Tuesday, July 26, 2016

មន្ត្រី​រដ្ឋាភិបាល​ថា​មិន​មាន​ការ​ណែនាំ​ទូរទស្សន៍​មិន​ឲ្យ​ផ្សាយ​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី

ផៃ ស៊ីផាន ២០១៦ ៨៥៥
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
មន្ត្រី​រដ្ឋាភិបាល បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា រដ្ឋាភិបាល​បាន​ចេញ​បញ្ជា​មិន​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​ផ្សាយ​អំពី​ ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី។ ការ​បដិសេធ​នេះ បន្ទាប់​ពី​មាន​សារ​ទូរស័ព្ទ​ដៃ​បែក​ធ្លាយ ដែល​ផ្ញើ​ទៅ​អ្នក​សារព័ត៌មាន​ដោយ​សរសេរ​បទបញ្ជា​ថា មិន​ឲ្យ​ផ្សាយ​ពី​រឿង​ឃាតកម្ម​ចាប់​ពី​ពេល​នេះ​ត​ទៅ។
ថ្វីត្បិតតែ​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ប្រព្រឹត្ត​ទៅ​យ៉ាង​កក្រើក​ប្រទេស​កម្ពុជា រហូត​ផ្អើល​ដល់​ស្ថាប័ន​សារព័ត៌មាន​បរទេស​តាម​ប្រមាញ់​ផ្សព្វផ្សាយ​ ព្រឹត្តិការណ៍​ដ៏​ធំ​គ្មាន​ពីរ​នេះ​ក្តី ប៉ុន្តែ​គេ​សង្កេត​
ឃើញ​ថា ស្ថាប័ន​ទូរទស្សន៍​ក្នុង​ស្រុក​ហាក់​មិន​បាន​ចាប់​អារម្មណ៍​ផ្សព្វផ្សាយ​ ព្រឹត្តិការណ៍​នេះ​ឡើយ។
ទន្ទឹម​នឹង​ការ​មិន​ផ្សព្វផ្សាយ​នេះ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន ​ផ្សាយ​ថា អ្នក​សារព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍​ទទួល​បញ្ជា​ពី​មន្ត្រី​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​រាយការណ៍​អំពី​ឃាតកម្ម។ កាសែត​នេះ បាន​ស្រង់​យក​សារ​ហ្វេសប៊ុក (Facebook) ដែល​គេ​ ជឿ​ថា​ផ្ញើ​ដោយ​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា “សូម​ឯកឧត្តម និង​អស់​លោក​តាម​គ្រប់​ស្ថានីយ​ទូរទស្សន៍​រដ្ឋ និង​ឯកជន សហការ​អនុវត្ត​នូវ​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​បំផុត​នេះ”។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ដោយ​លោក​បាន​ផ្តាច់​ទូរស័ព្ទ​មិន​និយាយ។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ឆ្លើយ​ថា រដ្ឋាភិបាល​មិន​ចេញ​បញ្ជា​ណា​មួយ​ឲ្យ​ស្ថានីយ​ទូរទស្សន៍ កុំ​ផ្សាយ​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី ឡើយ៖ «វា ​ជា​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​វិទ្យុ ឬ​ស្ថានីយ​ទូរទស្សន៍ វា​មិន​មាន​ពាក់ព័ន្ធ​នឹង​អំណាច​រដ្ឋ​ទៅ​បង្គាប់​បញ្ជា​ទេ។ យើង​ដឹង​ហើយ ទូរទស្សន៍​គេ​មាន​សេរីភាព​របស់​គេ»
ចំពោះ​បម្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​រូបភាព​គ្រោះថ្នាក់ និង​ឃាតកម្ម​នោះ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​ណែនាំ​ជា​យូរ​មក​ហើយ ព្រោះ​ការ​បង្ហាញ​រូបភាព​ជន​រងគ្រោះ និង​រូបភាព​អាក្រក់​នោះ វា​មិន​ល្អ​សម្រាប់​សង្គម​ខ្មែរ​ដែល​ហាក់​ដូចជា​បង្ហាញ​ថា សង្គម​ខ្មែរ​ប្រឡាក់​ទៅ​ដោយ​ឈាម​គ្រប់​ជ្រុង​ទាំងអស់។
អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង មាន​ប្រសាសន៍​ថា បម្រាម​នៃ​ការ​ផ្សព្វផ្សាយ​រូបភាព​គ្រោះថ្នាក់ និង​ឃាតកម្ម​នេះ ត្រូវ​បាន​ក្រសួង​ផ្សព្វផ្សាយ​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន។ ដោយឡែក​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី នេះ ក្រសួង​មិន​បាន​ចេញ​បម្រាម​អ្វី​នោះ​ទេ៖ «ការ​ដែល​ ជជែក​គ្នា​នោះ គឺ​និយាយ​ពី​ក្រម​សីលធម៌​សារព័ត៌មាន នៅ​ពេល​ដែល​ផ្សាយ​រូបភាព​បាក់​ដៃ​បាក់​ជើង យើង​មិន​ចង់​ឃើញ​ហូរ​ឈាម​អី​អ៊ីចឹង​ទេ ហើយ​ពាក់ព័ន្ធ​ហែ​សព គឺ​អត់​មាន​ណែនាំ​អី​ទេ»
ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ដោយ​មាន​អ្នក​ចូលរួម​ហែ​ក្បួន​ប្រមាណ ២​លាន​នាក់។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ចាក់​ផ្សាយ​យ៉ាង​ព្រោងព្រាត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មួយ​ចំនួន។
នាយក​គ្រប់គ្រង​ព័ត៌មាន​ទូរទស្សន៍ CTN និង CNC លោក ហ៊ុយ វណ្ណៈ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​បទបញ្ជា​នេះ​ទេ ប៉ុន្តែ​ការ​មិន​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ដង្ហែ​សព​បណ្ឌិត កែម ឡី គឺ​ជា​សេចក្តី​សម្រេច​របស់​ស្ថានីយ​ទូរទស្សន៍ ព្រោះ​ស្ថាប័ន​របស់​លោក គឺ​ជា​ស្ថាប័ន​រក​ប្រាក់​ចំណូល​ដោយ​ខ្លួន​ឯង មិន​ពឹង​រដ្ឋ ឬ​ជំនួយ​ក្រៅ​ប្រទេស។ ដូច្នេះ ស្ថាប័ន​លោក​មាន​សិទ្ធិ​រៀបចំ​មាតិកា និង​ខ្លឹមសារ​ដើម្បី​បម្រើ​ទស្សនិកជន និង​ផ្សាយ​ទៅ​តាម​គោលដៅ​ទីផ្សារ​របស់​ខ្លួន៖ «នេះ គឺ​ជា​សម្រេច​របស់​ស្ថានីយ ព្រោះ​ស្ថានីយ​ទាំង​វិទ្យុ ក៏ដូចជា​ទូរទស្សន៍ ដូចជា​វិទ្យុ​អាស៊ីសេរី មាន​គោលការណ៍​ផ្សព្វផ្សាយ​ទៅ​តាម​គោលការណ៍​របស់​ស្ថាប័ន​រៀង​ខ្លួន។ អាស៊ីសេរី ចូល​ចិត្ត​ផ្សាយ​តែ​រឿង​អវិជ្ជមាន​សង្គម ចំណែក​វិទ្យុ​ដែល​ទទួល​ថវិកា​តាម​រយៈ​មហាជន មិន​មែន​តាម​រយៈ​រដ្ឋ គេ​ត្រូវ​ផ្សាយ​អ្វី​ដែល​រៀបចំ​យុទ្ធសាស្ត្រ​ដែល​ជា​ការ​ត្រូវ​ការ​របស់​ ទូរទស្សន៍ និង​ទស្សនិកជន»
ចំពោះ​បទបញ្ជា​មិន​ឲ្យ​ផ្សាយ​រឿង​ឃាតកម្ម​នេះ លោក​គាំទ្រ ពីព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ប្រសើរ​ឡើង។ លោក​ថា ការ​ផ្សាយ និង​ការ​បោះពុម្ព​ផ្សាយ​រឿង​ឃាតកម្ម គឺ​ដូចជា​ការ​សម្លាប់​ជន​រងគ្រោះ​ពីរ​ដង។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អគ្គនាយក​ទូរទស្សន៍ ភី.អិន.អិន (PNN) លោក សោម ឆាយា បាន​ទេ ដោយសារ​លោក​ជាប់​រវល់។
នាយក​វិទ្យាស្ថាន​សិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា លោក មឿន ឈានណារិទ្ធ មាន​ប្រសាសន៍​ថា ការ​មិន​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដង្ហែ​សព​បណ្ឌិត កែម ឡី នេះ គឺ​មិន​មែន​ជា​កំហុស​របស់​ស្ថាប័ន​សារព័ត៌មាន​នោះ​ឡើយ ប៉ុន្តែ​ផល​ប៉ះពាល់​នោះ គឺ​ស្ថានីយ​ទូរទស្សន៍​ទាំង​នេះ​នឹង​បាត់បង់​ការ​គាំទ្រ​ពី​សាធារណជន៖ «វា ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ទូរទស្សន៍​ក្នុង​ស្រុក​យើង​មិន​ផ្សាយ ប៉ុន្តែ​ក្នុង​ករណី​នេះ បើ​តាម​ខ្ញុំ​ដឹង ទូរទស្សន៍​បាន​ទទួល​ការ​ណែនាំ​ពី​រដ្ឋាភិបាល សុំ​មិន​ឲ្យ​ផ្សាយ​រូបភាព​ទាក់ទង​នឹង​សាកសព​អ៊ីចឹង ជា​ការ​ពិបាក​ដែរ វា​ខុស​ពី​អង្គភាព​សារព័ត៌មាន​ដទៃ​ទៀត ដូចជា​វិទ្យុ ឬ​ក៏​កាសែត​អ៊ីចឹង គឺ​អាច​មាន​ការ​ភ័យ​ខ្លាច​ថា បើ​ផ្សាយ​ទៅ ចុះ​បើ​គេ​ដក​អាជ្ញាប័ណ្ណ​វា​យ៉ាង​ម៉េច? វា​ជា​ជម្រើស​មួយ​ពិបាក​ដែរ ព្រោះ​ផ្សាយ​ក៏​ខុស មិន​ផ្សាយ​ក៏​ខុស»
លោក មឿន ឈានណារិទ្ធ យល់​ថា ប្រសិន​បើ​សារព័ត៌មាន​ពិត​ជា​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​ទាំង​ស្រុង​នោះ ប្រាកដ​ជា​ផ្សាយ​នូវ​ព្រឹត្តិការណ៍​ដែល​មហាជន​ចង់​ដឹង​ចង់​ឮ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ សម្រាប់​បរិបទ​កម្ពុជា ដូច្នេះ លោក​ថា​ពិបាក​បន្ទោស​ដល់​សារព័ត៌មាន​ទាំង​នោះ​ណាស់៕
2016-07-25 ដោយ ថា កិត្យា

No comments:

Post a Comment