រព្យ​សម្បត្តិ​លុយ​កាក់​ទោះ​បី​ជា​ចាយ​ត​ចៅ​ទៀត​ក៏​មិន​ខ្វះ​ដែរ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​នៅ​ ឡើយ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​សហគមន៍​អឺរ៉ុប កាត់​ផ្ដាច់​ជំនួយ ឬ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ គឺ​ប្រជាពលរដ្ឋ​ប្រមាណ ៨​លាន​នាក់ នឹង​ប៉ះពាល់៖ «ចំនួន​មនុស្ស​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​នៅ​សល់​ប្រមាណ ១៩% ប៉ុន្តែ ​មនុស្ស​ប្រមាណ ៨​លាន​នាក់​នៅ​លើ និង​ក្បែរ​បន្ទាត់​ក្រីក្រ​នៅ​ឡើយ​ទេ។ ចឹង​បើ​សិន​ជា​មាន​បញ្ហា​អី​មនុស្ស​ប្រមាណ ៨​លាន​នាក់​នោះ នឹង​ធ្លាក់​មក​ក្រោម​បន្ទាត់​ក្រីក្រ​វិញ»
ការ​លើក​ឡើង​ដូច្នេះ​របស់​អ្នក​វិភាគ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា បើ​សហភាព​អឺរ៉ុប កាត់​ជំនួយ​មែន​នោះ រដ្ឋាភិបាល​មិន​ប៉ះពាល់​នោះ​ទេ អ្នក​ដែល​ប៉ះពាល់​ខ្លាំង គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​វិញ​ទេ៖ «រឿង ​អី​អាង​កាត់​ជំនួយ ពេល​ខ្លះ​ខ្ញុំ​ថា​កាត់ កាត់​ទៅ អ្នក​ដែល​ងាប់​មុន​គេ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ណា​ធ្វើ​ការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ស៊ី​ប្រាក់​ខែ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​នោះ​ងាប់​មុន​គេ ព្រោះ​គេ​មិន​បាន​ផ្ដល់​ឲ្យ​រដ្ឋាភិបាល​ពី​អង្កាល់
ការ​បញ្ចេញ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ដោយសារ​តែ​បន្ទាប់​ពី​សភា​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​៩ មិថុនា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​នូវ​ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង ព្រម​ទាំង​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប កំពុង​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព។
សភា​សហភាព​អឺរ៉ុប ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​សេរីភាព​របស់​អ្នក​នយោបាយ សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​ធានា​ថា ពួក​គេ​បំពេញ​ការងារ​ដោយ​សេរី គ្មាន​ការ​បំភិត​បំភ័យ ការ​ចាប់​ខ្លួន ឬ​ការ​ធ្វើ​បាប​នោះ​ឡើយ។
សហភាព​អឺរ៉ុប គឺ​ជា​ដៃគូ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ធំ​បំផុត​របស់​កម្ពុជា ហើយ​ជំនួយ​ថ្មី​ផ្តល់​ឲ្យ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ មាន​ចំនួន ៤១០​លាន​អឺរ៉ូ​នោះ សភា​សហភាព​អឺរ៉ុប លើក​ឡើង​ថា ជំនួយ​ផ្តល់​ឲ្យ​កម្ពុជា គួរ​ធ្វើ​ឡើង​តិច ឬ​ច្រើន​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​កម្ពុជា។
ក្រៅ​ពី​នេះ​ទៀត អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ក៏​បាន​ទូរស័ព្ទ​មក​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន។ លោក បាន គីមូន ទទូច​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស សេរីភាព​នៃ​ការ​សម្ដែង​មតិ និង​ឲ្យ​បក្ស​ទាំង​ពីរ​វិល​មក​រក​វប្បធម៌​សន្ទនា​ជា​ថ្មី។
