Tuesday, July 26, 2016

កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក សង់​អស់​១៣​ពាន់​លាន​ដុល្លារ តែ​អសមត្ថភាព​ការពារ​ខ្លួន

នាវា​ដឹក​យន្តហោះ​ចម្បាំង USS Gerald R. Ford (CVN-78) របស់​អាមេរិក ដែល​ជា​ប្រភេទ​នាវា​ថ្មី​បំផុត ទើប​នឹង​បង្កើត​ឡើង​ក្នុង​សតវត្ស​ទី​២១​នេះ កំពុង​តែ​ជួប​បញ្ហា​បច្ចេកទេស ខណៈ​ដែល​វា​ត្រូវ​បាន​ពន្យារ​ពេល ដើម្បី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ អស់​រយៈ​ពេល​២​​ឆ្នាំ​រួច​មក​ហើយ ទាំង​ដែល​ថ្លៃ​ចំណាយ​ក្នុង​ការ​សង់​នាវា​ដ៏​មហិមា​នេះ មាន​សរុប​១៣​ពាន់​លាន​ដុល្លារ​អាមេរិក ។
USS Gerald R. Ford ត្រូវ​គេ​រំពឹង​ទុក​ថា អាច​ដាក់​ឲ្យ​បម្រើ​ការ​នា​ខែ​កញ្ញា ឆ្នាំ​២០១៤​បាន តែ​ដោយសារ​មាន​បញ្ហា​បច្ចេកទេស​ខ្លះ ធ្វើ​ឲ្យ​ក្រុម​អ្នក​សាកល្បង​អាវុធ​ថ្មី​នៃ​មន្ទីរ​បញ្ចកោណ​បញ្ជាក់​ថា នាវាចម្បាំង​ថ្មី​នេះ មិន​ទាន់​មាន​សមត្ថភាព​ការពារ​ខ្លួន​នៅ​ឡើយ​ទេ ដោយ​កង្វះ​បច្ចេកទេស​នៅ​មាន​៤​ចំណុច​ធំ​ៗ ។
កំពូល​នាវា​ចម្បាំង​ដែល​ថ្លៃ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ជួប​ប្រទះ​បញ្ហា​ដូចជា ការ​បញ្ចេញ និង​ទទួល​យន្តហោះ​ចម្បាំង ការ​បម្លាស់ទី​អាវុធ​លើ​នាវា ការ​គ្រប់គ្រង​ដែន​អាកាស និង​អសមត្ថភាព​ក្នុង​ការ​ការពារ​ខ្លួន ដោយ​លោក Michael Gilmore ជា​ប្រធាន​នាយកដ្ឋាន​នៃ​ការ​ធ្វើតេស្ត និង​វាយតម្លៃ​ប្រតិបត្តិការ​របស់​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​ថា "លុះ​ត្រា​តែ​បញ្ហា​ទាំង​នេះ​ត្រូវ​បាន​ដោះស្រាយ បើ​មិន​ដូច្នោះ​ទេ វា​នឹង​កម្រិត​សមត្ថភាព​ប្រយុទ្ធ​របស់​នាវា​ CVN-78"
មក​ទល់​ពេល​នេះ​ ដំណើរ​ការ​សាងសង់​នៃ​នាវា USS Gerald R. Ford ប្រព្រឹត្ត​ទៅ​បាន​៩៨​% និង​សាកល្បង​កម្មវិធី​ជា​ច្រើន​សម្រេច​បាន​៨៨​%​ហើយ ដោយ​គេ​រំពឹង​ថា វា​អាច​នឹង​ចូល​បម្រើ​កងទ័ព​នា​ឆ្នាំ​២០១៧​បាន ដោយ​នាវា​ចម្បាំង​ថ្មី​នេះ ជា​នាវាចម្បាំង​ដែល​បាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត និង​ជា​ប្រភេទ​នាវា​ថ្មី​បំផុត សម្រាប់​ពិភពលោក​ទាំង​មូល ។
នាវាចម្បាំង​បន្ទាប់​ដែល​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​នៅ​ឡើយ​នោះ គឺ​នាវា USS John F. Kennedy (CVN 79) ដែល​ទើប​តែ​សម្រេច​បាន​១៨​%​ប៉ុណ្ណោះ គិត​ត្រឹម​ខែ​មីនា​នេះ តែ​គេ​គ្រោង​នឹង​ដាក់​ឲ្យ​បម្រើ​ការ​នៅ​ឆ្នាំ​២០២០ ចំណែក​ឯ​នាវា USS Enterprise (CVN 80) នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០១៨ ជា​នាវា​ប្រភេទ Ford-class carrier ទី​៣ ។
គួរ​បញ្ជាក់​ថា កងទ័ព​ជើង​ទឹក​អាមេរិក បាន​ត្រៀម​កញ្ចប់​ថវិកា​ចំនួន​៨១.៣​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​នាវាចម្បាំង​ថ្មី​៣៨​គ្រឿង ក្នុង​បំណង​ជំនួស​នាវាមុជទឹក​បាញ់​មីស៊ីល​អន្តរទ្វីប​មួយ​គ្រឿង នាវាមុជទឹក​កម្រិត Virginia-class ៩​គ្រឿង នាវាពិឃាត​១០​គ្រឿង និង​នាវា​តូចៗ​ផ្សេង​ទៀត ។
សូម​បញ្ជាក់​ថា USS Gerald R. Ford មាន​ប្រវែង​៣៣២​ម៉ែត្រ និង​ទម្ងន់​១០​ម៉ឺន​តោន ជា​នាវា​ចម្បាំង​ធំ​បំផុត​ក្នុង​លោក ហើយ​ដើរ​ដោយ​រ៉េអាក់ទ័រ​ថាមពល​នុយក្លេអ៊ែរ​២​គ្រាប់ ប្រើ​ខ្សែ​ភ្លើង​ដល់​ទៅ​១០​លាន​ខ្សែ ដោយ​វា​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​៤៥៣៩​នាក់ និង​យន្តហោះ​ចម្បាំង​៧៥​គ្រឿង ៕ (CNN)




ផ្ដល់សិទ្ធិដោយ៖KQUBE
ប្រភព៖ KNN

No comments:

Post a Comment