Sunday, June 19, 2016

រំជួលចិត្ត! David Beckham សុខចិត្តចំណាយពេល មកជួយក្មេងៗ ដែលជួបការលំបាក មិនទៅធ្វើជាគ្រូបង្វឹក ជម្រើសជាតិអង់គ្លេសទេ


បរទេស ៖ David Beckham ដែលជាអតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូប ឬអាចនិយាយបានថា ជាកីឡាករជើងចាស់ប្រចាំទស្សវត្សម្នាក់ បានឲ្យដឹងថា គាត់ចង់ជួយក្មេងៗ ដែលជួបប្រទះកាលំបាក  ជាជាងក្លាយជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។
Beckham ដែលជាអតីតកីឡាករឆ្នើម ធ្លាប់លេងឲ្យក្លិប Manchester United និង Real Madrid រូបនេះ បានបំពេញតួនាទីមួយយ៉ាងសំខាន់ ដល់អង្គការមូលនិធិកុមារ UNICEF ដែលស្ថិតនៅប្រទេស Swaziland ដែលជារដ្ឋអធិបតេយ្យមួយ នៅក្នុងតំបន់អាហ្រ្វិកខាងត្បូង ។

អំឡុងពេលគាត់នៅទីនោះ គាត់បានថ្លែងប្រាប់សារព័ត៌មាន Mirror របស់អង់គ្លេសទាំងរំជួលចិត្តថា «ខ្ញុំបានអង្គុយជាមួយក្មេងៗទាំងនោះ ដែលក្នុងចំនោមពួកគេ គ្មានពីណាម្នាក់ត្រូវបានណែនាំឲ្យយល់ដឹងពីបញ្ហា នៃមេរោគអេដស៍ទេ ស្របពេលតំបន់នោះសំបូរទៅដោយប្រជាជនដែលផ្ទុកមេរោគអេដស៍។ ច្បាស់ណាស់ពួកគេ ចាំបាច់ត្រូវតែមានការណែនាំ ពីវិធីការពារ ពីព្រោះក្មេងៗទាំងនោះមិនដែលទទួលបានការណែនាំពីឪពុកម្តាយរបស់ពួកគេទេ ហើយជម្ងឺអេដស៍នេះ គឺជាបញ្ហាប្រឈមដ៏សំខាន់បំផុតនៅក្នុងតំបន់» ។
គាត់បន្ត «ដូច្នេះហើយ ក្នុងនាមខ្ញុំជាឪពុកម្នាក់ដែរនោះ គឺខ្ញុំចាំបាច់ត្រូវតែប្រាប់ និងណែនាំទៅក្មេងៗទាំងនោះ ហើយនឹងព្យាយាមធ្វើវាឲ្យបានល្អ » ។
សូមបញ្ជាក់ផងដែរថា តាំងពី Beckham បានចូលនិវត្តន៍ពីវិស័យបាល់ទាត់អស់រយៈពេល ៣ឆ្នាំរួចមក គាត់បានចុះជួយការងារសង្គមជាច្រើន ជាមួយនឹងអង្គការ UNICEF ហើយបានក្លាយជាចំណង់ចំណូលចិត្តមួយរបស់គាត់ផងដែរ។
កាលពីថ្មីៗនេះដែរ គាត់បានទៅទស្សនកិច្ចនៅ Sierra Leone និងប្រទេសហ្វីលីពីន ផងដែរ ដោយគោលបំណងតែមួយគត់គឺ ជួយក្មេងៗនៅទីនោះ មិនថាបញ្ហាក្រីក្រ ឬបញ្ហាផ្សេងៗទេ ។ គាត់ក៏ធ្លាប់បានមកទស្សនកិច្ចនៅប្រទេសថៃ អាហ្រ្វិកខាងត្បូង និងប្រទេសកម្ពុជាយើងផងដែរ។
ទាក់ទងនឹងចំណង់ចំនូលចិត្តរបស់គាត់ ក្នុងការបំពេញការងារឲ្យអង្គការ UNICEF គាត់ត្រូវបានមហាជន ចោទជាសំណួរថា ហេតុអ្វីបានជា Beckham មិនទៅធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស? តែត្រូវរូបលោកឆ្លើយតបវិញ «នាពេលឥឡូវនេះ ចំណង់ចំនូលចិត្តខ្ញុំ គឺ UNICEF ដែលជាការជួយសង្គ្រោះក្មេងៗកំពុងប្រឈមនឹងបញ្ហា ហើយចំនែកឯគ្រូបង្វឹករបស់អង់គ្លេសនោះ គឺខ្ញុំគ្មានចំណូលចិត្តឡើយ» ។
គាត់បានបន្ថែមទៀតថា «ចំណង់ចំនូលចិត្តរបស់ខ្ញុំជាមួយក្មេងៗ គឺធំធេងណាស់ ពោលគឺតាំងពីខ្ញុំមិនទាន់មានកូនផ្ទាល់ខ្លួនរបស់ខ្ញុំមកម្ល៉េះ ហើយខ្ញុំតែងតែខ្វល់អំពីអនាគររបស់ពួកគេ៕
ប្រភព ៖ Mirror
ខ្មែរឡូត

No comments:

Post a Comment