ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងទិវាខួបបក្សលើកទី៤ នាទីស្នាក់ការគណបក្សនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។ RFA/Leng Maly |
ស្ដាប់ ឬ ទាញយកសំឡេង៖ សម្លេង
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រកាសតាមបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី២៤ កក្កដា ថា លោកចងចាំជានិច្ចនូវពាក្យពេចន៍ និងយោបល់របស់លោកបណ្ឌិត កែម ឡី ដែលផ្តល់ឲ្យលោកកាលពីពេលកន្លងទៅ ទាក់ទងនឹងការរៀបចំសង្គម និងប្រទេសជាតិ ជាពិសេសគឺកម្មវិធីនយោបាយមូលដ្ឋាន ឬហៅថាវិមជ្ឈការអំណាច។
លោក កឹម សុខា ដែលកំពុងឃុំខ្លួនឯងនៅទីស្នាក់ការបក្សនៅខណ្ឌមានជ័យ បានបង្ហោះរូបភាព និងវីដេអូថ្មីៗជាច្រើនអំពីពិធីដង្ហែសពរបស់លោកបណ្ឌិត កែម ឡី ទៅកាន់ស្រុកកំណើតរបស់លោកនៅខេត្តតាកែវ។
លោកសន្យាថា នឹងយកគំនិតយោបល់ល្អៗរបស់លោកបណ្ឌិត កែម ឡី ទៅរៀបចំសង្គម និងដឹកនាំប្រទេស ដើម្បីជួយប្រជាពលរដ្ឋស្របតាមបំណងរបស់លោកបណ្ឌិត កែម ឡី នៅពេលដែលលោកមានឱកាសដឹកនាំប្រទេស។
ដោយឡែកប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន វិញ មិនបានបង្ហាញចំណាប់អារម្មណ៍អ្វីឡើយចំពោះពិធីនោះ បើទុកណាជាមានប្រជាពលរដ្ឋកកកុញដង្ហែសពរបស់លោកបណ្ឌិត កែម ឡី ក៏ដោយ។
នៅលើទំព័រហ្វេសប៊ុករបស់លោក មានបង្ហោះព្រឹត្តិបត្រព័ត៌មាន និងព្យាករកម្ពស់ទឹកជំនន់សម្រាប់ថ្ងៃទី២៤ កក្កដា និងវីដេអូទាក់ទងនឹងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះរូបភាពជាច្រើនសន្លឹកអំពីចៅៗរបស់លោក និងបញ្ជាក់ថា លោកនឹងទទួលបានចៅបន្ថែមទៀតនៅពេលខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា ការមិនបង្ហោះសាររំលែកទុក្ខ ឬរូបភាពទាក់ទងនឹងពិធីដង្ហែសពលោកបណ្ឌិត កែម ឡី មិនមែនមានន័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអើពើចំពោះកម្មវិធីនោះទេ ប៉ុន្តែដោយសារវាចំពេលដែលលោក ហ៊ុន សែន កំពុងមមាញឹកចុះជួបពលរដ្ឋនៅមូលដ្ឋាន។
លោក សុខ ឥសាន បន្តថា បើទោះជាមិនមានវត្តមានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ទៅចូលរួមពិធីដង្ហែសពលោកបណ្ឌិត កែម ឡី ក្តី ប៉ុន្តែគណបក្សចាត់ក្រុមការងារខេត្តតាកែវ ឲ្យទៅចូលរួមហើយ។ លោកបន្តទៀតថា គណបក្សប្រជាជនកម្ពុជា មានការសោកស្ដាយចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ដែលជាបញ្ញវន្តឆ្នើមមួយរូប ហើយដែលគណបក្សរបស់លោកធ្លាប់ទទួលយកអនុសាសន៍មួយចំនួនទៅបញ្ចូល ក្នុងកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួន៖ «យើង នឹងខិតខំដើម្បីជំរុញសមត្ថកិច្ចឲ្យស្រាវជ្រាវ និងវែកមុខជនប្រព្រឹត្តិបទល្មើស។ ទន្ទឹមនឹងនេះ យើងក៏សូមជូនពរដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតឲ្យទៅកាន់សុគតិភព»។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលចូលរួមក្នុងពិធីដង្ហែសពលោកបណ្ឌិត កែម ឡី វិញ កត់សម្គាល់ថា សកម្មភាពរបស់ពលរដ្ឋក្នុងពិធីបុណ្យសពលោកបណ្ឌិត កែម ឡី តាំងពីពេលតម្កល់ រហូតដល់ថ្ងៃដង្ហែ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋមិនមានការភ័យតក់ស្លុតចំពោះទង្វើឃោរឃៅបែបនេះឡើយ ហើយផ្ទុយទៅវិញ វាជាការលើកទឹកចិត្តដល់អ្នកស្រាវជ្រាវ និងវិភាគដទៃទៀត ឲ្យហ៊ាននិយាយការពិតដូចលោក កែម ឡី ទើបទទួលបានការគាំទ្រពីពលរដ្ឋ។
លោក អេង ឆៃអ៊ាង បន្ថែមទៀតថា លោកមានការសោកស្ដាយ និងសោកសង្រេងជាខ្លាំងចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ហើយលោកជំរុញឲ្យសមត្ថកិច្ចស្វែងរកការពិតជុំវិញករណីឃាតកម្មនេះ ដើម្បីជម្រះមន្ទិលសង្ស័យរបស់ពលរដ្ឋខ្មែរ និងសហគមន៍អន្តជាតិ៖ «យើង សូមឲ្យសមត្ថកិច្ចត្រូវតែស៊ើបអង្កេតឲ្យបានពេញលេញ ជាពិសេសឲ្យមានការចូលរួមពីអ្នកជំនាញដែលមានឯកទេស និងឯករាជ្យ ដើម្បីលាតត្រដាងការពិតនេះ។ បើសិនជាការស៊ើបអង្កេតមិនមានតម្លាភាព មិនច្បាស់លាស់ ដូច្នេះអ្វីដែលប្រជាពលរដ្ឋ និងអ្នកនយោបាយសន្និដ្ឋាននោះ អាចជាការពិត»។
សពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានក្រុមគ្រួសារដង្ហែទៅកាន់ស្រុកកំណើតរបស់លោក ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីតម្កល់នៅវត្តពោធិយារាម ហៅវត្តចាស់ អស់រយៈពេល ២សប្ដាហ៍។ ទាំងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ទាំងគណៈកម្មការរៀបចំបុណ្យសព បានអះអាងថា ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីប្រមាណ ២លាននាក់ មកពីទីក្រុង និងទីជនបទ បាននាំគ្នាចូលរួមពិធីដង្ហែសពរបស់លោកជាមួយនឹងទឹកចិត្ត ខ្សឹកខ្សួល អួលអាក់ ស្ដាយបញ្ញវន្តខ្មែរដ៏ឆ្នើមរូបនេះ ហើយក្រៅពីនេះ ពួកគេនឹងបន្តតាមដានដំណើរការរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារ៕
2016-07-24 ដោយ យ៉ង ចាន់តារា
No comments:
Post a Comment