Tuesday, June 21, 2016

អធិការ​រង​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​រង​ការ​ចោទ​ថា​គំរាម​ពលរដ្ឋ​មិន​ឲ្យ​ផ្ដិត​មេដៃ​ឲ្យ​បក្ស​ប្រឆាំង

ស្នាម​មេដៃ បាត់ដំបង ២០១៦ ៨៥៥
ស្នាម​មេដៃ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​បាន។ រូបថត​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦ RFA/Hum Chamroeun
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ចោទ​ប្រកាន់​អធិការ​រង​នគរបាល​ស្រុក​សាលាក្រៅ ថា​គំរាម​កំហែង​ពលរដ្ឋ​ឲ្យ​ភ័យ​ខ្លាច ដើម្បី​ប្ដឹង​សកម្មជន​គណបក្ស​ប្រឆាំង​ឲ្យ​បញ្ឈប់​សកម្មភាព​ផ្ដិត​ស្នាម​មេដៃ ​ពី​អ្នក​ស្រុក។
ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​កោះ​ហៅ​ជំទប់​ទី​២ ឃុំ​សាលាក្រៅ មក​ពី​គណបក្ស សម រង្ស៊ី និង​ប្រជាពលរដ្ឋ​ជាង ៣០​នាក់ សាកសួរ​រឿង​ផ្ដិត​ស្នាម​មេដៃ​នៅ​សាលា​ឃុំ​ជាង ៣​ម៉ោង។ ប៉ុន្តែ​អធិការ​រង​ស្រុក​សាលាក្រៅ អះអាង​ថា ការ​សាកសួរ​នេះ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​
ប្រជាពលរដ្ឋ។
សកម្មជន​គណបក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន បាន​ប្រតិកម្ម​នឹង​ការ​សាកសួរ​ពី​សំណាក់​អធិការ​រង​នគរបាល​សាលាក្រៅ ថា​ជា​ការ​បំភ័យ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូលរួម​ផ្ដិត​ស្នាម​មេដៃ​ជូន​គណបក្ស​ សង្គ្រោះ​ជាតិ។
ជំទប់​ទី​២ ឃុំ​សាលាក្រៅ មក​ពី​គណបក្ស សម រង្ស៊ី លោក សុខ លី មាន​ប្រសាសន៍​ថា អធិការ​រង​នគរបាល​ស្រុក​សាលាក្រៅ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា បាន​កោះ​ហៅ​រូប​លោក និង​ប្រជាពលរដ្ឋ​ចំនួន ២៧​នាក់ សាកសួរ​នៅ​សាលា​ឃុំ​ជាង ៣​ម៉ោង ក្នុង​ចំណោម​ពលរដ្ឋ ៣៣​នាក់​ដែល​បាន​ផ្ដិត​ស្នាម​មេដៃ ដើម្បី​ធ្វើ​ញត្តិ​សុំ​ព្រះរាជ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​អ្នក​នយោបាយ​ជាប់​ពន្ធនាគារ។ លោក​អះអាង​ថា សមត្ថកិច្ច​បាន​គំរាម​កំហែង​រូប​លោក និង​សកម្មជន​ផ្សេង​ទៀត ថា​ប្រសិន​បើ​បន្ត​ផ្ដិត​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ទៀត នឹង​បញ្ជូន​ទៅ​តុលាការ៖ «បាទ! ប្រជាពលរដ្ឋ ​ផ្ដិត​មេដៃ​ដោយ​ស្ម័គ្រ​ចិត្ត​ខ្លួន​ឯង។ មន្ត្រី​នគរបាល​បាន​ដក​យក​ស្នាម​មេដៃ​ពី​ខ្ញុំ​អស់​ហើយ និង​បាន​គំរាម​ឲ្យ​ខ្ញុំ​បញ្ឈប់​ប្រមូល​ស្នាម​មេដៃ​បន្ត​ទៀត»
ឆ្លើយ​តប​នឹង​ការ​ចោទ​នេះ អធិការ​រង​នគរបាល​ស្រុក​សាលាក្រៅ លោក រី ដារា មាន​ប្រសាសន៍​ថា ការ​សាកសួរ​នេះ ធ្វើ​ឡើង​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ សុគន់ ហឿង ដែល​បាន​ប្ដឹង​ឲ្យ​ជួយ​អន្តរាគមន៍​អំពី​ការ​ផ្ដិត​ស្នាម​មេដៃ។ លោក​អះអាង​ថា ជំទប់​ទី​២ រូប​នោះ បាន​បញ្ចុះបញ្ចូល​បោកប្រាស់​ប្រជាពលរដ្ឋ​ឲ្យ​ផ្ដិត​ស្នាម​មេដៃ ដើម្បី​ស្នើសុំ​សាងសង់​ផ្លូវ​ថ្នល់​ក្នុង​មូលដ្ឋាន ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​មិន​យល់ ហើយ​ធ្វើ​តាម ប៉ុន្តែ​លោក​ថា ការ​ពិត​យក​ទៅ​ប្រើប្រាស់​ក្នុង​ករណី​ផ្សេង​ខុស​ពី​ការ​អះអាង​នោះ៖ «អត់​មាន​ទេ! យើង​ហៅ​មក​ធ្វើ​ការ​បំភ្លឺ​តាម​សាច់​រឿង​របស់​គាត់​តើ! យើង ​មាន​ដក​អត់​មាន​ដេញ​អី​ទេ នៅ​ក្នុង​នោះ​មាន​តំណាង​គណបក្ស​ប្រឆាំង​ថ្នាក់​ខេត្ត​មក​ដែរ។ យើង​ទៅ​ធ្វើ​គំរាម​កំហែង​គាត់​ចាប់​យើង​ដាក់​គុក​អស់​បាត់​ហើយ»
