ផែនទីខេត្តពោធិ៍សាត់ Photo: RFA
សកម្មជន និងមន្ត្រីបក្សប្រឆាំងខេត្តពោធិ៍សាត់ ឲ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ថា អាជ្ញាធរមូលដ្ឋាននៃខេត្តនេះយាយីធ្វើបាបសកម្មជន និងពលរដ្ឋណាដែលពាក់ព័ន្ធនឹងរឿងផ្ដិតមេដៃថ្វាយព្រះមហាក្សត្រ ដើម្បីជួយអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយ។ ការរឹតត្បិត គឺចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ក្រោយមួយសប្ដាហ៍ដែលគណបក្សប្រឆាំងប្រកាសប្រមូលស្នាមមេដៃពលរដ្ឋ។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត ថ្លែងថា ក្នុងចំណោមសកម្មជន ១៩នាក់ ដែលរងការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពនោះ គឺមានតែ ៦នាក់ទេដែលមានលិខិតអញ្ជើញត្រឹមត្រូវពីសមត្ថកិច្ចប៉ូលិសមុននឹង សួរនាំ ឬឲ្យបញ្ឈប់ដើរប្រមូលស្នាមមេដៃ។
លោកថា សមត្ថកិច្ចបានប្រើរូបភាពដូចគ្នានេះស្ទើរគ្រប់ស្រុក នៃខេត្តពោធិ៍សាត់៖ «នគរបាល តែងតែថា ធ្វើតាមបញ្ជា ប៉ុន្តែយើងមើលឃើញថា ប្រជាពលរដ្ឋដែលដើរធ្វើសកម្មភាពមិនប៉ះពាល់អ្វីដល់សន្តិសុខ ឬសណ្ដាប់ធ្នាប់សង្គមទេ។ គឺផ្ដិតមេដៃដោយគោលការណ៍ស្ម័គ្រចិត្ត មិនមែនបង្ខំថា ត្រូវតែផ្ដិតឲ្យពីរម៉ឺន ឬអូសមិនផ្ដិតឲ្យខ្ញុំប្រយ័ត្នអ៊ីចេះអ៊ីចុះអត់ទេ។ រដ្ឋាភិបាល ជាពិសេសអាជ្ញាធរសូមឲ្យមានការប្រព្រឹត្តទៅដោយស្មើភាព កុំមានការរើសអើង កុំមានគោលដៅនយោបាយច្រើនជាងលេសការពារសន្តិសុខ ឬការពារសណ្ដាប់ធ្នាប់សង្គម»។
ទាក់ទងបញ្ហានេះស្នងការរងទទួលបន្ទុកសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោក ប៉ែន ទុង បដិសេធថា សមត្ថកិច្ចប៉ូលិសរបស់លោកមិនគំរាមកំហែង ឬដកហូតបានស្នាមមេដៃពីសកម្មជនណាម្នាក់នោះទេ។ លោកថា ការផ្ដិតមេដៃនេះគឺជាសិទ្ធិរបស់ពលរដ្ឋ ប៉ុន្តែកន្លងទៅខាងលោកបានចុះសួរនាំលើករណីខ្លះ ដោយសារមានបណ្ដឹងផ្ទាល់មាត់ពីពលរដ្ឋនៅមូលដ្ឋាន៖ «ប្រជាជនខ្លះថា ដើរផ្ដិតមេដៃអ៊ីចឹងទៅ ដើម្បីតវ៉ារឿងទីផ្សារសូមឲ្យទំនិញចុះថោក ហើយដល់ចុងក្រោយទៅស្រាប់តែយកទៅធ្វើញត្តិហែទៅណាទៅណី ដល់អ៊ីចឹងវាអត់ត្រូវនឹងឆន្ទៈរបស់គាត់។ ប៉ុន្តែសភាព ការមិនទាន់មាននណាទៅនាំអីមកទេ»។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់មានប្រសាសន៍ថា ការហាមឃាត់ ឬហៅសកម្មជនបក្សប្រឆាំងទៅសួរនាំដោយអាជ្ញាធរនោះ គឺជាការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាព។ លោកថា ការប្រមូលស្នាមមេដៃ គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ លើកលែងតែការប្រមូលនោះ គឺយកទៅធ្វើរឿងអ្វីផ្សេងដែលខុសច្បាប់ ដូច្នេះពលរដ្ឋយល់ព្រមចូលរួមផ្ដល់ស្នាមមេដៃ ឬមិនផ្ដល់ អាស្រ័យលើខ្លឹមសារនៃលិខិត ឬញត្តិភ្ជាប់ស្នាមមេដៃប្រជាពលរដ្ឋទាំងនោះ៖ «លើកលែងតែយើងចាំ បង្ខំ បើសិនគេមើលទៅលើអត្ថន័យ ឬយល់ដឹងពីខ្លឹមសារហ្នឹងហើយគេស្ម័គ្រចិត្តផ្ដិត ពីព្រោះអានេះជាការស្នើសុំមិនមែនយកទៅប្រព្រឹត្តនូវបទល្មើស អ្វីមួយទេ។ ខ្ញុំឃើញមានគណបក្សនយោបាយផ្សេងក៏គេធ្វើដូចគ្នាអ៊ីចឹងដែរ មានការផ្ដិតមេដៃគាំទ្រ មានស្អីៗ ដូចៗគ្នាអ៊ីចឹង»។
រយៈពេលកន្លះខែ នៃខែមិថុនា ឆ្នាំ២០១៦ សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ ប្រមូលស្នាមមេដៃពលរដ្ឋបានជាង ៧.០០០នាក់ និងបន្តប្រមូលរហូតដល់មន្ត្រីបក្សថ្នាក់ជាតិឲ្យបញ្ឈប់៕
2016-06-17 ដោយ ជិន ជេដ្ឋា
No comments:
Post a Comment