ម្យ៉ាង​វិញ​ទៀត អ្នក​វិភាគ​លើក​ឡើង​ថា បើ​មើល​ពី​ជំនួយ​សហគមន៍​អឺរ៉ុប ផ្ដល់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​មាន​ប្រមាណ ៦០​លាន​អឺរ៉ូ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ជំនួយ​ដែល​សហគមន៍​អឺរ៉ុប ផ្ដល់​ជូន​រដ្ឋាភិបាល គឺ​មាន​ចំនួន​ច្រើន​ជាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​លើសលប់។
ជំនួយ​សហប្រតិបត្តិការ​ទ្វេ​ភាគី​ដែល​សហភាព​អឺរ៉ុប ផ្តល់​ឲ្យ​កម្ពុជា ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ មាន​ចំនួន ៤១០​លាន​អឺរ៉ូ ដើម្បី​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​របស់​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដោត​លើ​ផ្នែក​មួយ​ចំនួន ដូចជា​ការ​លើក​កម្ពស់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​វិស័យ​កសិកម្ម ការ​លើក​កម្ពស់​វិស័យ​អប់រំ អភិបាលកិច្ច​ល្អ កំណែ​ទម្រង់​រដ្ឋបាល តួយ៉ាង​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែ​ទម្រង់​ប្រជាធិបតេយ្យ ព្រម​ទាំង​កំណែ​ទម្រង់​ការ​បោះឆ្នោត ជាដើម។
កែម ឡី ២០១៥ ៨៥៥
អ្នក​ស្រាវជ្រាវ​ការ​ អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា មិន​មែន​ពឹង​ផ្អែក​តែ​លើ​ជំនួយ​ជាង ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក យក​មក​បង្គ្រប់​ថវិកា​ជាតិ​នោះ​ទេ គឺ​កម្ពុជា ពឹង​ផ្អែក​លើ​អ្នក​វិនិយោគ និង​ការ​នាំ​ចេញ៖ «នៅ​ភ្នំពេញ​យើង​មួយ​ចំនួន​កោះ​ ពេជ្រ ត្រើយ​ម្ខាង​អី​នៅ​តែ​មាន​ជំនួយ​បំណុល​អត្រា​ការប្រាក់​ទាប។ ខ្ញុំ​គិត​ថា គាំង​តែ​បន្តិច​ហ្នឹង គឺ​គ្រោះថ្នាក់​ហើយ តែ​ការ​ឆ្លើយ​តប​របស់​គាត់​ជា​សាធារណៈ ដូចជា​ខ្លាំង។ ចឹង​ហើយ​តែ​ខាង​ក្រោយ​វិញ ដូចជា​មាន​សារ​ជា​ការ​ប៉ះប៉ូវ​អី​ដែរ»
លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ខ្វល់​អំពី​កា​កាត់​ផ្ដាច់​ពី​សហគមន៍​អឺរ៉ុប មែន​នោះ រដ្ឋាភិបាល​នឹង​មាន​វិបត្តិ​ធ្ងន់ធ្ងរ ព្រោះ​ថា ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ​មិន​មែន​តែ​ប៉ះពាល់​រដ្ឋាភិបាល ឬ​អង្គការ​សង្គម​ស៊ីវិល​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ជា​ប្រព័ន្ធ​នៅ​ក្នុង​សង្គម៖ «វិបត្តិ​ ធំ​ជាង​គេ កម្មករ​បោះបង់​រោងចក្រ រោងចក្រ​បិទ​ទ្វារ ខាត​ទាំង​ចិត្ត​ទៀត​នោះ ហើយ​កម្មករ​មួយ​ចំនួន​នោះ​ជំពាក់​បំណុល​ពឹងពាក់​លើ​ចំណូល​ពី​ថៃ និង​រោងចក្រ​កាត់​ដេរ។ ដល់​ទៅ​ចឹង នឹង​គាំង​ដល់​មីក្រូហិរញ្ញវត្ថុ​ទៅ​ទៀត ឬ​វិបត្តិ​ធនាគារ​កើត​ឡើង»
ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ កម្ពុជា មិន​ទាន់​មាន​ភាព​ចលាចល​ក្នុង​សង្គម​ផង គ្រាន់​តែ​បញ្ហា​នយោបាយ​មិន​សូវ​ល្អ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ អ្នក​វិនិយោគ​ស្ទាក់ស្ទើរ ឬ​មិន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត កម្ពុជា ទោះ​បី​ជា​មាន​កំណើន​សេដ្ឋកិច្ច​បាន​ប្រមាណ ៧% ក្នុង ​មួយ​ឆ្នាំ​ក្ដី ប៉ុន្តែ​ផល​កំណើន​នោះ​បាន​ទៅ​លើ​ក្រុម​អ្នក​មាន​មួយ​ក្រុម​ទេ។ ផល​កំណើន​សេដ្ឋកិច្ច​នេះ មិន​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​មូល​នោះ​ទេ។
លោក​បណ្ឌិត មាស នី បន្ថែម​ថា ចំណូល​ថវិកា​ជាតិ​ក្នុង​មួយ​ឆ្នាំៗ​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ គឺ​ចំណូល​នេះ​បាន​មក​ពី​វិស័យ​វាយនភ័ណ្ឌ​ក៏​ច្រើន​ដែរ បើ​សិន​ជា​សហគមន៍​អឺរ៉ុប បិទ​ការ​នាំ​ចូល​មែន​នោះ កម្ពុជា នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត៖ «ខ្មែរ ​យើង​បាន​ត្រឹម​ធាក់​ថយ មិន​ទៅ​មុខ ដូច​រឿង​កញ្ចាញ់ចេក​ខំ​ប្រឹង​ឡើង​អណ្ដូង​បាន ១០​ម៉ែត្រ​ធ្លាក់​មក​វិញ ហើយ​ចាប់​ផ្ដើម​ឡើង​សា​ឡើង​វិញ​បាន​តែ ១​ម៉ែត្រ។ ដូច្នេះ ប្រទេស​យើង​នៅ​តែ​មាន​វិបត្តិ​មិន​អាច​ដើរ​ទាន់​ប្រទេស​ជិត​ខាង»
ម្យ៉ាង​វិញ​ទៀត ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប នៅ​ក្នុង​ឆ្នាំ​២០១៥ គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ ៤.៥០០ ​លាន​អឺរ៉ូ ក្នុង​នោះ​ទំនិញ​ដែល​កម្ពុជា បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មាន​រហូត​ដល់​ជាង ៤​ពាន់​លាន​អឺរ៉ូ ហើយ​ភាគ​ច្រើន​នៃ​ទំនិញ​ទាំង​នេះ គឺ​ជា​ផលិតផល​សម្លៀកបំពាក់ និង​ស្បែក​ជើង​ដែល​តម្លៃ​នៃ​ការ​នាំ​ចេញ​មាន​រហូត​ដល់​ជិត ៣​ពាន់​លាន​អឺរ៉ូ។
ចំណែក​ការ​នាំ​ចេញ​អង្ករ សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា។ ក្នុង​ចំណោម​បរិមាណ​អង្ករ​ជាង ៥​សែន​តោន​ដែល​កម្ពុជា បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៥ អង្ករ​ប្រមាណ ៥៣% បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​ជាង ២១% នាំ​ទៅ​កាន់​ប្រទេស​ចិន។
ជា​សរុប​សេចក្ដី​ទៅ អ្នក​វិភាគ​លើក​ឡើង​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង​នោះ គ្រាន់​តែ​ជា​សារ​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​មិន​ភ័យ​ព្រួយ​ទាក់ទង​នឹង​ជំនួយ​របស់​សហគមន៍​អឺរ៉ុប តែ​ជាក់ស្ដែង រដ្ឋាភិបាល​ក៏​ពិចារណា​ទៅ​លើ​ជំនួយ និង​ទីផ្សារ​ដ៏​ធំ​មួយ​របស់​កម្ពុជា នៅ​ទីផ្សារ​អឺរ៉ុប នោះ​ដែរ។ មួយ​វិញ​ទៀត បើ​សិន​ជា​សហគមន៍​អឺរ៉ុប ផ្ដាច់​ជំនួយ ឬ​បិទ​ការ​នាំ​ចូល​វិស័យ​វាយនភ័ណ្ឌ និង​នាំ​អង្ករ ស្ករស មែន​នោះ រដ្ឋាភិបាល​នឹង​ប្រឈម​មុន​គេ​ភាព​ឥត​ការងារ​ធ្វើ​របស់​កម្មករ។ នៅ​ពេល​នោះ សន្ទុះ​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ និង​វិបត្តិ​សង្គម​ផ្សេងៗ​ទៀត នឹង​កើត​ឡើង ដែល​រដ្ឋាភិបាល​ពិបាក​នឹង​ប្រឈម​បញ្ហា​ទាំងអស់​នោះ​ជា​មិន​ខាន៕
 2016-06-18 ដោយ ទីន ហ្សាការីយ៉ា

No comments:

Post a Comment