ទាក់ទង​នឹង​បញ្ហា​នេះ លោក សុគន់ ហឿង អះអាង​ថា រូប​លោក​ផ្ទាល់​ជា​អ្នក​ដើរ​ឲ្យ​ពលរដ្ឋ​ផ្ដិត​ស្នាម​នៅ​តាម​ភូមិ ទៅ​តាម​បញ្ជា​របស់​ជំទប់​ទី​២ ឃុំ​សាលាក្រៅ។ លោក​បញ្ជាក់​ថា ញត្តិ​ដែល​លោក​យក​ទៅ​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​នោះ មាន​សរសេរ​បញ្ជាក់​ច្បាស់លាស់ ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​អ្នក​នយោបាយ​ជាប់​ពន្ធនាគារ គឺ​ពុំ​មែន​យក​ទៅ​ប្រើ​ខុស​គោលដៅ​ដូច​អធិការ​រង​នគរបាល​ស្រុក​សាលាក្រៅ លើក​ឡើង​ឡើយ៖ «ប៉ូលិស ​មក​ដល់​សួរ​រក​ខ្ញុំ ហើយ​បាន​យក​ឯកសារ​ផ្ដិត​មេដៃ​ពី​ខ្ញុំ រួច​សាកសួរ​ធ្វើ​កំណត់​ពី​សកម្មភាព និង​ចោទ​ប្រកាន់​ខ្ញុំ​ថា បាន​ធ្វើ​ខុស​ច្បាប់»
អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​ជំទប់​ទី​២ គណបក្ស សម រង្ស៊ី ដោយសារ​លោក​អធិការ​រង​នគរបាល​ស្រុក​សាលាក្រៅ បំភ័យ​អ្នក​ស្រុក​ថា ការ​ផ្ដិត​ស្នាម​មេដៃ​ជា​រឿង​ខុស​ច្បាប់៖ «គាត់​របៀប​ធ្វើ​បែប​គំរាម​កំហែង​សកម្មជន ថា​ផ្ដិត​យក​ទៅ​ណា? និង ​ប្រាប់​ប្រជាពលរដ្ឋ​ណា​ចង់​ដក​ស្នាម​មេដៃ ឲ្យ​ដក​វិញ​ទៅ​ជាដើម។ ចំណែក​ស្នាម​មេដៃ សមត្ថកិច្ច​ដក​យក យើង​សុំ​មក​វិញ​គាត់​មិន​ឲ្យ​ទេ»
មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត ​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ផ្ដិត​ស្នាម​មេដៃ​សុំ​ព្រះរាជ​អន្តរាគមន៍​ព្រះមហាក្សត្រ​នេះ ពុំ​មាន​ទោស​កំហុស​ឡើយ។ លោក​ហៅ​ការ​រារាំង​ពី​សំណាក់​អធិការ​រង​នគរបាល​ស្រុក​សាលាក្រៅ គឺ​ជា​ការ​គំរាម​កំហែង បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ក្នុង​ន័យ​នយោបាយ៖ «តួនាទី ​របស់​សមត្ថកិច្ច គឺ​ស្វែងរក​បទល្មើស មិន​មែន​ទៅ​ញុះញង់​បង្ខំ​អ្នក​ណា​មួយ​ឲ្យ​ប្ដឹង ឬ​បង្កើត​បទល្មើស​ឡើយ។ អ៊ីចឹង​កាលណា​ឲ្យ​មនុស្ស​ម្នាក់​ទៅ​រយៈ ៣​ម៉ោង ៤​ម៉ោង មិន​ឲ្យ​គេ​ត្រឡប់​មក​ផ្ទះ​វិញ គឺ​ជា​ការ​ឃាត់​ខ្លួន ពីព្រោះ​អំឡុង​នោះ​ពួក​គេ​បាន​បាត់បង់​សិទ្ធិ​សេរីភាព»
រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​ណា​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។
សកម្មជន​គណបក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន ផ្ដើម​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦ ជា​បន្តបន្ទាប់។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ឲ្យ​ដឹង​ថា រយៈពេល​មួយ​សប្ដាហ៍ បញ្ជូន​ស្នាម​មេដៃ​ទៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នៅ​រាជធានី​ភ្នំពេញ​ម្ដង។ យុទ្ធនាការ​នេះ ធ្វើ​រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​អ្នក​នយោបាយ​ជាប់​គុក​ព្រៃ​ស។ ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ មួយ​នេះ ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​បាន​ជាង ២​ពាន់​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ចាប់​ពី ១៨​ឆ្នាំ​ឡើង​មាន​ចំនួន ៣៩.៥៤៥​នាក់៕
2016-06-20 ដោយ ហ៊ុំ ចំរើន

No comments:

Post a Comment